នៅខណៈពេលដែលប្រទេសខ្លួនកំពុងត្រូវបានថ្កោលទោ.សដោយមនុស្សរាប់ពាន់លាននាក់ដែលកាន់សាសនាហិណ្ឌូនៅជុំវិញពិភពលោកថាជាពូ.ជទមិឡអត់សាសនាបំផ្លា.ញរូបសំណាកព្រះវិស្ណុ ឥឡូវនេះសារព័ត៌មានក្នុងស្រុករបស់ថៃ រួមទាំងប្រជាពលរដ្ឋថៃមួយចំនួន បានចាប់ផ្ដើមទៅស្វែងរករូបភាពនិងវីដេអូពីព័ត៌មានចាស់ៗ ដើម្បីយកមកវា.យប្រហារប្រទេសនិងប្រជាជនឥណ្ឌាវិញម្ដង។

តាមការចុះផ្សាយរបស់សារព័ត៌មាន MGR Online របស់ថៃ ពួកគេបានបង្ហាញអំពីសកម្មភាពការរុះរើរូបសំណាកព្រះយេស៊ូនៅក្នុងប្រទេសឥណ្ឌា ដែលទង្វើនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាយុទ្ធសាស្ត្រ «បង្វែរដាន» ដើម្បីកាត់បន្ថយការខឹងសម្បារពីអន្តរជាតិជុំវិញការវាយកម្ទេចរូបសំណាកព្រះវិស្ណុរបស់ហិណ្ឌូនៅតាមព្រំដែនកម្ពុជា កាលពីពេលថ្មីៗនេះ។

នៅលើ TikTok និងបណ្តាញសង្គមផ្លូវការរបស់ខ្លួន MGR Online បានចែករំលែកវីដេអូនៃអាជ្ញាធរឥណ្ឌាកំពុងដកចេញនូវរូបសំណាកព្រះយេស៊ូកម្ពស់២០ហ្វីត (ប្រហែល៦ម៉ែត្រ)។ ចំណងជើងនៃវីដេអូនោះបានលើកឡើងដោយផ្ទាល់នូវជម្លោះការទូតដែលកំពុងកើតឡើងថា៖
«ពាក់ព័ន្ធនឹងករណីដែលឥណ្ឌាតវ៉ាចំពោះអាជ្ញាធរថៃ ដែលបានបំផ្លាញរូបសំណាកព្រះហិណ្ឌូដែលសាងសង់ដោយកម្ពុជា… ប្រសិនបើយើងក្រឡេកទៅមើលកាលពីឆ្នាំ២០២២ វិញ អាជ្ញាធរឥណ្ឌាខ្លួនឯងក៏បានបំផ្លាញរូបសំណាកព្រះយេស៊ូកម្ពស់២០ហ្វីត នៅក្នុងភូមិ Gokunte រដ្ឋ Karnataka ដែលបានតាំងនៅទីនោះអស់រយៈពេលជាង១៨ឆ្នាំមកហើយដែរ»។

ការបង្ហោះនោះបានបន្តអះអាងថា ប្រទេសឥណ្ឌា «បំផ្លាញជាបន្តបន្ទាប់» នូវព្រះវិហារគ្រិស្តសាសនា និងវិហារឥស្លាម ក្រោមលេសនៃការទន្ទ្រានដីសាធារណៈ ដោយចង់បញ្ជាក់ថា ការរិះគន់របស់ឥណ្ឌាមកលើថៃ គឺជាទង្វើ «លាក់ពុត»។

ការបង្ហោះនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែទទួលបានប្រតិកម្មអវិជ្ជមានច្រើនលើសលប់ ដែលបង្កឲ្យមានវិវាទថ្មីមួយទៀតសម្រាប់ស្ថាប័នព័ត៌មានថៃមួយនេះ។ អ្នកលេងបណ្តាញសង្គមថៃជាច្រើនបានរិះគន់ស្ថាប័ននេះថា បាន«ចាក់សាំងលើភ្លើង» ក្នុងអំឡុងពេលវិបត្តិយោធា និងការទូតដ៏រសើប។ មតិដែលទទួលបានការគាំទ្រច្រើនមួយបានលើកឡើងថា «ជំនួសឲ្យការបកស្រាយពីជំហររបស់យើង បែរជាយើងទៅវាយប្រហារសាសនារបស់គេទៅវិញ? រឿងនេះធ្វើឲ្យប្រទេសថៃមើលទៅកាន់តែអាក្រក់»។

អ្នករិះគន់ផ្សេងទៀតយល់ថា ការយកការអនុវត្តច្បាប់ក្នុងតំបន់កាលពីច្រើនឆ្នាំមុន មកប្រៀបធៀបនឹងការប្រើកម្លាំងយោធាវាយកម្ទេចរូបសំណាកអាទិទេពក្នុងតំបន់សង្គ្រាមឆ្នាំ២០២៥ គឺជារឿងដែលមិនអាចទទួលយកបានទេ។ ការផ្សព្វផ្សាយបែបនេះអាចធ្វើឲ្យទំនាក់ទំនងជាមួយឥណ្ឌាកាន់តែអាក្រក់ទៅៗ ខណៈដែលថៃកំពុងរងសម្ពាធការទូតពីកម្ពុជា និងឥណ្ឌារួចទៅហើយ។
រហូតមកដល់ពេលនេះ MGR Online នៅមិនទាន់លុបការបង្ហោះនោះចេញនៅឡើយទេ បើទោះបីជាមានការរិះគន់រាប់ពាន់ពីសំណាក់អ្នកកាន់សាសនាគ្រិស្ត ហិណ្ឌូ និងជនជាតិថៃខ្លួនឯង ដែលអំពាវនាវឲ្យមានក្រមសីលធម៌សារព័ត៌មានវិជ្ជាជីវៈបន្ថែមទៀតចំពោះវិបត្តិនេះក៏ដោយ។

សូមជម្រាបជាថ្មី ទង្វើរបស់ថៃដែលបំផ្លាញរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា បានបណ្តាលឲ្យផ្ទុះប្រតិកម្មនិងរិះគន់ ពេញពិភពលោក។ ទាំងសារព័ត៌មានឥណ្ឌានិងសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយជាមួយនឹងចំណងជើងធំៗ ដែលដាក់ការស្តីបន្ទោសថៃចំៗថា បានប្រព្រឹត្តទង្វើគ្មានការគោរព និងឲ្យតម្លៃដល់សាសនា៕