ប្រទេសវេណេស៊ុយអេឡា ៖ ចម្ងល់ជាច្រើនពាក់ព័ន្ធនឹងការមិនតបតរបស់កងទ័ពវេណេស៊ុយអេឡានៅកណ្តាលអធ្រាត្រថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ដែលកងទ័ពអាមេរិកធ្វើប្រតិបត្តិការ «Absolute Resolve» ចា.ប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា ហើយចម្ងល់នេះត្រូវបានបកស្រាយកាន់តែច្បាស់ បន្ទាប់ពីមេបញ្ជាការកងទ័ពវេណេស៊ុយអេឡាប្រាប់ពីមូលហេតុដែលកងទ័ពវេណេស៊ុយអេឡាមិនតបតជាមួយកងទ័ពអាមេរិក ពីព្រោះបារម្ភខ្លាចការវាយប្រ.ហារកាន់តែធ្ងន់ធ្ងរ និងគិតពីសុវត្ថិភាពពលរដ្ឋ ។.png)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ មេបញ្ជាការកងទ័ពវេណេស៊ុយអេឡា លោក Edgar Alejandro Lugo Pereira និយាយថា កងទ័ពវេណេស៊ុយអេឡាមិនតបតទេ នៅយប់ដែលកងទ័ពអាមេរិកធ្វើប្រតិបត្តិការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា គឺកងទ័ពវេណេស៊ុយអេឡារក្សាភាពស្ងៀមស្ងាត់ដើម្បីចៀសវាងផលប៉ះពាល់អាចកើតឡើងកាន់តែធ្ងន់ធ្ងរមកលើប្រទេសវេណេស៊ុយអេឡា ។
បទសម្ភាសន៍របស់មេបញ្ជាការកងទ័ពវេណេស៊ុយអេឡា លោក Edgar ជាមួយសារព័ត៌មាន RIA Novosti បញ្ជាក់ថា ទោះជាកងទ័ពវេណេស៊ុយអេឡាមានសព្វាវុធ និងសមត្ថភាពគ្រប់គ្រាន់អាចទប់ទល់ជាមួយការវាយប្រហារពីសំណាក់កងទ័ពអាមេរិកក្តី ប៉ុន្តែរដ្ឋាភិបាលវេណេស៊ុយអេឡា និងកងទ័ព សម្រេចចិត្តមិនតបតជាមួយកងទ័ពអាមេរិកដោយការប្រើប្រាស់កម្លាំង ។ យើងបារម្ភបើមានការបាញ់គ្នា ឬវាយប្រហារគោលដៅរបស់អាមេរិក វានឹងធ្វើឱ្យអាមេរិកលើកយកការប៉ះទង្គិចនេះបើកប្រតិបត្តិការកងទ័ពយ៉ាងពេញលេញវាយប្រហារវេណេស៊ុយអេឡា ដែលនាំឱ្យខាតបង់ច្រើនមិនអាចវាយតម្លៃការខូចខាត និងប៉ះពាល់ពលរដ្ឋវេណេស៊ុយអេឡា ។
.png)
កងទ័ពអាមេរិកបើកការវាយប្រហារឈានដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា កន្លងមក គឺមានតែភ្នាក់ងារសន្តិសុខ និងពលរដ្ឋគុយបា ត្រឹមតែ៣២នាក់ប៉ុណ្ណោះ ដែលបានពលីជីវិតប្រយុទ្ធប្រឆាំងនឹងកងទ័ពអាមេរិករហូតដល់ពេលចុងក្រោយ ។ រីឯកងទ័ពវេណេស៊ុយអេឡាជាច្រើនមិនបានតបតទេ គ្រាន់តែសង្កេតមើលកងទ័ពអាមេរិកវាយប្រហារទីតាំងយុទ្ធសាស្ត្រនៅទីក្រុង Caracas ។
អ្នកវិភាគបរទេសចាត់ទុកថា នេះជាការពិតនៅពីក្រោយរវាងបញ្ជាការកងទ័ពវេណេស៊ុយអេឡាជាមួយអាមេរិក ដែលពួកគេមិនតបត ហើយបណ្តោយឱ្យកងទ័ពអាមេរិកចាប់មេដឹកនាំរបស់ខ្លួន ដើម្បីរក្សារចនាសម្ព័ន្ធអំណាចកងទ័ព និងការពារកុំឱ្យមហាអំណាចអាមេរិកបំផ្លិចបំផ្លាញប្រទេស ។.png)
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Maduro ជួញដូរគ្រឿងញៀន, ឃុបឃិតកាន់កាប់អាវុធបំផ្លាញអាមេរិក, មានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន និងរត់ពន្ធគ្រឿងញៀនចូលទឹកដីអាមេរិក ។ ប៉ុន្តែលោក Maduro បដិសេធនឹងការចោទប្រកាន់នេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនយកលេសដើម្បីធ្វើប្រតិបត្តិការកងទ័ពផ្តួលរំលំរដ្ឋាភិបាលរបស់លោក ។
កងទ័ពពិសេសអាមេរិកវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនលោកប្រធានាធិបតី Maduro និងភរិយា ទាំងកណ្តាលអធ្រាត្រកាលពីថ្ងៃទី៣ ខែមករា បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្វីគួរឱ្យចាប់អារម្មណ៍បំផុត គឺកងទ័ពអាមេរិកប្រើពេលមិនដល់៣ម៉ោងទេ ក្នុងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាដោយរលូន ។ 
ទោះជាអាមេរិកទទួលបានជោគជ័យក្នុងប្រតិបត្តិការនេះ ប៉ុន្តែប្រទេសជាច្រើនបានថ្កោលទោសទង្វើរបស់អាមេរិក ដោយអំពាវនាវឱ្យអាមេរិកគោរពច្បាប់អន្តរជាតិ និងដោះលែងប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ជាបន្ទាន់ ខណៈលោកប្រធានាធិបតី Trump ប្រកាសថា លោក Maduro និងភរិយា ប្រឈមមុខនឹងទោសព្រហ្មទណ្ឌដែលត្រូវកាត់ក្តីដោយតុលាការអាមេរិក ៕










