ក្លិបបាល់ទាត់ True Bangkok United របស់ថៃ បានដាក់សំណើទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដោយស្នើសុំមិនចូលប្រកួតនៅលើទឹកដីកម្ពុជា ក្នុងពានរង្វាន់ Shopee Cup។

នៅក្នុងជំនួបថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្លិប True Bangkok United បានស្នើឱ្យមានការប្រកួតនៅទឹកដីកណ្តាល ដែលអាចនៅវៀតណាម ឬឡាវ ក្នុងហេតុផលបារម្ភចំពោះសុវត្ថិភាពខ្លួន។
ដំបូងឡើយ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន គ្រោងអនុញ្ញាតឱ្យការប្រកួតផ្លាស់ប្តូរទៅលេងនៅដីកណ្តាល ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមម្ចាស់ផ្ទះ ត្រូវទទួលខុសត្រូវលើការចំណាយច្រើន ហេតុដូច្នេះគិតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីសម្រេចចុងក្រោយនៅឡើយទេ។
អ្នកគ្រប់គ្រងក្លិបថៃនេះ បានប្រកាសដាច់អហង្ការ ថានឹងមិនធវើដំណើរមកប្រកួតនៅប្រទេសកម្ពុជាដាច់ខាត ខណៈពួកគេត្រៀមត្រូវទទួលការពិន័យ ឬតម្រូវឱ្យចាញ់ដោយស្វ័យប្រវត្តិក៏ដោយ៕










