ប្រទេសថៃ ៖ ហ្វេសប៊ុកផេក និងបុគ្គលមួយចំនួននៅប្រទេសថៃចូលចិត្តញុះញង់ឱ្យកងទ័ពបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាម្តងហើយម្តងទៀតដើម្បីបំពេញមហិច្ឆតាវាតទីទឹកដី ដោយបង្ហាញការគាំទ្រកងទ័ព និងមេដឹកនាំឱ្យបង្កជម្លោះ រករឿងទម្លាក់កំហុសមិនចប់ ។ ជនទាំងនេះសប្បាយចិត្តពេលឃើញកងទ័ពថៃផ្លោងគ្រា.ប់ និងទម្លាក់គ្រាប់បែ.កដោយយន្តហោះចម្បាំង F-16 ក្នុងដែនអធិបតេយ្យកម្ពុជា ថែមទាំងលាបពណ៌ថា អគារដែលខូចខាតដោយគ្រាប់បែ.ក គឺជាទីតាំង Scammer ។ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនមិនគាំទ្រជនញុះញង់បង្កសង្គ្រា.មទេ និងចង់ចាកចេញពីជំរំភៀសសឹកឆាប់ៗ ដើម្បីរកចំណូលដោះបំណុលធនាគារ ។

បន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋថៃនៅព្រំដែនត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ជំរំជនភៀសសឹកផ្សេងៗដែលរៀបចំរួចហើយ ប៉ុន្តែដោយសារសង្គ្រាមអូសបន្លាយយូរថ្ងៃ មិនដឹងបញ្ចប់ពេលណា ពលរដ្ឋថៃទាំងនេះចាប់ផ្តើមធុញទ្រាន់យ៉ាងខ្លាំង ។ ពួកគេពុំបានធ្វើការងារ ពុំបានរកស៊ី គ្មានប្រាក់ចំណូលដោះបំណុលធនាគារ និងបោះបង់សត្វចិញ្ចឹម ដោយរង់ចាំការផ្តល់អាហារតិចតួចពីជំរំភៀសសឹក រីឯបុគ្គលចូលចិត្តញុះញង់ឱ្យបង្កសង្គ្រាម បែរជារស់នៅស្រួល ស៊ីដេកស្រួល បង្ហោះវីដេអូរកចំណូលផ្ទាល់ខ្លួន ។

ក្រោយអត់ធ្មត់លែងបាន ពលរដ្ឋថៃម្នាក់បានបញ្ចេញមតិក្នុងបណ្តាញសង្គមថា ពួកជនដែលចូលចិត្តញុះញង់ឱ្យបង្កសង្គ្រាមឈ្លានពានកម្ពុជា តើផ្ទះរបស់ពួកអ្នកនៅក្បែរព្រំដែនដែរឬទេ ហើយដឹងទេថា តើពលរដ្ឋនៅព្រំដែនត្រូវជម្លៀសចេញពីផ្ទះប៉ុន្មានថ្ងៃ? ពួកអ្នកគួរតែសួរទៅរដ្ឋាភិបាលតើសង្គ្រាមនឹងបញ្ចប់ពេលណា? ដើម្បីឱ្យពលរដ្ឋនៅព្រំដែនបានចាកចេញពីជំរំភៀសសឹកទៅផ្ទះវិញ មុនពេលគោក្របីងាប់អស់ ។ ពេលនេះ ពលរដ្ឋព្រំដែនដែនស្នាក់នៅជំរំភៀសសឹកគ្មានចំណូល គ្មានការងារ គ្មានអ្វីបរិភោគក្រៅពីអាហារមិនគ្រប់គ្រាន់ក្នុងជំរំភៀសសឹក ។

ពលរដ្ឋថៃម្នាក់នេះទាមទារឱ្យរដ្ឋាភិបាលខ្លួនជូនដំណឹងឱ្យច្បាស់លាស់មកកាន់ពលរដ្ឋ តើឱ្យរង់ចាំប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀត មិនមែនចេះតែទុកឱ្យពលរដ្ឋរស់នៅក្នុងសភាពបែបនេះទេ ពលរដ្ឋយល់ថា រដ្ឋាភិបាលចង់ផ្តល់សុវត្ថិភាព ប៉ុន្តែត្រូវតែប្រាប់ផងថា តើសង្គ្រាមនឹងបញ្ចប់ពេលណា ។ រីឯបុគ្គលញុះញង់ខ្លះដែលជំរុញឱ្យរដ្ឋាភិបាលបិទការចរចាសន្តិភាព ដោយសារមិនរងផលប៉ះពាល់ដោយសារសង្គ្រាម ពួកគេនៅតែអាចធ្វើការមានប្រាក់ខែចូលធនាគារ ប៉ុន្តែពលរដ្ឋព្រំដែនគ្មានប្រាក់ខែចូលធនាគារទេ តើអ្នកណាទទួលខុសត្រូវ ។

បុគ្គលញុះញង់តែងតែជំរុញឱ្យកងទ័ពវាយប្រហារកម្ពុជាម្តងនេះឱ្យធ្ងន់ដៃ កុំបន្ធូរដៃឱ្យសោះ និងចោទប្រកាន់កម្ពុជាមិនល្អបែបនេះ មិនល្អបែបនោះ ដោយសារពួកអ្នកស្អប់ខ្ពើម ប៉ុន្តែពលរដ្ឋព្រំដែនលំបាកវេទនា ។ បើពួកអ្នកគិតបែបនេះ ហេតុអ្វីមិនញុះញង់ឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានម៉ាឡេស៊ីដែរទៅ ដើម្បីបញ្ចប់បញ្ហាព្រំដែននៅខេត្តភាគខាងត្បូង ចំនួន៣ ហើយហេតុអ្វីមិនញុះញង់ឱ្យកងទ័ពធ្វើសង្គ្រាមជាមួយមីយ៉ាន់ម៉ា ។ តើដឹងទេថា កងទ័ពនៅខេត្តព្រំដែនស្លាប់ដោយសារសង្គ្រាម មិនមែនជាកងទ័ពមកពីទីក្រុង ឬកូនចៅពួកអ្នកញុះញង់ទេ ។

គួរបញ្ជាក់ថា បុគ្គលដែលចូលចិត្តញុះញង់ឱ្យបង្កសង្គ្រាមឈ្លានពានកម្ពុជា គឺ កាន់ ចមផ្លាំង Influencer ថៃ ដែលបានយកឧបករណ៍បំពងសំឡេងមកចាក់រំខានការសម្រាករបស់ពលរដ្ឋខ្មែរនៅព្រំដែន និង Influencer មួយចំនួនទៀតនៅខេត្តសុរិន្ទ ចូលចិត្តញុះញង់ឱ្យកងទ័ពថៃវាយដណ្តើមយកប្រាសាទក្របី ។ បុគ្គលទាំងនេះហ៊ានតែជាមួយកម្ពុជាប៉ុណ្ណោះ មិនហ៊ានញុះញង់ឱ្យកងទ័ពធ្វើសង្គ្រាមជាមួយម៉ាឡេស៊ី និងមីយ៉ាន់ម៉ាទេ បើទោះជាថៃមានបញ្ហាព្រំដែនជាមួយប្រទេសទាំងពីរក្តី ។

កន្លងមក ការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង បានខ្ទាតគ្រាប់កាំភ្លើងចូលទឹកដីថៃបណ្តាលឱ្យពលរដ្ឋថៃរងរបួសជាបន្តបន្ទាប់ សាលារៀនត្រូវបិទទ្វារ ប៉ុន្តែមេដឹកនាំថៃមិនហ៊ានក្អក ឬប្រកាសង្គ្រាមជាមួយមីយ៉ាន់ម៉ាឡើយ បានត្រូមតែជូនដំណឹងឱ្យមីយ៉ាន់ម៉ាបន្ធូរដៃ និងសុំចរចា ។ ចំណែកកម្ពុជាវិញរងការចោទប្រកាន់ពីថៃមិនឈប់ឈរ ថៃតែងតែសម្តែងលេងល្បិចដដែលៗឱ្យកងទ័ពខ្លួនជាន់មីនទម្លាក់កំហុសលើកម្ពុជា ជាពិសេស ពេលបញ្ចប់កិច្ចប្រជុំដោះស្រាយជម្លោះព្រំដែន ឬមុនកិច្ចប្រជុំ ឬពេលស្ថានការណ៍ស្ងប់ស្ងាត់ ក៏ប្រឌិតរឿងផ្ទុះមីន ៕