(ភ្នំពេញ)៖ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ទៅកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថា សហរដ្ឋអាមេរិកនឹងខិតខំជំរុញបទឈប់បា.ញ់រវាងកម្ពុជានិងថៃឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដោយចង់ឃើញប្រទេសទាំងពីរស្ដារសន្តិភាពឡើងវិញ។

យោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី ២៥ ធ្នូ ២០២៥ គឺសម្ដេចបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញអោយមានបទឈប់បាញ់អោយបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនោះ ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញអោយមានបទឈប់បាញ់អោយបានឆាប់តាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនោះ សម្ដេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕