ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានសម្តែងការហួសចិត្តយ៉ាងខ្លាំងទៅកាន់ទូរទស្សន៍ថៃដ៏ធំមួយដែលបានចុះផ្សាយព័ត៌មានមិនពិតដែលចោទថានាងជាចៅស្រីរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។ ត្រឹមមនុស្សពីរនាក់ថៃចុះផ្សាយព័ត៌មានមិនពិតមិនស៊ើបអង្កេតឱ្យច្បាស់រហូត ហ្វីយ៉ាតា បានចោទសួរតើថៃចុះផ្សាយប្រវត្តិសាស្រ្តនិងរឿងជាតិនឹងចុះផ្សាយបែបណាទៅ។

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ហ្វីយ៉ាតា បានបង្ហោះវីដេអូដែលដកស្រង់កិច្ចសន្ទនាដែលមានការចូលរួមជាមួយនឹងមនុស្ស៥នាក់ របស់កម្មវិធីថៃមួយដោយបាននិយាយមិនពិតពីទំនាក់ទំនងនាងនិងអ្នកនាំពាក្យក្រសួងការពារជាតិ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយថា «អរគុណដែលសរសើរថាស្អាត តែនាងខ្ញុំមិនមែន ចៅស្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទេ»។
ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា «កម្មវិធី TV លំដាប់ប្រទេស តែយករឿងមិនពិតមកនិយាយផ្សាយ ដោយមិនធ្វើការស៊ើបអង្កេតឱ្យច្បាស់ មុនផ្សាយទៅពិភពលោក ចុះទម្រាំរឿងប្រវត្តិសាស្ត្រ ឬរឿងប្រទេសជាតិទៀត… គិតមើលទៅ»។
ការបង្ហោះរបស់ ហ្វីយ៉ាតា បានធ្វើឱ្យមានការបញ្ចេញមតិយ៉ាងច្រើនដោយអ្នកលេងបណ្តាញសង្គមបានបង្ហាញការអស់សំណើចចំពោះការលើកឡើងដែលថា ហ្វីយ៉ាតា ជាចៅស្រីរបស់លោកជំទាវ ម៉ាលី សុជាតា ប្រកបដោយភាពជឿជាក់ធ្វើដូចដឹងច្បាស់ប៉ុន្តែមិនមែនការពិតទាល់តែសោះ។ .png)
មិនត្រឹមតែប៉ុណ្ណោះអ្នកខ្លះថែមលើកឡើងថា ការដែលថៃចោទប្រកាន់បែបនេះដោយសារតែឃើញអ្នកទាំងពីរមានឈ្មោះ «សុជាតា» ទើបគិតថាអ្នកទាំងពីរមានទំនាក់ទំនងសាច់ញាត្តិជាមួយគ្នាតែម្តង។ អ្នកខ្លះក៏រិះគន់ពីវិជ្ជាជីវៈរបស់ទូរទស្សន៍ថៃដែលចុះផ្សាយមិនពិតចោទប្រកាន់មិនសមហេតុផលជាព័ត៌មានក្លែងក្លាយទាំងស្រុង៕










