ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Naewna News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថៃត្រៀមពង្រាយសមត្ថកិច្ចរហូតដល់១២ម៉ឺន ៦ពាន់នាក់ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា រួមមាន ៖ បុរីរាំ សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី ចន្ទបុរី ស្រះកែវ និងត្រាត ព្រមទាំងខេត្តចំនួន៣ ជាប់ម៉ាឡេស៊ី នាថ្ងៃបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ក្រោមហេតុផលការពារសុវត្ថិភាព រីឯខេត្តផ្សេងទៀតគ្មានការពង្រាយសមត្ថកិច្ចទេ ។

នៅថ្ងៃទី១៣ ខែមករា អគ្គស្នងការរងនគរបាលជាតិថៃ លោក សាំរ៉ាន ណួនម៉ា បានលើកឡើងពីការបើកមជ្ឈមណ្ឌលសន្តិសុខ និងសណ្តាប់ធ្នាប់ការបោះឆ្នោត ដែលមជ្ឈមណ្ឌលដំណើរការចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ថា មជ្ឈមណ្ឌលនឹងសហការជាមួយគណៈកម្មការរៀបចំការបោះឆ្នោត និងកងទ័ព ដើម្បីរក្សាសណ្តាប់ធ្នាប់ការិយាល័យបោះឆ្នោត ជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេសថៃ ។ មជ្ឈមណ្ឌលត្រូវការកម្លាំងសមត្ថកិច្ច ចំនួន១២ម៉ឺន ៦ពាន់នាក់ ដើម្បីជួយការពារសុវត្ថិភាពក្នុងថ្ងៃបោះឆ្នោត ហើយការិយាល័យបោះឆ្នោតមួយចំនួនត្រូវការសមត្ថកិច្ចល្បាតព្រំដែនផងដែរ ។

កិច្ចប្រជុំពាក់ព័ន្ធនឹងការពង្រាយសមត្ថកិច្ចនាថ្ងៃបោះឆ្នោតខាងមុខ គឺផ្តោតសំខាន់លើការពង្រាយសមត្ថកិច្ចនៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា រួមមាន ៖ បុរីរាំ សុរិន្ទ ស៊ីសាកេត ឧប៊ុនរ៉ាជថានី ចន្ទបុរី ស្រះកែវ និងត្រាត ហើយកិច្ចប្រជុំបានពិភាក្សាពីស្ថានការណ៍អាក្រក់អាចកើតឡើង ។ ប្រសិនបើមានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃនាថ្ងៃបោះឆ្នោត ថៃនឹងបញ្ជូនរថក្រោះ ព្រមទាំងជម្លៀសពលរដ្ឋចេញភ្លាមៗ ។

ក្រៅពីនេះ កម្លាំងសមត្ថកិច្ចនឹងដាក់ង្រាយក្នុងខេត្តចំនួន៣ នៅភាគខាងត្បូងផងដែរ បើមានហេតុការណ៍អាក្រក់កើតឡើង នឹងមានការទាក់ទងជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ឬបិទការិយាល័យបោះឆ្នោតមួយចំនួនក្នុងតំបន់ប្រឈម ដែលនេះងាយស្រួលដល់ការថែរក្សាសុវត្ថិភាព ។ សមត្ថកិច្ចល្បាតព្រំដែននឹងសហការជាមួយកងទ័ព បើមានអ្វីកើតឡើង រួមទាំងផ្លាស់ប្តូរពេលវេលាបោះឆ្នោត ក៏ដូចជាត្រួតពិនិត្យការបំផ្លាញស្លាកសញ្ញាឃោសនាបោះឆ្នោត ។

ចំណែកនៅបណ្តាខេត្តផ្សេងទៀត ក្រៅពីខេត្តជាប់ព្រំដែនកម្ពុជានិងម៉ាឡេស៊ី លោក សាំរ៉ាន ណួនម៉ា អគ្គស្នងការរងនគរបាលជាតិបានបញ្ជាឱ្យសមត្ថកិច្ចខេត្តនីមួយៗវាយតម្លៃហានិភ័យ និងរាយការណ៍ពីហេតុការណ៍បន្ទាន់ដើម្បីពិចារណាបញ្ជូនកម្លាំងសមត្ថកិច្ចទៅការពារ ។

ដោយឡែក សមាជិកសភាគណបក្សប្រជាជនបង្ហាញក្តីបារម្ភពីការដកប្រាក់ជាង១៦ម៉ឺនលានបាត (ស្មើជាង៥លានដុល្លារ) ទៅប្រើប្រាស់ក្នុងការទិញសន្លឹកឆ្នោតនោះ លោក សាំរ៉ាន ណួនម៉ា និយាយថា សមត្ថកិច្ចកំពុងតែស៊ើបអង្កេតករណីនេះ ប៉ុន្តែមិនទាន់មានពលរដ្ឋដាក់ពាក្យប្តឹងពីការទិញសន្លឹកឆ្នោតទេ ៕