ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thai Post នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រលកសមុទ្រធំៗបានបោកបក់ខ្លាំងៗបណ្តាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរបស់ពលរដ្ឋថៃខូចខ្ទេចខ្ទី ជាពិសេស នៅស្រុកប៉ាកផាណាំង និងស្រុកហួសៃ ខេត្តណាខនស្រ៊ីថាំម៉ារាជ ។ ពលរដ្ឋរស់នៅក្បែរមាត់សមុទ្ររងផលប៉ះពាល់យ៉ាងខ្លាំង និងប្រឈមនឹងការបាត់បង់ទីលំនៅ បានអំពាវនាវឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាជាបន្ទាន់ ។

ស្ថានការណ៍នៅឈូងសមុទ្រថៃនាថ្ងៃទី៨ ខែមករា គឺមានរលកសមុទ្រធំៗបោកបក់យ៉ាងខ្លាំង បន្ទាប់ពីឧតុនិយមថៃប្រកាសពីការផ្លាស់ប្តូរអាកាសធាតុ ។ វាធ្វើឱ្យនៅផ្ទះពលរដ្ឋជាច្រើនខ្នងនៅមាត់សមុទ្រខេត្តណាខនស្រ៊ីថាំម៉ារាជ ជាពិសេស ស្រុកប៉ាកផាណាំង និងស្រុកហួសៃ ខូចខាតខ្ទេចខ្ទីដោយសាររលកសមុទ្របោកបក់ខ្លាំងៗពេញមួយថ្ងៃ ដែលធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំងពីការបាត់បង់ទីលំនៅ ។
នៅតំបន់ខ្លះត្រូវរលកសមុទ្របោកបក់បំផ្លាញផ្លូវធ្វើដំណើរ ប៉ះពាល់បរិស្ថាន និងលិចផ្ទះ ដែលធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារបង្ខំចិត្តដឹកជញ្ជូនទ្រព្យសម្បត្តិទៅកាន់កន្លែងសុវត្ថិភាព ។ ពលរដ្ឋថៃមានផ្ទះនៅមាត់សមុទ្រប្រាប់ថា បញ្ហារលកសមុទ្របោកបក់បំផ្លាញផ្ទះ និងសំណឹកឆ្នេរ បានកើតឡើងជាច្រើនឆ្នាំហើយ បើទោះជាមានការតវ៉ា និងស្នើការជួយអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែបញ្ហាមិនទាន់ដោះស្រាយទេ ទើបពេលខ្យល់ខ្លាំងធ្វើឱ្យរលកសមុទ្របោកបក់បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋនៅមាត់សមុទ្រជាញឹកញាប់ ។.jpg)
ទោះជាមានមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធចុះមកពិនិត្យមើលការខូចខាតផ្ទះ និងតាមដានស្ថានការណ៍យ៉ាងដិតដល់ ប៉ុន្តែពលរដ្ឋនៅតែទាមទារឱ្យជួយស្វែងរកវិធានការដោះស្រាយបញ្ហាយូរអង្វែង ដើម្បីកាត់បន្ថយការខូចខាតផ្ទះ និងផ្លូវ ដោយសាររលកសមុទ្រនាថ្ងៃអនាគត ។
មន្ត្រីឧតុនិយមបានដាស់តឿនពលរដ្ឋរស់នៅមាត់សមុទ្រឱ្យប្រុងប្រយ័ត្នគ្រោះថ្នាក់កើតឡើងដោយសាររលកសមុទ្រ, ចៀសវាងនេសាទតាមទូកពេលខ្យល់ខ្លាំង និងតាមដានការប្រកាសរបស់ឧតុនិយមយ៉ាងដិតដល់ដើម្បីសុវត្ថិភាព និងការពារការខូចខាតទ្រព្យសម្បត្តិ ។ ខ្យល់មូសុងឦសានបានគ្របដណ្តប់លើឈូងសមុទ្រថៃ និងភាគខាងត្បូង រីឯរលកសមុទ្រក្នុងឈូងសមុទ្រថៃមានកម្លាំងខ្លាំង កម្ពស់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ។ តំបន់មានផ្គររន្ទះ រលកសមុទ្រមានកម្ពស់ដល់ជាង៣ម៉ែត្រ ខណៈរលកសមុទ្រនៅសមុទ្រអាន់ដាម៉ាន់ មានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។
មន្ត្រីឧតុនិយមសំណូមពរឱ្យពលរដ្ឋចេញទូកនេសាទដោយការប្រុងប្រយ័ត្ន រីឯទូកនេសាទតូចៗនៅឈូងសមុទ្រថៃគួរតែផ្អាកនេសាទ ។ ដូចគ្នានេះ ពលរដ្ឋរស់នៅមាត់សមុទ្រភាគខាងត្បូង និងខាងកើត ក៏ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសាររលកសមុទ្រផងដែរ ។
គួរបញ្ជាក់ថា ប្រទេសណាដែលឈ្លានពានទន្ទ្រានទឹកដី បំផ្លាញផ្ទះ និងទ្រព្យសម្បត្តិពលរដ្ឋប្រទេសជិតខាង គឺប្រទេសនោះនឹងទទួលកម្មពៀរភ្លាមៗដែលខ្លួនបានប្រព្រឹត្ត ឬត្រូវធម្មជាតិបំផ្លាញវិញ ។ ផ្ទះសម្បែងពលរដ្ឋថៃជាច្រើនខ្នងត្រូវបានរលកសមុទ្របោកបក់ខូចខ្ទេចខ្ទីនេះ ស្របពេលកងទ័ពថៃបាននិងកំពុងប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញផ្ទះ និងប្លន់ទ្រព្យសម្បត្តិពលរដ្ឋខ្មែរនៅជាប់ព្រំដែនថៃ ។ កងទ័ពថៃពង្រាយទូរកុងតឺន័រ និងរាយបន្លាលួសដោតទង់ជាតិថៃព័ទ្ធយកទឹកដីកម្ពុជាដោយខុសច្បាប់ និងជាការបំពានលើខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ ។.jpg)
កងទ័ពថៃបានរំលោភបំពានមកលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ចូលជាធរមាន ហើយប្រកាសថា ទឹកដីដែលខ្លួនពង្រាយកុងតឺន័រ និងរាយបន្លាលួសដោតទង់ជាតិថៃដោយខុសច្បាប់នោះជាទឹកដីរបស់ខ្លួន ។ កងទ័ពថៃបានវាយកំទេចផ្ទះពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធ គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ៕










