ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បានសន្យាជាមួយពលរដ្ឋរបស់ខ្លួននឹងសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រសិនបើគណបក្សភូមិចៃថៃរបស់លោកឈ្នះឆ្នោតនាពេលខាងមុខ ដែលគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ។ ការសាងសង់របងនេះ គឺជាគោលនយោបាយសន្តិសុខជាតិរបស់គណបក្សភូមិចៃថៃ ដើម្បីផ្តល់សុវត្ថិភាពដល់កងទ័ព និងពលរដ្ឋ ។
ពេលចូលរួមកម្មវិធីបុណ្យស.ពកងទ័ពនៅវត្តមួយក្នុងខេត្តអំណាចចារឺន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin បាននិយាយមកកាន់សារព័ត៌មានថា កម្ពុជា និងថៃ បានព្រមព្រៀងអនុវត្តបទឈប់បា.ញ់ ដែលស្ថានការណ៍បច្ចុប្បន្ន គ្មានអ្វីខុសប្លែកទេ ប៉ុន្តែអាចមានបញ្ហាតូចតាចខ្លះៗដែលមិនមែនជាការគំរា.មកំហែងដល់សន្តិសុខប្រទេស ។ លោកថា បើគណបក្សភូមិចៃថៃជាប់ឆ្នោតនៅឆ្នាំ២០២៦ លោកបន្តតំណែងជានាយករដ្ឋមន្ត្រី នឹងសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនឱ្យប្រទេសជិតខាងវាយលុក ឬគំរា.មឡើយ ។
លោក Anutin បន្តថា នឹងធ្វើរបងព្រំដែនតាមតំបន់ដែលកងទ័ពថៃត្រៀម ហើយកងទ័ពថៃក៏បានបែងចែកថវិកាសម្រាប់សាងសង់របងព្រំដែនរួចរាល់ដែរ ។ ប្រសិនបើតំបន់ណាខ្វះខាតថវិកាសម្រាប់សាងសង់របង កងទ័ពនឹងមកស្នើសុំថវិកាពីរដ្ឋាភិបាលបន្ថែម ពីព្រោះការធ្វើរបង គឺដើម្បីសន្តិសុខប្រទេសថៃ យើងគួរតែធ្វើនៅតំបន់ណាចាំបាច់ ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាល គឺជាអំណោយឆ្នាំថ្មីសម្រាប់ពលរដ្ឋ ប៉ុន្តែបើថៃយល់ថា មានការល្មើសអធិបតេយ្យពីប្រទេសជិតខាង គឺកងទ័ពជើងគោក ជើងទឹក និងអាកាស នឹងសហការគ្នាធ្វើប្រតិបត្តិការការពារអធិបតេយ្យ ។
របងព្រំដែន គឺជាប្រធានបទដ៏សំខាន់នៅមុនការបោះឆ្នោតនាខែកុម្ភៈ ឆ្នាំ២០២៦ នៅប្រទេសថៃ ហើយលោក Anutin ថា របងនឹងការពារការល្មើសអធិបតេយ្យ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ។ ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃចាំផ្ទះ គឺបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មី តាំងពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះចម្បាំងឈ្លានពានទឹកដីកម្ពុជា ។
គួរបញ្ជាក់ថា ពលរដ្ឋថៃបានគាំទ្ររដ្ឋាភិបាលរបស់ខ្លួនសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោមហេតុផលទប់ស្កាត់បទល្មើសអធិបតេយ្យ និងការលួចឆ្លងដែនខុសច្បាប់ ។ ការសាងសង់របងត្រូវបានលើកយកមកជជែកពិភាក្សា និងចម្រូងចម្រាស់យ៉ាងខ្លាំងនៅប្រទេសថៃ និងជាការធ្វើតាមបញ្ជារបស់ម្ចាស់ក្សត្រី Chulabhorn Walailak គឺជាប្អូនស្រីពៅរបស់ព្រះមហាក្សត្រថៃ ដោយសារម្ចាស់ក្សត្រីបារម្ភពីសន្តិសុខនាពេលបច្ចុប្បន្ន ជាពិសេស នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ៕










