មិនត្រឹមតែមានរូបសម្រស់ដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែតារាម៉ូដែល មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានបេះដូងដ៏បរិសុទ្ធបានជួយធ្វើម្ហូបដល់ជនភៀសសឹកដែលកំពុងស្នាក់នៅវត្តមួយកន្លែង។ ក្រៅពីការងារសង្គមអ្នកទាំងពីរបានស្លៀកឈុតប្រពៃណីយ៉ាងស្រស់ស្អាតបង្ហាញខ្លួននៅឯប្រាសាទអង្គរវត្តដោយបញ្ជាក់ពីសុវត្ថិភាពសម្រាប់ទេសចរដទៃទៀតក្នុងការមកលេងកម្សាន្ត។
ស្របពេលដែលប្រទេសថៃបើកការឈ្លានពានមកលើទឹកដីកម្ពុជាចូលតំបន់ជ្រៅក្បែរព្រំប្រទល់ខេត្តសៀមរាបបានធ្វើឱ្យទេសចរណ៍មួយចំនួនអាចគិតថាមិនសុខសុវត្ថិភាព។ ប៉ុន្តែយ៉ាងណាតារាម៉ូដែល មាលា ជារឿយៗតែងតែបញ្ជាក់ថាតំបន់ទេសចរណ៍នៅខេត្តសៀមរាបនិងនៅខេត្តផ្សេងទៀតរបស់ប្រទេសកម្ពុជាគឺនៅតែសុវត្ថិភាពសម្រាប់ទេសចរក្នុងការមកលេងកម្សាន្ត។ ក្រៅពីជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍តារាម៉ូដែលកូនខ្មែរកាត់បារាំងរូបនេះបានជួយដល់ជនភៀសសឹកជារឿយៗមិនថាតាមមូលធិនិខ្លួនឯងឬអ្នកផ្សេងទៀតនោះទេ។
ជាក់ស្តែង កាលពីល្ងាចថ្ងៃទី៥ មករា មាលា បានបង្ហោះវីដេអូមួយដែលនាង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមធ្វើម្ហូបជាមួយគ្នានៅវត្តមួយកន្លែងដែលនេះក៏ជាលើកទី១សម្រាប់មាលាផងដែរក្នុងការចង្អិនម្ហូបនៅវត្តអារាមបែបនេះ។ នៅថ្ងៃទី៦ ខែមករា មាលា ក៏បានបង្ហោះវីដេអូមួយទៀតដែលនាង និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានស្លៀកពាក់ឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតនៅតំបន់ប្រាសាទអង្គរវត្ត។ បន្ថែមពីលើនេះ មាលា មានភាពឆ្លាតវៃឆ្លៀតថតវីដេអូប្រម៉ូតពីទេសចរណ៍ដោយបញ្ជាក់ថាកម្ពុជាគឺសុវត្ថិភាពនិងត្រៀមស្វាគមន៍ទេសចរមកពីគ្រប់ទិសទីផងដែរ។
សកម្មភាពរបស់ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនមិនថាការធ្វើម្ហូបជួយដល់ជនភៀសសឹកឬការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នោះទេ។ ទោះយ៉ាងណា ទន្ទឹមនឹងការសរសើរពីបណ្តាអ្នកគាំទ្ររបស់ខ្លួនដែលស្អាតទាំងកាយស្អាតទាំងចិត្តនេះគេសង្កេតឃើញថាអ្នកលេងទិកតុកជាជនជាតិថៃមួយចំនួនបានចូលខម្មិនការបង្ហោះរបស់មាលាយ៉ាងច្រើនផងដែរ៕










