ប្រទេសថៃ ៖ កើតហេតុមិនឈប់ឈរនៅកន្លែងដដែល! កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្រោមស្ពានព្រះរ៉ាម២ ខេត្តសមុទ្រសាខន ប្រទេសថៃ ត្រង់កន្លែងតែមួយដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា កន្លងមក ។ ការសន្និដ្ឋានផ្សេងៗគ្នាត្រូវបានលើកឡើងពីមូលហេតុអគ្គិភ័យ រីឯមូលហេតុពិតប្រាកដរង់ចាំសមត្ថកិច្ចត្រួតពិនិត្យនៅទីតាំងកើតហេតុយ៉ាងលម្អិត ។
សារព័ត៌មាន Khaosod រាយការណ៍ថា នាព្រឹកថ្ងៃទី២០ ខែមករា មានអគ្គិភ័យឆាបឆេះនៅខាងក្រោមស្ពានព្រះរ៉ាម២ ខេត្តសមុទ្រសាខន ស្ថិតនៅកន្លែងតែមួយដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា ដោយអគ្គិភ័យបានឆេះរាលដាលរហូតដល់២កន្លែងនៅក្បែរគ្នា ។ ហេតុការណ៍នេះបណ្តាលឱ្យកម្មករធ្វើស្ពាន និងអ្នកដំណើរឆ្លងកាត់ភ័យស្លន់ស្លោយ៉ាងខ្លាំង ពីព្រោះមានគ្រោះថ្នាក់ផ្ទួនៗគ្នាពេក ។
លើសពីនេះ មានផ្សែងខ្មៅហុយឡើងលើលាយឡំជាមួយផ្កាភ្លើង ដែលធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យ និងភ្នាក់ងារសង្គ្រោះបន្ទាន់ប្រញាប់គ្រប់គ្រងស្ថានការណ៍ ដោយបិទការចរាចរតាមដងផ្លូវដើម្បីសុវត្ថិភាពអ្នកដំណើរ និងមិនឱ្យអ្នកពាក់ព័ន្ធមកក្បែរទីតាំងកើតហេតុ ។
បើតាមការត្រួតពិនិត្យបឋមរបស់សមត្ថកិច្ច គឺអគ្គិភ័យនេះអាចបណ្តាលមកពីវត្ថុអ្វីមួយធ្លាក់លើគ្រឿងម៉ាស៊ីនមានប្រេងឥន្ធនៈក្នុងការដ្ឋានសាងសង់ស្ពាននៅខាងក្រោម ហើយពេលប្រេងឥន្ធនៈត្រូវកំដៅថ្ងៃខ្លាំង ក៏ឆេះរាលដាលតែម្តង ។ ប៉ុន្តែការសន្និដ្ឋានផ្សេងទៀតថា អគ្គិភ័យបណ្តាលមកពីបុគ្គលិកក្រុមហ៊ុន Italian-Thai កាត់ដែកចេញពីគំនរបាក់បែកនៅកន្លែងកើតហេតុ ។.jpg)
ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស និងស្លាប់ទេ ។ សមត្ថកិច្ច អ្នកជំនាញ និងវិស្វករស្ពាន កំពុងត្រួតពិនិត្យយ៉ាងលម្អិតដើម្បីរកមូលហេតុពិតប្រាកដ និងវាយតម្លៃសុវត្ថិភាពនៅការដ្ឋានសាងសង់ស្ពានព្រះរ៉ាម២ ដើម្បីការពារមិនឱ្យគ្រោះថ្នាក់ដដែលនេះកើតឡើងនាថ្ងៃអនាគត ។
គួរបញ្ជាក់ថា ទីតាំងនេះ គឺជាកន្លែងដែលដងស្ទួច (Crane) បានបាក់រលំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កន្លងមក ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ចំនួន២នាក់ និងរងរបួសជាច្រើននាក់ ។ មុនពេលបាក់ដងស្ទួច និងអគ្គិភ័យ ស្ពានព្រះរ៉ាម២ធ្លាប់កើតហេតុការណ៍បាក់ស្ពានសង្កត់រថយន្តអ្នកដំណើរដែលបើកបរឆ្លងកាត់ជាបន្តបន្ទាប់ ហើយពលរដ្ឋថៃបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហានេះយូរមកហើយ ។.jpg)
ពលរដ្ឋថៃលើកឡើងថា ព្រះរ៉ាម២ គឺជាផ្លូវមរណៈ ហេតុអ្វីហេតុការណ៍អាក្រក់ចេះតែកើតឡើងផ្ទួនៗគ្នានៅប្រទេសថៃបែបនេះ? វាហាក់ដូចជាមានអ្នកណាម្នាក់ធ្វើឱ្យផ្លូវនេះកើតគ្រោះថ្នាក់ម្តងហើយម្តងទៀត ។ វាជាហេតុការណ៍ចៃដន្យខ្លាំងពេក ពិតជាគួរឱ្យចម្លែកណាស់ ដែលធ្វើឱ្យនឹកឃើញដល់គ្រោះរញ្ជួយដីនៅទីក្រុងបាងកក នាពេលកន្លងមក ៕










