ប្រទេសថៃ ៖ កងទ័ពថៃត្រូវបានដាក់ពង្រាយនៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗ និងបិទព្រំដែន៧ថ្ងៃ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាប៉ះទង្គិចជាមួយកងកម្លាំងប្រដាប់អាវុ.ធការៀង បណ្តាលឱ្យគ្រាប់កាំភ្លើ.ងធ្លាក់ចូលក្នុងទឹកដីថៃខូចខាតផ្ទះពលរដ្ឋ ចំនួន២ខ្នង ។ នេះមិនមែនជាលើកទី១ទេ ដែលគ្រាប់កាំភ្លើ.ងពីមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃ ពុំទាន់មានប្រតិកម្ម ឬថ្កោលទោសមីយ៉ាន់ម៉ាទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ។
នៅថ្ងៃទី១៦ ខែមករា កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រដាប់អាវុធការៀង (KNU) នៅស្រុកមៀវឌី ខេត្តមៀវឌី ប្រទេសមីយ៉ាន់ម៉ា ជាប់នឹងស្រុកមេស៊ត ខេត្តតាក ប្រទេសថៃ ដោយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាព្យាយាមចូលកាន់កាប់ទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធការៀង ប៉ុន្តែមិនបានសម្រេច ទើបធ្វើឱ្យភាគីទាំងពីរប្រើប្រាស់កាំភ្លើងបាញ់គ្នាទៅវិញទៅមកបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ បំផ្លាញផ្ទះសម្បែងពលរដ្ឋនៅស្រុកមេស៊ត ចំនួន២ខ្នង ។.jpg)
ពេលប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធការៀង ថៃក៏បានដាក់ពង្រាយកងទ័ព ឬកងកម្លាំងណារ៉េសួន នៅព្រំដែនជាប់មីយ៉ាន់ម៉ាភ្លាមៗដើម្បីត្រៀមទប់ទល់ស្ថានការណ៍ ព្រមទាំងផ្តល់សុវត្ថិភាពដល់ពលរដ្ឋក្នុងតំបន់ ។ មេបញ្ជាការកងកម្លាំងណារ៉េសួន បានបញ្ជាឱ្យបិទច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាទាំងអស់ រយៈពេល៧ថ្ងៃ រង់ចាំឱ្យស្ថានការណ៍នៅមីយ៉ាន់ម៉ាស្ងប់ស្ងាត់ ។
គួរបញ្ជាក់ថា គ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃដោយសារការប៉ះទង្គិចនៅមីយ៉ាន់ម៉ានេះ គឺជាលើកដំបូងដែលកើតឡើងក្នុងឆ្នាំ២០២៦ បន្ទាប់ពីកាលពីចុងឆ្នាំ២០២៥ គ្រាប់កាំភ្លើងតូច កាំភ្លើងធំពីមីយ៉ាន់ម៉ាបានធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់បណ្តាលឱ្យខូចខាតផ្ទះពលរដ្ឋថៃជាច្រើនខ្នង ។ 
កងកម្លាំងប្រដាប់អាវុធការៀងបានប្រកាសផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៥ ខែមករា និងបង្កើតរដ្ឋឯករាជ្យមួយឈ្មោះ «សាធារណរដ្ឋកូថូឡេ» ដោយចាត់ទុកប្រទេសថៃជាបងប្អូន ខណៈមេដឹកនាំការៀងសន្យាគោរពច្បាប់អន្តរជាតិ ព្រមទាំងអំពាវនាវឱ្យពិភពលោក ផ្តល់ការគាំទ្រផ្នែកការទូត មនុស្សធម៌ និងនយោបាយ ។
កងកម្លាំងប្រដាប់អាវុធការៀងបានប៉ះទង្គិចជាមួយកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនទសវត្សរ៍ ហើយសម្រេចចិត្តផ្តាច់ខ្លួនពីមីយ៉ាន់ម៉ា ប៉ុន្តែមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលមីយ៉ាន់ម៉ានៅឡើយទេ ។ រីឯកងទ័ពមីយ៉ាន់ម៉ាចាត់ទុកការផ្តាច់ខ្លួនរបស់ការៀងជាទង្វើក្បត់ជាតិ និងថា ថៃគាំទ្រការផ្តាច់ខ្លួននេះ ៕










