ការផឹកទឹកភ្លាមៗក្រោយភ្ញាក់ពីដំណេកនៅពេលព្រឹក គឺជាទម្លាប់ល្អសម្រាប់សុខភាព ពីព្រោះវាជួយបន្ថែមសំណើមក្នុងរាងកាយដោយសាររាងកាយខ្វះទឹកពេញមួយយប់ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា មិនមែនការផឹកទឹកគ្រប់ប្រភេទពេលព្រឹកមុនបរិភោគអាហារ សុទ្ធតែផ្តល់ផលល្អដល់សុខភាពទេ ។ គ្រូពេទ្យណែនាំឱ្យចៀសវាងផឹកភេសជ្ជៈ៥ប្រភេទនេះពេលព្រឹក ប្រសិនបើមិនចង់ឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។

ខាងក្រោមនេះ គឺជាភេសជ្ជៈទាំង៥ប្រភេទហាមផឹកក្រោយភ្ញាក់ពីដំណេកពេលព្រឹកដាច់ខាត ៖
១-ទឹកតែ (ជាពិសេសទឹកតែចាស់) ៖ មនុស្សជាច្រើនមានទម្លាប់ផឹកទឹកតែចាស់ពេលព្រឹក ប៉ុន្តែការផឹកទឹកតែពេលពោះទទេមិនល្អឡើយ ដោយសារទឹកតែមានជាតិ Caffeine និង Tannin ដែលជំរុញការហូរអាស៊ីតទៅក្នុងក្រពះ ។ វានឹងបណ្តាលឱ្យឈឺពោះ ក្អួតចង្អោរ ប្រសិនបើលោកអ្នកមានជំងឺក្រពះនោះ ទម្លាប់ផឹកទឹកតែពេលព្រឹកនឹងធ្វើឱ្យឈឺក្រពះកាន់តែខ្លាំង ។ គ្រូពេទ្យណែនាំឱ្យផឹកទឹកតែបន្ទាប់ពីបរិភោគអាហារព្រឹករួច យ៉ាងហោចណាស់ ចាប់ពី៣០នាទី ទៅ៦០នាទី ។
២-ទឹកធម្មតាលាយទឹកឃ្មុំ ៖ ទោះជាការផឹកទឹកធម្មតាលាយទឹកឃ្មុំផ្តល់នូវគុណសម្បត្តិច្រើនក្តី ប៉ុន្តែបើផឹកវាក្រោយភ្ញាក់ពីដំណេកនឹងធ្វើឱ្យកម្រិតស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស និងធ្លាក់ចុះវិញភ្លាមៗ ដែលបណ្តាលឱ្យអស់កម្លាំង ឬវិលមុខ ។

៣-ទឹកផ្លែឈើក្រឡុក ៖ ទឹកផ្លែឈើមានវីតាមីនខ្ពស់ ប៉ុន្តែសម្បូរទៅដោយអាស៊ីតសរីរាង្គ និងជាតិស្ករ បើផឹកវាពេលពោះទទេ អាស៊ីតនឹងរលាយ ឬរលាកស្រទាប់ក្រពះ បង្កហានិភ័យប្រឈមនឹងការច្រាលអាស៊ីត ។ លើសពីនេះ ការខ្វះជាតិសរសៃធ្វើឱ្យរាងកាយទទួលយកជាតិស្ករច្រើន រហូតដល់អស់កម្លាំងនាពេលបន្ទាប់ ។

៤-ភេសជ្ជៈជាតិហ្គាស និងភេសជ្ជៈផ្អែម ៖ ហាមផឹកភេសជ្ជៈទាំងនេះពេលព្រឹកដាច់ខាត ពីព្រោះដូចគ្នានឹងការរំញោចរាងកាយដោយជាតិស្ករ និងកាបូនឌីអុកស៊ីត ។ គុណវិបត្តិរបស់វា គឺធ្វើឱ្យហើមពោះ ប្រឈមនឹងជំងឺធាត់ ទឹកនោមផ្អែម និងជំងឺបេះដូងធ្ងន់ធ្ងរ ។
៥-ទឹកកក ៖ ពេលលោកអ្នកទើបតែភ្ញាក់ពីដំណេក គឺសីតុណ្ហភាព និងចរន្តឈាមមិនទាន់ដំណើរការល្អស្រួលបួលទេ ។ ដូច្នេះ ការផឹកទឹកកកដែលត្រជាក់ខ្លាំងនឹងធ្វើឱ្យសរសៃឈាមរួមតូចភ្លាមៗ ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ, ឈឺពោះ រាគរូស ជាពិសេស មនុស្សចាស់គួរតែប្រុងប្រយ័ត្នបំផុតដើម្បីការពារជំងឺលើសឈាម ។
ពេលភ្ញាក់ពីដំណេកពេលព្រឹក គ្រូពេទ្យណែនាំឱ្យផឹកទឹកក្តៅឧណ្ឌៗ ដោយផឹកម្តងបន្តិចៗដើម្បីជំរុញដល់ដំណើរការរបស់ពោះវៀន និងដាស់ប្រព័ន្ធខាងក្នុងរាងកាយ ។ បន្ទាប់មក ប្រមាណពី២០នាទី ទៅ៣០នាទី ទើបចាប់ផ្តើមបរិភោគអាហារពេលព្រឹក ៕










