ថ្មីៗនេះអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេងមិនចេះរីងស្ងួតលោក ណូយ វ៉ាន់ណេត បានបង្ហោះរូបជាមួយនឹងតារារ៉េប វណ្ណដា។ ក្រោយឃើញបែបនេះអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងនិងចង់ឱ្យតារាចម្រៀងទាំងពីរដួងសហការគ្នាហើយនោះក៏ជាបំណងប្រាថ្នារបស់ វណ្ណដា ដែរ។
នៅថ្ងៃទី១៩ ខែមករា លោក ណូយ វ៉ាន់ណេត បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយនឹងតារារ៉េប វណ្ណដា ដោយភ្ជាប់មកជាមួយនឹងសំណេរថា «ថ្ងៃនេះបានជួបក្មួយវណ្ណដាពិតហើយពុកម៉ែបងប្អូននៅបាយ័នTVបឹងស្នោរ អរគុណក្មួយវណ្ណដា»។ ឃើញរូបភាពនិងការបង្ហោះរបស់តារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះហើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។
ការបង្ហោះរបស់លោក ណូយ វ៉ាន់ណេត ទៀតសោតបានជំរុញទឹកចិត្តឱ្យអ្នកគាំទ្រដាក់ក្តីរំពឹងថាតារាចម្រៀងទាំងពីរដួងអាចមានការសហការគ្នាបង្កើតប្រវត្តិសាស្រ្តជាមួយគ្នាជាតន្រ្តីបុរាណលាយសម័យ។ ការរំពឹងទុករបស់អ្នកគាំទ្រដោយសារតែកាលពីកន្លងទៅ វណ្ណដា ក៏ធ្លាប់បង្ហាញដំរួយនេះដូចគ្នា។.png)
គេចាំបានថាកាលពីខែវីច្ឆិកា ឆ្នាំ២០២៤ ស្របពេលដែលបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា មានភាពល្បីរន្ធឺខ្លាំង តារាចម្រៀង ណូយ វ៉ាន់ណេត បានបកស្រាយចម្រៀងនេះនៅក្នុងវីដេអូកំប្លែងរបស់ នាយ ព្រែក ជាហេតុធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយពីឃើញរៀមច្បងក្នុងវិស័យសិល្បៈដែលគោរពស្រលាញ់ជាយូរមកហើយច្រៀងបទចម្រៀងរបស់ខ្លួន វណ្ណដា បានបង្ហាញអារម្មណ៍រំភើបចិត្តខ្លាំង ថែមទាំងទម្លាយទៀតថាសុបិនរបស់លោកគឺចង់មានការសហការជាមួយលោក ណូយ វ៉ាន់ណេត៕










