នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញសេចក្ដីជូនដំណឹងទាក់ទងនឹងការកើនឡើងខ្ពស់នៃកម្រិតទឹកសមុទ្រ ថាអាចនឹងប៉ពាល់ដល់ទីក្រុងបាងកក និងខេត្តភាគកណ្តាលចំនួន ៦ ដោយព្រមានឱ្យប្រជាជនត្រៀមខ្លួនសម្រាប់រលកខ្ពស់ចាប់ពីថ្ងៃទី ១៨-២២ ខែមករា។ នេះបើយោងតាមសារព័ត៌មាន Thairath នៅថ្ងៃទី១៧ ខែមករានេះ។
លោក ធីរ៉ាផាត ខាឆាម៉ាត អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) របស់ថៃបានឲ្យដឹងថា នៅចន្លោះពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ១០:០០ ព្រឹក ចាប់ពីថ្ងៃទី១៨-២២ ខែមករា ឆ្នាំ២០២៦ គឺជាពេលវេលាដែលមានទឹកសមុទ្រឡើងខ្ពស់បំផុត នៅជុំវិញទីបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ បន្ទាយព្រះជូឡាចោមខ្លា និងតំបន់ក្បែរៗនោះ។
តាមរបាយការណ៍ត្រួតពិនិត្យរបស់ DDPM ទីក្រុងបាងកក និងខេត្តចំនួន ៦ ទៀតដែលរួមមាន៖ ខេត្ត Pathum Thani, Nonthaburi, Nakhon Pathom, Samut Sakhon, Samut Songkhram និង Samut Prakan ត្រូវបានដាក់ជាតំបន់ដែលស្ថិតក្រោមការតាមដាន ដោយសារកម្រិតទឹកកើនឡើងខ្ពស់ ដែលអាចបណ្ដាលឲ្យជន់លិចតំបន់ទំនាបតាមព្រែក និងប្រឡាយ រួមទាំងសហគមន៍ដែលនៅខាងក្រោមរនាំងទឹក។.jpg)
អាជ្ញាធរនៃខេត្តនីមួយៗដែលមាននៅក្នុងបញ្ជីខាងលើ ត្រូវបានស្នើឱ្យធ្វើការជូនដំណឹងជាប្រចាំដល់សាធារណជន អំពីរយៈពេលនៃកម្រិតទឹកដែលឡើងខ្ពស់ និងព្រ.មានដល់ភ្នាក់ងារពាក់ព័ន្ធ និងអាជីវកម្មវិស័យឯកជននានា ដែលធ្វើប្រតិបត្តិការតាមផ្លូវទឹកឱ្យមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពយ៉ាងដិតដល់។
ជាមួយគ្នានេះ តំបន់ដែលនៅជាប់មាត់ទឹក ទីតាំងទំនាប និងតំបន់ងាយរងគ្រោះ ត្រូវបានជំរុញឱ្យរៀបចំឧបករណ៍សង្គ្រោះគ្រោះមហន្តរាយ គ្រឿងចក្រ និងក្រុមប្រតិបត្តិការដើម្បីឈរជើងនៅតំបន់ដែលមានហានិភ័យខ្ពស់ និងត្រៀមខ្លួនជួយជម្លៀសប្រជាពលរដ្ឋជាបន្ទាន់ក្នុងករណីចាំបាច់៕.jpg)










