ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Top News កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ គណបក្សភូមិចៃថៃបានសម្រេចតែងតាំងនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak Phuangketkeow ឈរឈ្មោះជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបុគ្គលទាំង២រូបប្រឹងប្រែងរកសំឡេងគាំទ្រដោយបង្កសង្គ្រា.មឈ្លានពា.នកម្ពុជា ។ រីឯមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សភូមិចៃថៃ ចំនួន២រូបទៀតនឹងបន្តធ្វើការជាមួយគ្នា ប្រសិនបើគណបក្សនេះជាប់ឆ្នោតបង្កើតរដ្ឋាភិបាល ។

កាលពីថ្ងៃទី២៤ ខែធ្នូ គណបក្សភូមិចៃថៃចេញសេចក្តីប្រកាសពីការសម្រេចរបស់គណបក្សតែងតាំងបុគ្គលចំនួន២រូបឱ្យឈរឈ្មោះជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មី រួមមាន ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សភូមិចៃថៃ លោក Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Sihasak Phuangketkeow ។

គណបក្សលើកហេតុផលថា ការជ្រើសរើសលោក Anutin ធ្វើជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មី ដោយសារមានបទពិសោធន៍ដឹកនាំប្រទេស និងទទួលបានការគាំទ្រពីពលរដ្ឋឱ្យកាន់តំណែងបន្តទៀត បន្ទាប់ពីបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មី ។ រីឯការជ្រើសរើសលោក Sihasak ជាបេក្ខជនតំណែងនាយករដ្ឋមន្ត្រីថ្មី ដោយសារលោកជារដ្ឋមន្ត្រីក្រសួងការបរទេសមានបទពិសោធន៍ច្រើនផ្នែកការទូតជាមួយអន្តរជាតិ ហើយអាចធ្វើការងារទាំងផ្នែកនយោបាយ ទាំងសន្តិសុខ ដែលមានការទទួលស្គាល់ពីពលរដ្ឋ ។

ចំណែកអ្នកស្រី Suphajee Suthumpun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Ekniti Nitithanprapas ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងបន្តធ្វើការជាមួយគ្នា ប្រសិនបើគណបក្សភូមិចៃថៃជាប់ឆ្នោតបង្កើតរដ្ឋាភិបាលនៅឆ្នាំ២០២៦ ។

ពេលប្រកាសគោលនយោបាយរបស់គណបក្សភូមិចៃថៃ លោក Anutin បាននិយាយទៅកាន់សមាជិកគណបក្សដែលចង់ឈរឈ្មោះបោះឆ្នោតថា បើពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃកាន់អំណាចបន្ត គឺគណបក្សនឹងតែងតាំងអ្នកស្រី Suphajee Suthumpun ដែលបច្ចុប្បន្ន ជារដ្ឋមន្ត្រីមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ ចំណែកលោក Ekniti Nitithanprapas នឹងកាន់តំណែងដដែល គឺឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ។ លោក Anutin សុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រខ្លួន និងផ្តល់ឱកាសឱ្យលោកបន្តតំណែងជាថ្មី បើជាប់ឆ្នោតនឹងជ្រើសរើសទាហានស្ម័គ្រចិត្ត ចំនួន១សែននាក់ ដោយផ្តល់ប្រាក់ខែខ្ពស់ គឺ១ម៉ឺន២ពាន់បាតក្នុង១ខែ (ឬជិត ៤០០ដុល្លារ) ។

គួរបញ្ជាក់ថា លោក Anutin ត្រូវបានគណបក្សប្រឆាំងលើកបន្តប់ឱ្យកាន់តំណែងនាយករដ្ឋមន្ត្រីត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ និងត្រូវរំលាយរដ្ឋសភាប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទើបប្រឹងប្រែងរៀបចំផែនការសម្តែងផ្ទុះមីនជាមួយកងទ័ពយកលេសវាយប្រហារកម្ពុជាជាថ្មី ដើម្បីរកសំឡេងគាំទ្រពេលបោះឆ្នោត ។ បើមិនធ្វើសង្គ្រាមឈ្លានពានដណ្តើមទឹកដីកម្ពុជា លោកមិនអាចបន្តតំណែងទេ ដោយសារអសមត្ថភាពដឹកនាំប្រទេស និងរងការរិះគន់ខ្លាំងរឿងបណ្តោយឱ្យពលរដ្ឋភាគខាងត្បូង ជាពិសេស នៅស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់ រួមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋកម្មអនឡាញលំដាប់ពិភពលោក ។

ការធ្វើសង្គ្រាមវាយប្រហារកម្ពុជាលើកនេះ គឺជាវិធីដើម្បីឱ្យលោក Anutin ទទួលបានសំឡេងគាំទ្រឡើងវិញ និងក្លាយជាមេដឹកនាំប្រទេសដែលល្បីល្បាញខាងដណ្តើមទឹកដីប្រទេសជិតខាង ។ ប៉ុន្តែការបង្កសង្គ្រាមដើម្បីផលប្រយោជន៍នយោបាយផ្ទៃក្នុង ឬអំណាចរបស់ខ្លួន វាគ្មានន័យអ្វីឡើយ ពីព្រោះបានបំផ្លាញហេដ្ឋារចនាកម្ពុជាយ៉ាងធ្ងន់ធ្ងរ ពលរដ្ឋកម្ពុជាត្រូវជម្លៀសពីលំនៅឋាន បាត់បង់សមាជិកគ្រួសារ ព្រាត់ប្រាស់ប្តី-ប្រពន្ធ កូនសិស្សមិនបានចូលរៀន ។ លោក Anutin ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មឈ្លានពាន ឧក្រិដ្ឋម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ៕