តារាម៉ូដែល មាលា បានបង្ហាញមានមោទនភាពចំពោះ ប៉ីប៉ី ឌី ដែលខិតខំយ៉ាងអស់ពីសមត្ថភាពក្នុងការជួយប្រជាជនដែលកំពុងជួបទុក្ខលំបាក។ មាលា ថែមទាំងទម្លាយទៀតថា ប៉ីប៉ី ឌី មើលទៅហត់នឿយពេញដោយអារម្មណ៍សោកសៅ ខណៈមានការយកចិត្តទុកដាក់ខ្លាំងចំពោះជាតិមាតុភូមិ។
បន្ទាប់ពីបង្កើតមូលនិធិជួយដល់ជនភៀសសឹកកន្លងមកពេលនេះ មាលា នៅតែបន្តជួយបងប្អូនប្រជាជនខ្មែរដោយផ្តល់ជាអំណោយអង្ករមកកាន់មូលនិធិ ប៉ីប៉ី ឌី រួមជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី។ អ្វីដែលកាន់តែចាប់អារម្មណ៍ មាលា គឺបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះ ប៉ីប៉ី ឌី បន្ទាប់ពីឃើញការខិតខំរបស់លោកយ៉ាងសស្រាក់សស្រាំពិតប្រាកដ។
មាលា បានបង្ហោះរូបជុំគ្នាមួយសន្លឹកកាលពីយប់ថ្ងៃទី២៦ ធ្នូ ជាមួយនឹងអារម្មណ៍របស់ខ្លួនដោយរៀបរាប់ថា «ដឹងទេបង ប៉ីប៉ី ឌី ខំប្រឹងអស់ពីសមត្ថភាព ពេលទៅដល់កន្លែងចែកអំណោយ ខ្ញុំឃើញគាត់អង្គុយនៅម្ខាងផ្លូវ ហើយមើលទៅគាត់ហត់នឿយណាស់ ក្រៀមក្រំណាស់ ភ្នែករបស់គាត់មើលទៅទទេរៗពីព្រឹត្តិការណ៍ថ្មីៗទាំងអស់។ ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមានមោទនភាពប៉ុណ្ណាដែលមានចិត្តល្អ និងមានឥទ្ធិពលពិតប្រាកដដូចគាត់។
គាត់យកចិត្តទុកដាក់ខ្លាំងណាស់សម្រាប់ជាតិយើង ហើយផ្តល់អ្វីៗដែលគាត់មានសម្រាប់អ្នករាល់គ្នា។ ស៊ូៗបង ប៉ីប៉ី ឌី ថ្ងៃនេះមិនងាយស្រួលទេ ប៉ុន្តែអ្វីៗនឹងប្រសើរឡើង។ សន្តិភាពនឹងត្រឡប់មកយើងវិញ។ ហើយឥឡូវនេះ ខ្ញុំដឹងថាបងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលបងអាចធ្វើបានហើយ»។
គួរបញ្ជាក់ផងដែរថា ទោះបីជាកន្លងមក ប៉ីប៉ី ឌី ជួបព្យុះភ្លៀងមានការចោទប្រកាន់គ្រប់សព្វទាក់ទងនឹងលុយជំនួយក្តីប៉ុន្តែលោកនៅតែសម្រេចចិត្តវិលត្រឡប់មកជួយជនរួមជាតិវិញ។ ថ្មីៗនេះ ប៉ីប៉ី ឌី ក៏បានបង្ហាញថាលោកបានចុះខេត្តជួយជនភៀសសឹកចំនួន១៤ថ្ងៃ ហើយនៅតែបន្តទទួលជំនួយធម្មតា ខណៈស្បៀងនៅតែបន្តដឹកទៅតាមគោលដៅ៕










