ប្រទេសចិន ៖ ចិនបានបង្ហាញពីតួនាទីសម្របសម្រួលជម្លោះរវាងកម្ពុជា-ថៃ ស្របតាមស្មារតីគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក (Global Security Initiative) របស់ប្រធានាធិបតីចិន លោក Xi Jinping ហើយចិនចង់ឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរវិលមកភាពប្រក្រតីនាពេលឆាប់ៗ ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃបច្ចុប្បន្ន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ នៅខេត្តយូណាន ។
.jpg)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin និយាយថា កម្ពុជា និងថៃ គឺជាប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីគោលបំណងស្តារទំនុកចិត្តរវាងគ្នានិងគ្នា និងអនុវត្តបទឈប់បាញ់ ។ តាំងពីកើតសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ចិនបានប្រកាន់គោលជំហរកណ្តាលដើរតួនាទីសម្របសម្រួលស្របតាមស្មារតីគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក (Global Security Initiative) ដែលស្នើដោយប្រធានាធិបតីចិន លោក Xi Jinping ដែលសហការជាមួយភាគីទាំងពីរ រួមទាំងកងទ័ពកម្ពុជា-ថៃ ដើម្បីសម្រេចបានបទឈប់បាញ់កន្លងមក ។ ចិនរីករាយណាស់ និងគាំទ្រយ៉ាងពេញទំហឹងដែលភាគីទាំងពីរអនុវត្តបទឈប់បាញ់ ។
បទឈប់បាញ់រវាងកម្ពុជា-ថៃទទួលបានយ៉ាងលំបាក ហេតុនេះ ភាគីទាំងពីរមិនត្រូវផ្អាកបទឈប់បាញ់ ឬបោះបង់ចោលពាក់កណ្តាលទី ឬផ្ទុះសង្គ្រាមម្តងទៀតឡើយ ពីព្រោះពលរដ្ឋប្រទេសទាំងពីរមិនត្រូវការសង្គ្រាម ហើយចិនមិនចង់ឃើញផ្ទុះសង្គ្រាមកម្ពុជា-ថ្មីជាថ្មី ។ ការឈប់បាញ់នឹងដំណើរការបន្តទៀត ចាំបាច់ត្រូវតែមានការទំនាក់ទំនង ពិភាក្សាគ្នាជានិច្ច និងស្តារសន្តិភាពទ្វេភាគីបន្តិចម្តងៗ ។
ចិនយល់ឃើញថា ដរាបណាភាគីទាំងសងខាងជឿទុកចិត្តគ្នា និងបើកការចរចា គឺនឹងអាចសម្រេចគោលដៅ ។ ជាមួយគ្នានេះ ការស្តារទំនុកចិត្តរវាងគ្នានិងគ្នា គឺជាបញ្ហាដែលចិនមើលឃើញថា មានសារៈសំខាន់ ពីព្រោះជម្លោះបានបំផ្លាញទំនុកចិត្ត ទោះយ៉ាងណា កម្ពុជា-ថៃ គឺជាប្រទេសជិតខាងគ្នា ដែលមានប្រវត្តិសាស្ត្រជាមិត្តជាមួយគ្នាយូរលង់មកហើយ ។
ចិននឹងបំពេញតួនាទីជំរុញទំនាក់ទំនងកម្ពុជា-ថៃជានិច្ច ហើយចិនរីករាយក្នុងការជួយ និងផ្តល់ការគាំទ្រដល់ភាពចាំបាច់ទាំងអស់ រួមមាន ៖ តាមដានបទឈប់បាញ់, ផ្តល់ជំនួយមនុស្សធម៌ និងសហការបោសសម្អាតមីន ។ លើសពីនេះ ចិនទន្ទឹងរង់ចាំមើល និងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងកម្ពុជា-ថៃនឹងវិលមកប្រក្រតីឡើងវិញនាពេលឆាប់ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin ។

គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា, លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា-ចិន-ថៃ ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ។
កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនានិងភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ៕










