ព្រឹត្តិការណ៍ «ខ្លឹមព្រះនគរ» ដែលរៀបចំឡើងដោយតារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស ពិតជានាំមកនូវផ្ទាំងទស្សីយភាពដែលមិនអាចបំភ្លេចបានក្នុងបេះដូងកូនខ្មែរ។ ការរៀបចំបង្ហាញពីវប្បធម៌ខ្មែរនេះ ពេជ្រ សូលីកា ហ៊ានអះអាងថានោះជាក្តីស្រលាញ់ពិតប្រាកដរបស់ទេព បូព្រឹក្ស។ ចំណែកឯអ្នកលក់អនឡាញ យូរ៉ា វិញហ៊ានធានាថាប្តីប្រពន្ធមួយគូនេះពិតជាមនុស្សល្អពិតៗ។

តារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញពីអារម្មណ៍របស់ខ្លួនមានមោទនភាពចំពោះតារាចម្រៀង ទេព បូព្រឹក្ស ដែលជាមិត្តសម្លាញ់ម៉ឺនឆ្នាំក្នុងការធ្វើរឿងដ៏អស្ចារ្យសម្រាប់វប្បធម៌ ខ្មែរ។ នាងបានសរសេរនៅលើបណ្តាញសង្គមបង្ហាញទៅកាន់សាធារណជនថា «ឯងធ្វើវាបានល្អបំផុតហើយ គ្នាសប្បាយចិត្តពេលឃើញឯងមានក្ដីសុខជាមួយអ្វីដែលឯងចង់ធ្វើចេញពីបេះដូងឯង។ មិនថាក្នុងកាលៈទេសៈណាមិត្តម្នាក់នេះ តែងតែគាំទ្រត្រេកអរហើយគោរពតាមការសម្រេចចិត្តរបស់ឯងជានិច្ច ។ព្រោះគ្នាពិតជាបានទទួលនូវអារម្មណ៍ ចេញពីបេះដូងដែលស្នេហាវប្បធម៌ជាតិពិតមិនក្លែងបន្លំមួយវិនាទីណារបស់ឯងពិតៗឯងធ្វើចេញពីចិត្តនឹងបេះដូងទើបឯងទទួលបានក្ដីស្រលាញ់ដ៏កក់ក្ដៅមួយនេះ I’m so proud of you»។
ចំណងមិត្តភាពរបស់តារាចម្រៀង ពេជ្រ សូលីកា និង ទេព បូព្រឹក្ស មានភាពរឹងមាំនិងគាំទ្រគ្នាទៅវិញទៅមកបែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តយ៉ាងខ្លាំង។
ងាកមកកាន់អ្នកលក់អនឡាញ យូរ៉ា វិញ ដ្បិតថាមិនបានចូលរួមកម្មវិធី «ខ្លឹមព្រះនគរ»ដោយផ្ទាល់ប៉ុន្តែបានបង្ហាញពីភាពចិត្តល្អរបស់ប្តីប្រពន្ធមួយគូនេះ។ អ្នកនាង យូរ៉ា បានបង្ហោះរូប ជី ដេវីត និង ទេព បូព្រឹក្ស អមមកជាមួយនឹងពាក្យពេចន៍ថា «មនុស្សល្អពិតខ្ញុំហ៊ានចេញមុខនិយាយថាបេះដូងគាត់ល្អណាស់ខ្ញុំនៅឧត្តរមានជ័យមែនពិត តែការបារម្ភ រុញជាប្រាក់ឱបត្ថម្ភស្បៀងកងទ័ព សង្គ្រាមពីរដងមកនេះ ចែព្រឹក្ស បងវីត គិតគូរហូតដល់ខ្ញុំរអៀសខ្លួន មិនចាំបាច់ស្នើសុំ តែគាត់សួររាល់បញ្ហាព្រំដែនតាមរយៈខ្ញុំរហូត បងៗកងទ័ពម៉ារយះធំមកនេះខាងប្រាសាទតាមាន់ តាក្របីដែលបានទទួលស្បៀងអាហារហូប មិនភ្លេចទឹកចិត្តបរិសុទ្ធរបស់បងទាំងពីរទេ»។
ឃើញមានការសរសើរមកកាន់ខ្លួនបែបនេះតារាចម្រៀង ជី ដេវីត ក៏បានចូលទៅអរគុណអ្នកនាង យូរ៉ា ផងដែរជាពិសេសថែមទាំងបានហៅគ្នាថាជាអ្នកដន្លងទៀត៕










