ពិតជាកំពូលព្រះមហាវីរក្សត្រ ដែលពូកែខាងទំនាក់ទំនងការទូត និងបង្កើតចំណងមិត្តភាពជាមួយមិត្តបរទេស! ក្រោយរយៈពេលជិត ៤០ឆ្នាំនៃការយាងជួបចរចាជាលើកដំបូងជាមួយបារាំងនៅទីក្រុង Fère-en-Tardenois ឥឡូវនេះបារាំងបានប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅតំបន់នោះថា “សួនច្បារ នរោត្តម សីហនុ” ដើម្បីជាការម្លឹកដល់ចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។
.jpg)
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា “សួនច្បារនរោត្តម សីហនុ»។

ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។
គួរជម្រាបថា ជំនួបជាប្រវត្តិសាស្ត្រនោះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។.jpg)
ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ នាឱកាសនោះ។
ស្ថានឯកអគ្គរាជទូតកម្ពុជា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាព ក្រៃលែងដែលឃើញការចងចាំចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងប្រវត្តិសាស្ត្រសន្តិភាពរបស់ កម្ពុជា ត្រូវបានតម្កល់តម្លៃយ៉ាងខ្ពង់ខ្ពស់នៅលើទឹកដីបារាំង៕










