បរទេស៖ ការចាក់សាក់បានក្លាយជាសិល្បៈដ៏ពេញនិយមមួយលើសកលលោក មិនថាសម្រាប់បុរស ឬនារីឡើយ ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីៗបានបង្ហាញថា ការចាក់សាក់មិនត្រឹមតែជាការផ្លាស់ប្តូររូបរាងខាងក្រៅប៉ុណ្ណោះទេ វាថែមទាំងបានផ្លាស់ប្តូររបៀបដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងដំណើរការទៀតផង។
បើយោងតាមការចុះផ្សាយរបស់ ScienceAlert អ្នកស្រឡាញ់ការចាក់សាក់មួយចំនួនប្រហែលមិនទាន់បានដឹងទេថាការចាក់សាក់ មានឥទ្ធិពលបែបណាខ្លះមកលើរាងកាយ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏កំពុងព្យាយាមយល់ពីវាកាន់តែច្បាស់ផងដែរ អំពីផលប៉ះពាល់ទៅលើកោសិកាការពាររាងកាយ។
ហេតុនេះមុនសម្រេចចិត្តចាក់សាក់សូមស្វែងយល់ពី ៣ ចំណុចខាងក្រោមនេះសិន៖
១. ទឹកថ្នាំសាក់មិននៅស្ងៀមលើស្បែកឡើយ៖ ជាទូទៅ មនុស្សភាគច្រើនយល់ថាទឹកថ្នាំសាក់នឹងស្ថិតនៅជាប់នឹងស្រទាប់ស្បែកជារៀងរហូត។ ប៉ុន្តែការសិក្សាបានបង្ហាញថា ភ្លាមៗបន្ទាប់ពីការចាក់សាក់ រាងកាយរបស់យើងចាត់ទុកទឹកថ្នាំទាំងនោះថាជាវត្ថុចម្លែក ហើយកោសិកាភាពស៊ាំប្រភេទ Macrophages បានព្យាយាមស៊ីគ្រាប់ពណ៌ទឹកថ្នាំទាំងនោះ។
អ្វីដែលគួរឱ្យបារម្ភគឺ គ្រាប់ពណ៌តូចៗទាំងនោះបានធ្វើដំណើរតាមចរន្តឈាម និងប្រព័ន្ធទឹកកណ្តុរ រហូតទៅដល់ដក់ជាប់នៅក្នុង កូនកណ្តុរ (Lymph Nodes) ថែមទៀត។
.jpg)
២.ការប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង៖
វាដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលអ្នកស្រាវជ្រាវរកឃើញទំនាក់ទំនងមិនធម្មតារវាងស្នាមសាក់ និងការឆ្លើយតបនឹងវ៉ាក់សាំងរបស់រាងកាយ។ នៅក្នុងការពិសោធន៍លើសត្វកណ្តុរ អ្នកវិទ្យាសាស្ត្របានរកឃើញថា សត្វដែលមានស្នាមសាក់ បង្កើតអង្គបដិបក្ខ (Antibodies) ដើម្បីការពារខ្លួនពីជំងឺបានតិចជាង សត្វដែលគ្មានស្នាមសាក់ នៅពេលដែលពួកគេទទួលបានវ៉ាក់សាំងប្រភេទ mRNA (ដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាដើម)។ នេះអាចមកពីប្រព័ន្ធភាពស៊ាំកំពុងរវល់ខ្លាំងពេកក្នុងការទប់ទល់នឹងជាតិពុលពីទឹកថ្នាំសាក់ ដែលធ្វើឱ្យវាមិនអាចឆ្លើយតបបានពេញលេញទៅនឹងវ៉ាក់សាំងថ្មីដែលចាក់ចូលទៅក្នុងរាងកាយ។
៣.ពណ៌ទឹកថ្នាំដែលមានគ្រោះថ្នាក់ជាងគេ៖
ទឹកថ្នាំគ្រប់ពណ៌មិនមែនសុទ្ធតែមានផលប៉ះពាល់ដូចគ្នានោះទេ។ ប៉ុន្តែ ទឹកថ្នាំ ពណ៌ខ្មៅ និង ពណ៌ក្រហម គឺមានផ្ទុកសារធាតុបង្កគ្រោះថ្នាក់ខ្លាំងជាងគេដល់កោសិកា។ ពួកវាបង្កឱ្យមានការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយ ដែលអាចអូសបន្លាយពេលរាប់ខែ ឬរាប់ឆ្នាំ បន្ទាប់ពីការចាក់សាក់រួច។
ទោះជាយ៉ាងណាទោះបីជាការស្រាវជ្រាវនេះហាក់ដូចជាគួរឱ្យខ្លាចក្ដី ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់បានសន្និដ្ឋានទេថា ការចាក់សាក់គឺជាមូលហេតុផ្ទាល់នៃជំងឺធ្ងន់ធ្ងរនៅឡើយនោះទេ។ យ៉ាងណាមិញ វាគឺជាការដាស់តឿនដល់អ្នកដែលស្រឡាញ់ការចាក់សាក់ ឱ្យយល់ដឹងថា រាល់ការបន្ថែមទឹកថ្នាំទៅក្នុងស្បែក គឺជាការដាក់បន្ទុកបន្ថែមដល់ប្រព័ន្ធការពាររាងកាយ។
ជាមួយគ្នានេះ អ្នកជំនាញបានកំពុងនឹងសិក្សាបន្ថែមទៀត និងស្វែងយល់ថាតើវាអាចបង្កើនហានិភ័យនៃជំងឺមហារីក ឬជំងឺសុាំនឹងខ្លួនឯង (Autoimmune diseases) ដែរឬយ៉ាងណា? ដូចនេះប្រសិនជាអ្នកមានគម្រោងចាក់សាក់ អ្នកគួរតែពិភាក្សាជាមួយអ្នកជំនាញ និងជ្រើសរើសទីកន្លែងដែលមានអនាម័យខ្ពស់ ក៏ដូចជាស្វែងយល់ពីប្រភពនៃទឹកថ្នាំដែលត្រូវប្រើប្រាស់ផងដែរ៕










