(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយថ្មី សាងសង់ផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋចំណូលទាប ដែលជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧»។ នេះបើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំស្ដីពី «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការ អនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឋាន ឆ្នាំ ២០១៤ និង ធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន។
«គោលនយោបាយថ្មី» នេះមានគោលបំណង ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត, កម្មករនិយោជិត, និងអ្នកធ្វើចំណាកស្រុក និងជំរុញការអភិវឌ្ឍនគរូបនីយកម្ម។
សេចក្ដីព្រាងគោលនយោបាយនេះ បានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន ៤ ខុសប្លែកពីគោលនយោបាយឆ្នាំ ២០១៧ រួមមាន៖
១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន។
២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។
៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅសម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច។
៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។
ទន្ទឹមនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និងជួល), «គោលនយោបាយថ្មី» នេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី មធ្យម និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានផងដែរ៕









