ប្រទេសអ៊ីរ៉ង់ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋអ៊ីរ៉ង់ដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេលជាច្រើនសប្តាហ៍បានបាត់បង់ជីវិ.តរហូតដល់ជាង៥,០០០នាក់ ដោយសារការបង្ក្រាបពីកងកម្លាំងរដ្ឋាភិបាល ។ មេដឹកនាំអ៊ីរ៉ង់បែរជាចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាដើមហេតុធ្វើឱ្យពលរដ្ឋបាត់បង់ជីវិតច្រើនបែបនេះ ខណៈតុលាការអ៊ីរ៉ង់ប្រកាសដាក់ទោសធ្ងន់បំផុតចំពោះពលរដ្ឋដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ។
នៅថ្ងៃទី១៩ ខែមករា សារព័ត៌មាន Reuters បានរាយការណ៍ពីការធ្វើបាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ង់តាំងពីខែធ្នូ ឆ្នាំ២០២៥ ដោយសារពលរដ្ឋមិនពេញចិត្តនឹងវិបត្តិសេដ្ឋកិច្ច និងការដឹកនាំប្រទេសផ្តាច់ការ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់របបគ្រប់គ្រងរបស់ខ្លួន ។ ពលរដ្ឋតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាលយ៉ាងខ្លាំងនៅតំបន់ជាច្រើន ដែលបណ្តាលឱ្យពលរដ្ឋបាត់បង់ជីវិតរហូតដល់ជាង៥,០០០នាក់ ។
បើតាមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់មិនបញ្ចេញឈ្មោះបាននិយាយកាលពីថ្ងៃទី១៨ ខែមករា ការត្រួតពិនិត្យជាផ្លូវការបានរកឃើញមនុស្សស្លាប់ដោយសារការបង្ក្រាបរបស់ក្រុមប្រដាប់អាវុធ រហូតដល់ជាង៥,០០០នាក់ ក្នុងនោះមានសន្តិសុខប្រមាណ៥០០នាក់ ។ មន្ត្រីអ៊ីរ៉ង់រូបនេះបានចោទប្រកាន់អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធបរទេសផ្តល់ការគាំទ្រអ្នកតវ៉ា ។
ចំណែកអង្គការសិទ្ធិមនុស្សអាមេរិក HRANA បានរាយការណ៍កាលពីថ្ងៃទី១៧ ខែមករា ថា ក្រៅពីអ្នកតវ៉ាស្លាប់ និងរងរបួសរាប់ពាន់នាក់ គឺនៅមានអ្នកតវ៉ាជាង២ម៉ឺន ៤ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន ។
មេដឹកនាំអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បែរជាចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាដើមហេតុធ្វើឱ្យពលរដ្ឋតវ៉ាបង្កចលាចលជាច្រើនសប្តាហ៍ និងបាត់បង់ជីវិតច្រើនបែបនេះ ។ កាលពីថ្ងៃទី១៦ ខែមករា លោកប្រធានាធិបតី Trump បានប្រកាសជួយអន្តរាគមន៍បាតុកម្ម ប្រសិនបើអ៊ីរ៉ង់នៅតែបង្ក្រាប ឬសម្លាប់ក្រុមបាតុករ ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់បដិសេធ ។
ដោយឡែក តុលាការកំពូលអ៊ីរ៉ង់ថា អ្នកធ្វើបាតុកម្មបង្កចលាចលក្នុងប្រទេសនឹងទទួលទោសយ៉ាងធ្ងន់បំផុត រីឯអ្នកវាយកងកម្លាំងរដ្ឋាភិបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក៏ទទួលទោសធ្ងន់ដែរ ដោយសារប្រព្រឹត្តខុសច្បាប់ Mohareb របស់អ៊ីស្លាម ។ ច្បាប់នេះនឹងផ្តន្ទាទោសពលរដ្ឋធ្ងន់ធ្ងរបំផុតដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល គឺប្រ.ហារជីវិតតាមច្បាប់អ៊ីរ៉ង់ ។.jpg)
គួរបញ្ជាក់ថា បាតុកម្មនៅអ៊ីរ៉ង់បានកើតឡើងពីខែធ្នូ ឆ្នាំ២០២៥ បង្កឱ្យចលាចលខ្លាំងបំផុតនៅប្រទេសនេះតាំងពីការធ្វើបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ ។ លោកប្រធានាធិបតី Trump បានប្រកាសជួយអន្តរាគមន៍ និងនិយាយមកកាន់សារព័ត៌មានថា «ដល់ពេលពលរដ្ឋអ៊ីរ៉ង់ស្វែងរកមេដឹកនាំថ្មី» ៕










