សេដ្ឋីនីចិត្តធម៌ Sophea Böttcher បានបង្ហាញថាអ្នកមួយចំនួនបានផ្ញើសារជាច្រើនទៅកាន់ស្វាមីរបស់ខ្លួនក្នុងការសុំជំនួយដោយលោកស្រីបញ្ជាក់ថាខ្លួនគឺជាអ្នកកាន់គណនេយ្យ និងគ្រប់គ្រងការបរិច្ចាគ។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះថែមទាំងស្នើសុំតាមរយៈកុងធនាគារទៀតដែលប៉ះពាល់ដល់ជីវិតឯកជននិងជារឿងរំខានខ្លាំងហើយមិនសមរម្យឡើយ។

នៅយប់ថ្ងៃទី២០ មករា សេដ្ឋីនីចិត្តធម៌ Sophea Böttcher បានបង្ហោះវីដេអូមួយនិយាយអំពីអ្នកមួយចំនួនបានផ្ញើសារសុំជំនួយរាប់មិនអស់មកកាន់ស្វាមីរបស់ខ្លួន។ លោកស្រីបានភ្ជាប់មកជាមួយនឹងសំណេរថា «សូមបងប្អូនទាំងអស់ដែលផ្ញើសារទៅស្វាមីខ្ញុំ ដើម្បីសុំជំនួយ សូមមេត្តាជ្រាបថា គាត់មិនមានពេលឆ្លើយតបទេហើយក៏មិនយល់ភាសាខ្មែរដែរ ការងារគាត់ មិនមែនសម្រាប់ទទួលសារ ឬផ្ញើលុយជំនួយទេ។ អ្នកណាចង់សុំជំនួយ សូមផ្ញើមកខ្ញុំដោយផ្ទាល់ ខ្ញុំជាអ្នកកាន់គណនេយ្យ និងគ្រប់គ្រងការបរិច្ចាគទាំងអស់។ ហើយសូមជម្រាបជាពិសេស ក្មេងស្រីៗស្អាតៗ មិនបាច់ផ្ញើសារទៅគាត់ទេព្រោះ Facebook គាត់ខ្ញុំជាអ្នកកាន់!សូមអរគុណសម្រាប់ការយល់ដឹង»។
ការបង្ហោះនេះបានធ្វើឱ្យទស្សនិកជនសម្តែងការហួសចិត្តយ៉ាងខ្លាំងខណៈនៅក្នុងផ្នែកបញ្ចេញមតិយោបល់វិញគេបានឃើញថាអ្នកមួយចំនួនទទូចសុំលុយពីលោកស្រី Sophea Böttcher ដោយមិនក្រែងចិត្ត។ អ្វីដែលកាន់ហួសចិត្តថែមទៀតមិនត្រឹមតែផ្ញើសារសុំជំនួយតាមបណ្តាញសង្គមប៉ុណ្ណោះមានបុគ្គលខ្លះថែមទាំងបានផ្ញើសារសុំជំនួយតាមរយៈកុងធនាគារទៀតដែលធ្វើឱ្យប៉ះពាល់ជីវិតឯកជនរបស់លោកស្រីយ៉ាងខ្លាំង។

លោកស្រី បានបង្ហោះសំណេរទៀតថា «ខ្ញុំសូមអភ័យទោសជាមុន និងសូមជម្រាបជូនជាផ្លូវការថា ចាប់ពីពេលនេះតទៅ អ្នកណាដែលផ្ញើសារ ស្នើសុំប្រាក់ ឬព្យាយាមទាក់ទងខ្ញុំតាមរយៈ គណនីធនាគារផ្ទាល់ខ្លួន របស់ខ្ញុំ នឹង មិនទទួលបានការឆ្លើយតប ការឧបត្ថម្ភ ឬការផ្តល់អំណោយណាមួយពីខ្ញុំទៀតឡើយ។ ខ្ញុំបានជូនដំណឹងជាច្បាស់រួចហើយពីមុនថា ខ្ញុំ មិនទទួលសារ មិនទទួលសំណើ និងមិនអនុញ្ញាតឱ្យប្រើគណនីធនាគារផ្ទាល់ខ្លួនរបស់ខ្ញុំ សម្រាប់ការស្នើសុំ ឬការទាក់ទងអំពីការបរិច្ចាគ ទេ។ ដូច្នេះ ខ្ញុំបានបិទ និងលុបជម្រើសទាំងអស់ដែលពាក់ព័ន្ធនឹងការទាក់ទងតាមវិធីនេះ។ 
ចាប់ពីពេលនេះតទៅ ប្រសិនបើនៅមានអ្នកបន្តផ្ញើសារ ឬស្នើសុំតាមគណនីធនាគាររបស់ខ្ញុំ ខ្ញុំនឹងកត់ត្រាឈ្មោះទុកជាឯកសារ ហើយរាល់សារទាំងនោះ នឹងត្រូវចាត់ទុកថា មិនមានការទទួលស្គាល់ និងមិនមានការឆ្លើយតបពីខ្ញុំឡើយ។ បងប្អូនមានពេលវេលា និងឱកាសគ្រប់គ្រាន់ក្នុងការទាក់ទងតាមរយៈ Facebook ទាំងពីរគណនីរបស់ខ្ញុំ ឬតាម ក្រុម (Group) ដែលខ្ញុំធ្វើការជាមួយ ដែលត្រូវបានរៀបចំឡើងសម្រាប់ការទំនាក់ទំនង និងការជួយគ្នាតាមរបៀបត្រឹមត្រូវ និងមានការគ្រប់គ្រង។ សូមមេត្តាគោរពការសម្រេចចិត្ត ភាពឯកជន និងគណនីផ្ទាល់ខ្លួនរបស់ខ្ញុំ។ សូមកុំផ្ញើសារ ឬទាក់ទងមកខ្ញុំតាមរយៈគណនីធនាគារផ្ទាល់ខ្លួននេះទៀត»។

លោកស្រី Sophea Böttcher បានបញ្ជាក់ទៀតថា «ប្រសិនបើគាត់មានភាពលំបាកពិតប្រាកដ នាងខ្ញុំព្រមជួយតាមសទ្ធាជ្រះថ្លា ដូចដែលបានជួយអ្នកដទៃដែរ ដោយចិត្តពេញបេះដូង និងសេចក្តីស្រឡាញ់មិនថាជាវីរបុរសកងទ័ព ជនពិការចាស់ជរា ឬក្មេងកំព្រាក្តី។
ការជួយទាំងអស់ នាងខ្ញុំនឹងធ្វើ តែតាមរយៈគណនី (account) របស់នាងខ្ញុំ និងតាមក្រុមការងាររបស់នាងខ្ញុំប៉ុណ្ណោះ ដើម្បីឲ្យមានការគ្រប់គ្រងត្រឹមត្រូវ និងមានសុចរិតភាព។
ប៉ុន្តែ ប្រសិនបើមានការទាក់ទង ឬស្នើសុំដោយផ្ទាល់ទៅកាន់គណនីធនាគាររបស់នាងខ្ញុំ វាជារឿងរំខានខ្លាំង ហើយមិនសមរម្យឡើយ។ ក្នុងករណីបែបនេះ នាងខ្ញុំមិនអាចផ្តល់ជំនួយឱ្យបានទេ។សូមមេត្តាយល់ដឹង និងគោរពវិធីសាស្ត្រនៃការជួយរបស់នាងខ្ញុំ»៕










