វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី Trump កាលពីថ្ងៃពុធបានចុះហត្ថលេខា ដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិ និងសន្ធិសញ្ញាចំនួន 66 រួមទាំងអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិផងដែរ បន្ទាប់ពីកត់សម្គាល់ឃើញថាអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងនេះ មិនបានផ្ដល់ផលប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិក។

យោងតាមសេចក្ដីប្រកាសនៅគេហទំព័ររបស់សេតវិមាន ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ធ្វើឡើងចំពោះអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាទាំងឡាយណា ដែលផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក ជាពិសេសអង្គការទាំងនេះភាគច្រើនផ្តោតលើបញ្ហាអាកាសធាតុ ការងារ និងសង្គម ដែលរដ្ឋបាលលោក Trump បានចាត់ទុកថាជាការលើកកម្ពស់របៀបវារៈ “ទើបភ្ញាក់ដឹងខ្លួន” របស់ពួកគេ បន្ទាប់ពីបានខ្ជះខ្ជាយនិងគ្រប់គ្រងមូលនិធិមិនបានល្អ។
ការសម្រេចចិត្តដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិក គឺការដកខ្លួនចេញពីអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលជាសន្ធិសញ្ញាឆ្នាំ 1992 ដែលគាំទ្រដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អ្នកវិទ្យាសាស្ត្រព្រមា.នថា ការចាកចេញនេះអាចធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការទប់ស្កាត់ការបំភាយឧស្ម័នថយចុះ និងមានការលំបាក បើគ្មានកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័ន និងសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។.jpg)
រដ្ឋបាលលោកត្រាំ បានបញ្ជាក់ថា ខ្លួនមានបំណងបង្វែរថវិកាដែលបានពីអ្នកជាប់ពន្ធ ទៅពង្រឹងឥទ្ធិពលអាមេរិកក្នុងគំនិតផ្តួចផ្តើមដែលកំណត់ស្តង់ដារអន្តរជាតិ ជាទីដែលអាមេរិកត្រូវប្រកួតប្រជែងដោយផ្ទាល់ជាមួយប្រទេសចិន ដូចជាវិស័យទូរគមនាគមន៍ និងបទប្បញ្ញត្តិដែនសមុទ្រជាដើម។ ការផ្លាស់ប្តូរនេះ គឺជាការដើរចេញពីយុទ្ធសាស្រ្តការទូតបែបប្រពៃណីរបស់រដ្ឋបាលមុនៗ ហើយបានបង្ខំឲ្យអង្គការសហប្រជាជាតិចាប់ផ្តើម កាត់បន្ថយបុគ្គលិក និងកម្មវិធីរបស់ខ្លួនជាបន្តបន្ទាប់។
.jpg)
ទោះជាយ៉ាងណា ការដកខ្លួនចេញពី UNFCCC បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកជំនាញផ្នែកអាកាសធាតុ និងអតីតមន្ត្រីរដ្ឋាភិបាល ដោយពួកគេបានព្រមានថា ការចាកចេញពីសន្ធិសញ្ញាដែលមានអាយុកាលជាង30ឆ្នាំនេះ នឹងធ្វើឲ្យអាមេរិកបាត់បង់ឥទ្ធិពលលើការវិនិយោគពិភពលោករាប់ទ្រីលានដុល្លារ ហើយអាចជាលេសឲ្យប្រទេសដទៃទៀតពន្យារពេលការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ពួកគេ៕










