ទន្ទឹមនឹងការជួយរបស់មហាគ្រួសារខ្មែរយ៉ាងផុសផុលទៅដល់វីរកងទ័ពនិងជនភៀសសឹករបស់កម្ពុជាដែលរងការឈ្លានពានពីថៃ បុគ្គលអគតិមួយចំនួនក៏ឆ្លៀតឱកាសយករឿងនេះមកធ្វើជាជំនួញដូចគ្នា។ មានការក្លែងបន្លំជាច្រើនបោកលុយពីសប្បុរសជនពិធីការិនី សុភ័ក្រ កុសុម៉ា និងអ្នកនាង ផន សុផារី ចេញមុខនិយាយជុំវិញរឿងនេះតែម្តង។

តាមរយៈវីដេអូបង្ហោះនៅថ្ងៃទី២០ខែធ្នូ នេះ សុភ័ក្រ កុសុម៉ា បាននិយាយថានាងតឹងទ្រូងជាយូរមកហើយក៏សុំផ្តាំផ្ញើទៅកាន់ជនបោកប្រាស់ ជនខិលខូចដែលមានខួរក្បាលសត្វហើយរឿងនេះគឺតាំងពីមានសង្គ្រាមលើកទី១មកម្ល៉េះនាងទើសខ្លាំងមែនទែន។ កុសុម៉ា ថាជនបោកប្រាស់ទាំងនោះមិនដឹងមានខួរក្បាលជាអ្វី ដែលបង្កើតអាខោនឬក៏ QR Code ដូរឈ្មោះជាបងប្អូនរបស់វីរកងទ័ពដែលបានពលីឬក៏កំពុងសម្រាកព្យាបាលលួយយកលុយពីសប្បុរសជនទៅចាយហ៊ឺហាដោយខ្លួន
ពិធីការិនីរូបនេះលើកឡើងទៀតថា ជនឆ្លៀតឱកាសទាំងនោះមិនថាមានខួរជាអ្វីនោះទេដែលធ្វើបែបនេះទៅរួច ខណៈនាងថាបាបមិនចាំជាតិក្រោយនោះទេ ហើយការធ្វើបែបនេះពិតជាជ្រុលហួសហេតុ។ កុសុម៉ា ថាកាលៈទេសៈពេលនេះត្រូវមានឆន្ទៈជាកូនខ្មែរបើមិនបានជួយ មិនបានរួបរួមទេកុំដើរទៅបោកប្រាស់អ្នកដទៃ។
មិនខុសគ្នាប៉ុន្មាននោះទេ អ្នកនាង ផន សុផារី វិញក៏បានចេញវីដេអូដូចគ្នាទាក់ទងនឹងជនបោកប្រាស់ដូចគ្នាដែលកេញចំណេញយកលុយសប្បុរសជនក្នុងពេលមានសង្គ្រាម។
អ្នកនាង ផន សុផារី បានលើកឡើងថាជនឆ្លៀតឱកាសដែលធ្វើបែបនេះគឺពិតជាបាបខ្លាំងណាស់ ខណៈដែលពេលនេះមានបងប្អូនមួយចំនួនដែលជាសមាជិកគ្រួសារកងទ័ពពលី ឬរងរបួសកំពុងតែត្រូវការខ្លាំងអ្នកដែលត្រូវការមែនទែនគឺអត់មានអ្នកណាដែលជួយពួកគាត់ទេ។ កត្តាដែលគ្មានអ្នកជួយទៅលើគ្រួសារពលីនិងរងរបួសពិតប្រាកដគឺដោយសារតែជនក្លែងបន្លំកាត់មុខ ធ្វើឱ្យសប្បុរសជនពិបាកនឹងជួយដោយសារតែជួយខុសរហូត៕










