មានស្រុកកំណើតនៅខេត្តតាកែវ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ បានទម្លាយប្រាប់មហាជនថាលោកក៏ជាអតីតកូនសិស្សរបស់អ្នកគ្រូ ជឹម បុប្ផា ដែលកំពុងមានរឿងនៅលើបណ្តាញសង្គមត្រូវបានសិស្សបង្កើតក្រុមជេរអ្នកគ្រូផងដែរ។ ជាមួយនឹងបង្ហាញនេះលោកក៏បានបន្ថែមដែរថាអ្នកគ្រូតែងតែតឹងរឹងនិងឱ្យសិស្សគោរពវិន័យតាំងពីដើមមកម្ល៉េះ។

នៅយប់ថ្ងៃទី១៤ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ អតីត TOP4 Cambodian Idol រដូវកាលទី៤ បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនជុំវិញរឿងរបស់អ្នកគាំទ្រ ជឹម បុប្ផា ថា«ខ្ញុំសូមនិយាយបន្តិចចុះ ខ្ញុំជាអតីត សិស្សរបស់អ្នកគ្រូ .. អ្នកគ្រូតែងតែ តឹងរឹង និងឱ្យសិស្សគោរពវិន័យ ខ្ជាប់ខ្ជួនតាំងពីដើម..ព្រោះតែចង់ឱ្យសិស្ស បានល្អចេះដឹង.. ។ អ្នកគ្រូ ក៏ធ្លាប់តឹងតែងជាមួយខ្ញុំដូចគ្នា»។
ទោះជាយ៉ាងនេះក្តី តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ថារហូតមកដល់ពេលនេះទើបលោកដឹងនិងពិតជាអរគុណយ៉ាងខ្លាំង ដល់ការទូន្មានប្រៀនប្រដៅនិងភាពតឹងតែងរបស់អ្នកគ្រូពិតជាមានតម្លៃសម្រាប់សិស្ស គ្រប់រូប»។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ថា «អ្នកគ្រូគាត់តឹងតែង តែងតែចង់ឱ្យសិស្ស ល្អ និងដើរត្រង់ផ្លូវ ពេញដោយចំណេះដឹង .. មិនដែលចង់បានប្រយោជន៍ អីពីសិស្ស ទេ »។
គួរឱ្យដឹងថាមុននឹងចាប់អាជីពសិល្បៈលោក ស៊ឹម ច័ន្ទពន្លឺ គឺធ្លាប់ទទួលបានអាហារូបករណ៍សិក្សានៅក្រៅប្រទេសនិងបានក្លាយជាគ្រូពេទ្យម្នាក់ជាមួយនឹងអាជីពសិល្បៈជាអ្នកចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។
ក្រោយពីរឿងនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គមនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកនាយកសាលានៃវិទ្យាល័យ ជា ស៊ីម តាកែវ បានអញ្ជើញអ្នកគ្រូ ជឹម បុប្ផា និងសិស្សថ្នាក់ទី៩(ក)ចំនួន ៣២នាក់ដើម្បីចូលរួមសម្របសម្រួលដោះស្រាយដោយសន្តវិធីករណីសិស្សចំនួន ៣២នាក់ បង្កើតក្រុមតេលេក្រាមជេរអ្នកគ្រូ៕










