នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួនតារាចម្រៀងនិងពិធីការិនី សុភ័ក្រ កុសុម៉ា ទទួលបានពាក្យជូនពរជាច្រើនពីអ្នកនៅក្នុងចង្កោមសិល្បៈជាពិសេសមនុស្សជិតស្និទ្ធ។ អ្វីដែលកាន់តែចាប់អារម្មណ៍ពិធីការិនីពូកែវោហាររូបនេះបាននិយាយទាំងអួលដើមកពោលពាក្យសូមទោសទៅកាន់មនុស្សជិតស្និទ្ធក្នុងថ្ងៃពិសេសរបស់ខ្លួនទៅវិញ។.png)
តាមការចែករំលែកវីដេអូពីពិធីករ វី យ៉ារ៉ូ គេបានឃើញ សុភ័ក្រ កុសុម៉ា និយាយបណ្តើរទឹកភ្នែកបណ្តើរនៅតុអាហារក្រោមពន្លឺភ្លើងទៀន។ កុសុម៉ា ថានាងមិនចង់ហៅមិត្តភក្តិមកនោះទេដោយខ្លាចថារំខានពេលវេលាប៉ុន្តែនាងចង់មានវត្តមានមនុស្សដែលនាងស្រលាញ់ចូលចិត្តនាងមិនថាកាលៈទេសៈណានៅជាមួយនាង រាប់អាននាងដោយមិនគិតផលប្រយោជន៍ រាប់អានសមាជិកគ្រួសាររបស់ខ្លួន។

កុសុម៉ា ថាវត្តមានអ្នកដែលនៅទីនេះគឺជាអ្នកដែលនាងគិតច្រើននិងស្រលាញ់ជាងគេ។ ក្នុងឱកាសនេះដែរ សុភ័ក្រ កុសុម៉ា បានពោលពាក្យសូមទោសមនុស្សជិតស្និទ្ធបើសិនជាពេលខ្លះនាងឆេវឆាវអត់សប្បាយចិត្ត ហើយតែងតែយោគយល់ដល់នាង។ 
ងាកមកកាន់ពិធីករ វី យ៉ារ៉ូ ដែលជាមនុស្សម្នាក់ចូលរួមក្នុងថ្ងៃពិសេសរបស់ កុសុម៉ា ក៏បានជូនពរមិត្តសម្លាញ់ដែរថា «រីករាយថ្ងៃខួបកំណើតមនុស្សល្អ មានបេះដូងល្អ តែងតែប្រើបេះដូងរាប់អានគ្នា ចង់ឃើញអ្នកជុំវិញខ្លួនសប្បាយចិត្តពិតប្រាកដ ចង់ប្រាប់ថាមិត្តម្នាក់នេះ មិនចង់បានអ្វីក្រៅពីចង់ឃើញមិត្តសប្បាយចិត្តរហូត សុភមង្គលរហូត ជោគជ័យរហូត សូមមានក្តីសុខបែបនេះរហូតណា»។
ចំណែកឯពិធីករ ដេវិដ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹង សុភ័ក្រ កុសុម៉ា វិញក៏បានពោលពាក្យដ៏ផ្អែមល្ហែមមកាន់ពិធីការិនីរូបនេះ។ ដេវិដ បានអរគុណដល់ព្រហ្មលិខិតដែលឱ្យលោកជួប សុភ័ក្រ កុសុម៉ា ជាបងស្រី រៀមច្បង ដៃគូដ៏ល្អ ធ្វើឱ្យលោកមានភាពកក់ក្តៅនិងមានភាពជឿជាក់នៅលើឆាកគ្រប់ពេល។ ចាប់ដៃគូជាមួយគ្នាអាចលើស១០០កម្មវិធី ដេវិដ មានក្តីប្រាថ្នាចាប់ដៃគូជាមួយ កុសុម៉ា បន្តឈរកាន់មេក្រូនិយាយជាមួយគ្នាតរហូតទៅដល់ ចូលនិវត្តន៍៕










