តារាចម្រៀងនិងសម្តែង Ju Jingyi បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញតារាស្រីមានប្រជាប្រិយភាពរូបនេះស្លៀកសំលៀកបំពាក់ដែលជាប្រ៊េនកូនខ្មែរ។ គួរឱ្យចាប់អារម្មណ៍ថា ចុងក្រោយមកនេះស្នាដៃកូនខ្មែរកាន់តែរីកមុខរីកមាត់នៅក្រៅប្រទេសជាពិសេសគឺនៅប្រទេសចិនតែម្តង។
នៅយប់ថ្ងៃទី១៥ ខែមករា QQ Music បានបញ្ចេញ Poster របស់តារាចម្រៀងនិងសម្តែង Ju Jingyi ក្នុងនាមជាអ្នកនាំពាក្យ Super Members VIP ។ ជាមួយនឹងការប្រកាសនេះអ្នកគាំទ្រកម្ពុជាបានកត់សម្គាល់ឃើញថាសំលៀកបំពាក់ក្នុង Poster ដែល QQ Music បង្ហោះនេះគឺជាម៉ាកយីហោ ALmée Couture ដែលជាប៊េ្រនរបស់កូនខ្មែរដែលកំពុងទទួលបានការគាំទ្រ។ រ៉ូបនេះត្រូវបានតុបតែងលម្អបែបបូរ៉ូមែនទិក និងអង្កាំគ្រីស្តាល់ជាច្រើន។
រ៉ូបនេះជាបណ្តុំ Collection មានឈ្មោះថា « The World Inside Me » ឬការប្រមូលផ្ដុំពិភពលោកនៅក្នុងខ្លួនខ្ញុំ ដែលមានអត្ថន័យថាពិភពលោកនៅក្នុងខ្លួនខ្ញុំកើតចេញពីក្តីសុបិន និងសេចក្តីប្រាថ្នារបស់នារីវ័យក្មេងម្នាក់ ដែលភ្ជាប់គ្នាយ៉ាងរលូនជាមួយនឹងភាពសម្បូរបែបនៃបេតិកភណ្ឌខ្មែរ។ រ៉ូបនីមួយៗគឺជាការឆ្លុះបញ្ចាំងពីពិភពលោកខាងក្នុងរបស់នាង ដែលមានភាពស្រស់ស្អាត និងមិនចេះហួសសម័យ។

ឃើញតារាចិនស្លៀកពាក់របស់ប្រ៊េនខ្មែរបែបនេះអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងខណៈកាលពីខែធ្នូ កន្លងមកនេះតារាសម្តែង Landy Li ក៏បានគ្រងឈុតស្នាដៃកូនខ្មែចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំ «Scream Night» នៃវេទិកា iQiYi។
Ju Jingyi បច្ចុប្បន្នមានអាយុ៣១ឆ្នាំ ជាតារាស្រីម្នាក់ដែលមានភាពស្រស់ស្អាតយ៉ាងខ្លាំងដែលប្រជាជនចិនដាក់ឈ្មោះឱ្យថា ស្រីស្អាតល្បីទាំងបួនរូប ជាមួយនឹងតារាស្រី៣រូបផ្សេងទៀត។ ក្នុងឆ្នាំ២០២៤ Jingyi បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍តាមរយៈខ្សែភាពយន្ត «In Blossom»។ ចុងក្រោយនេះ Ju Jingyi មានជម្លោះកិច្ចសន្យានឹងអតីតក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Siba Media ផងដែរ៕










