ប្រទេសអាល្លឺម៉ង់ ៖ សារព័ត៌មាន Reuters រាយការណ៍ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស បានរិះគ.ន់គោលនយោបាយការបរទេសរបស់អាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump និងអំពាវនាវទៅកាន់សហគមន៍អន្តរជាតិកុំបណ្តោយឱ្យខូចសណ្តាប់ធ្នាប់ពិភពលោក ។ ប្រធានាធិបតីអាល្លឺម៉ង់រិះគ.ន់អាមេរិកនេះ បន្ទាប់ពីកងទ័ពអាមេរិកចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ដោយចោទរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។

ប្រធានាធិបតីអាល្លឺម៉ង់ លោក Steinmeier ថ្លែងថា ប្រព័ន្ធប្រជាធិបតេយ្យរបស់ពិភពលោក មិនធ្លាប់រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរទេ ហើយរុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែនជាការផ្លាស់ប្តូរមួយដ៏សំខាន់ ខណៈទង្វើរបស់អាមេរិកមកលើវេណេស៊ុយអេឡាជាការបែកបាក់ប្រវត្តិសាស្ត្រលើកទី២ ។ អាមេរិកជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់អាល្លឺម៉ង់ ប៉ុន្តែអាមេរិកបានបំផ្លាញគុណតម្លៃ និងសណ្តាប់ធ្នាប់ពិភពលោក ។

ហេតុនេះ សហគមន៍អន្តរជាតិត្រូវតែជួយគ្នាការពារកុំឱ្យសណ្តាប់ធ្នាប់ពិភពលោកត្រូវបំផ្លាញដោយមហាអំណាចដែលចង់បានអ្វីតាមតម្រូវការ ហើយមហាអំណាចមួយចំនួនចាត់ទុកប្រទេសនានាដូចជាទ្រព្យសម្បត្តិរបស់ពួកគេ ។ ការចូលរួមចំណែកថែទាំសណ្តាប់ធ្នាប់ពិភពលោកយ៉ាងច្បាស់លាស់ គឺជារឿងចាំបាច់ដែលប្រទេសនានា ដូចជា ៖ ប្រេស៊ីល និងឥណ្ឌា គួរតែជួយគ្នារៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ ។

បើទោះជាលោក Steinmeier គ្រាន់តែជាប្រធានាធិបតីអាល្លឺម៉ង់មួយរូប ប៉ុន្តែពាក្យសម្តីរបស់លោកត្រូវបានគេមើលឃើញថាពិតជាមានទម្ងន់ និងជាសេរីភាពនៃការបញ្ចេញមតិពាក់ព័ន្ធនឹងពិភពលោក គួរឱ្យចាប់អារម្មណ៍ ។

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro ជួញដូរគ្រឿងញៀន, ឃុបឃិតកាន់កាប់អាវុធបំផ្លាញអាមេរិក, មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន និងរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។ ប៉ុន្តែលោក Maduro បដិសេធនឹងការចោទប្រកាន់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកលេសដើម្បីធ្វើប្រតិបត្តិការកងទ័ពផ្តួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡា ។

កងទ័ពពិសេសអាមេរិកបានវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយា ទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែមករា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺកងទ័ពអាមេរិកប្រើពេលមិនដល់៣ម៉ោងក្នុងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាដោយរលូន ។

ទោះជាអាមេរិកទទួលបានជោគជ័យក្នុងប្រតិបត្តិការនេះ ប៉ុន្តែសហគមន៍អន្តរជាតិបានថ្កោលទោសទង្វើរបស់អាមេរិក ដោយអំពាវនាវឱ្យអាមេរិកគោរពច្បាប់អន្តរជាតិ និងដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ខណៈលោកប្រធានាធិបតី Trump ប្រកាសថា លោក Maduro និងភរិយា ប្រឈមមុខនឹងទោសព្រហ្មទណ្ឌដែលត្រូវកាត់ក្តីដោយតុលាការអាមេរិក ។

កាលពីថ្ងៃទី៤ ខែមករា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យអាមេរិកធានាសុវត្ថិភាព និងឱ្យអាមេរិកដោះលែងប្រធានាធិបតីវេណស៊ុយអេឡា លោក Nicolas Maduro និងភរិយា បន្ទាន់ ខណៈរដ្ឋាភិបាលចិនអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការព្យាយាមផ្តួលរំលំរបបដឹកនាំវេណេស៊ុយអេឡា និងងាកមកដោះស្រាយបញ្ហាដោយការចរចា ។

ដូចគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បានថ្កោលទោសអាមេរិកធ្វើប្រតិបត្តិការកងទ័ពដោយឥតខ្មាស់អៀនក្នុងការចាប់ខ្លួនប្រធានាធិបតីវេណស៊ុយអេឡា ដែលជាការស្វែងរកអំណាចរបស់អាមេរិក និងជាគំរូអាក្រក់ ។ រីឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារកាលពីថ្ងៃទី៤ ខែមករា បារម្ភពីកងទ័ពអាមេរិកវាយប្រហារវេណេស៊ុយអេឡា ថាល្មើសច្បាប់អន្តរជាតិ និងអំពាវនាវឱ្យអាមេរិកដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា ៕