ប្រទេសបារាំង ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស និងរិះគ.ន់ខ្លាំងៗចំពោះការដំឡើងពន្ធទំនិញបារាំងក្នុងអត្រាខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយសារបារាំងប្រឆាំងការកាន់កាប់កោះហ្គ្រីនឡែន និងមិនចូលជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដោយលោកថា មិនបារម្ភការបំភិតភ័យឡើយ និងត្រៀមការពារផលប្រយោជន៍ជាតិ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ។

លោកប្រធានាធិបតី Macron បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ប្រទេសបារាំងមិនគួររងការគំរាមកំហែងណាមួយ និងចាំបាច់ត្រូវការពារផលប្រយោជន៍ជាតិរបស់ខ្លួន ដោយមិនប្រើប្រាស់ពាក្យសម្តីធ្ងន់ៗ ។ លោកថែមទាំងថ្កោលទោសការគំរាមកំហែងពាណិជ្ជកម្មពីអាមេរិកថា ពុំអាចទទួលយកបានឡើយ ។
ក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស លោក Macron និយាយថា បណ្តាប្រទេសនៅតំបន់អឺរ៉ុបនឹងមិនចុះចាញ់ការសំឡុត ឬរងសម្ពាធអ្វីទាំងអស់ ។ ពាក្យសម្តីរបស់លោកត្រូវបានគេចាត់ទុកជាការរិះគន់លោកប្រធានាធិបតី Trump ដែលបានប្រកាសដំឡើងពន្ធទំនិញបារាំងក្នុងអត្រាខ្ពស់ ប្រសិនបើប្រឆាំងនឹងអាមេរិកកាន់កាប់កោះហ្គ្រីនឡែន ។.png)
តាមការលើកឡើងរបស់ប្រធានាធិបតីបារាំង កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប៉ះពាល់ផលប្រយោជន៍នាំចេញទំនិញ គឺមានគោលដៅធ្វើឱ្យតំបន់អឺរ៉ុបអន់ខ្សោយ និងធ្លាក់ក្រោមឥទ្ធិពលរបស់អាមេរិក ។ ស្ថានការណ៍ផ្សេងៗកាន់តែតានតឹងពេលអាមេរិកយកការដំឡើងពន្ធទំនិញមកដាក់សម្ពាធឱ្យប្រទេសនានាគាំទ្រការកាន់កាប់កោះហ្គ្រីនឡែន ខណៈបារាំង និងបណ្តាប្រទេសអឺរ៉ុបប្រកាន់គោលជំហររក្សាអធិបតេយ្យ និងឯករាជ្យ ព្រមទាំងប្តេជ្ញាចិត្តសហការគ្នាបន្តទៀត ។ នេះជាមូលហេតុសំខាន់ដែលបារាំងសម្រេចចិត្តបញ្ជូនកងទ័ពទៅហ្វឹកហាត់នៅកោះហ្គ្រីនឡែន ដើម្បីគាំទ្រដាណឺម៉ាកជាសម្ព័ន្ធមិត្តអឺរ៉ុប ។

ក្រៅពីនេះ ប្រធានាធិបតីបារាំងបានអំពាវនាវឱ្យសហភាពអឺរ៉ុបចាត់វិធានការប្រឆាំងនឹងការបង្ខិតបង្ខំ (ឬវិធានការ ACI) ជាលើកដំបូង ដែលការបង្កើតវិធានការសម្រាប់ប្រើប្រាស់ជាមួយចិន ប៉ុន្តែពេលនេះ សហភាពអឺរ៉ុបចាំបាច់ត្រូវតែអនុវត្តវិធានការនេះជាមួយអាមេរិក ។ 
លោក Macron មិនស្នាក់នៅទីក្រុង Davos រហូតដល់ថ្ងៃទី២១ ខែមករា ទេ ពីព្រោះលោកមិនចង់ប្រឈមមុខជាមួយលោកប្រធានាធិបតី Trump ដែលមានគម្រោងធ្វើដំណើរមកទីក្រុង Davos នៅថ្ងៃទី២១ ខែមករា ។ លោកប្រធានាធិបតី Trump នឹងចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមករា ដើម្បីនិយាយពីស្ថានការណ៍ពិភពលោក ។
គួរបញ្ជាក់ថា ថ្មីៗនេះ លោកប្រធានាធិបតី Trump ថែមទាំងប្រកាសដាក់ពន្ធលើស្រា Wine និងស្រាសាំប៉ាញនាំចូលពីប្រទេសបារាំងក្នុងអត្រាខ្ពស់រហូតដល់២០០% ដើម្បីបង្ខំឱ្ប្រធានាធិបតីបារាំងយល់ព្រមចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបង្កើតឡើងដោយលោក Trump ដើម្បីដោះស្រាយបញ្ហាជម្លោះនៅទូទាំងពិភពលោក ។ ប៉ុន្តែលោក Macron មិនចាប់អារម្មណ៍ចូលរួមក្នុងក្រុមប្រឹក្សានេះទេ ៕










