គូឡាឡាំពួ៖ ការបើកបង្ហាញទិន្នន័យរូបភាពតាមរយៈផ្កាយរណប និងលទ្ធផលស៊ើបអង្កេតរបស់ក្រុម AOT ដែលគ្រោងធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទី១៦ ធ្នូស្អែកនេះ ត្រូវបានលើកទៅពេលក្រោយ ខណៈភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបន្តកើនឡើង។ នេះបើយោងតាមសារព័ត៌មានម៉ាឡេស៊ី BERNAMA។
.jpg)
នាយករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានប្ដូរវេនអាស៊ានបច្ចុប្បន្ន លោក អាន់វ៉ា អុីប្រាហុីម បាននិយាយប្រាប់សារព័ត៌មាន នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះថា ប្រទេសជិតខាងទាំងពីរ (កម្ពុជា-ថៃ) បានស្នើសុំពន្យារពេលកិច្ចប្រជុំបន្តិចបន្តួច ដែលដំបូងឡើយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃស្អែកនេះ។
លោក អាន់វ៉ា បាននិយាយថា ការពន្យារពេលនៃកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីវាយតម្លៃការវិវឌ្ឍចុងក្រោយបំផុតនៃភាពតានតឹងព្រំដែនដែលកំពុងបន្តរវាងកម្ពុជា និងថៃ និងដើម្បីធានាថាអ្វីៗគ្រប់យ៉ាងមានមានភាពរៀបរយ មុននឹងការប្រជុំពិភាក្សាលើប្រធានបទផ្សេងៗដំណើរការទៅបានដោយរលូន។.jpg)
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies នៅថ្ងៃដដែលនេះ លោក អាន់វ៉ា បានកត់សម្គាល់ថា «យើង (ម៉ាឡេសុី)កំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរិ័ ទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ លោក អាន់វ៉ា អុីប្រាហុីម បានលើកឡើងថា លទ្ធផលតាមដាននៃបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលផ្តល់ការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្កាយរណប នឹងត្រូវបើកបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី ១៦ ខែធ្នូខាងមុខ។.jpg)
ប៉ុន្តែដោយបច្ចុប្បន្ន កិច្ចប្រជុំមួយនេះត្រូវបានពន្យាពេល ការបើកបង្ហាញលទ្ធផលនៃក្រុម AOT រួមទាំងរូបភាពដែលចាប់បានពីផ្កាយរណប ក៏នឹងត្រូវលើកទៅពេលក្រោយដូចគ្នា ហើយនៅមិនទាន់មានការកំណត់ថានឹងធ្វើឡើងនៅពេលណាច្បាស់លាស់នោះដែរ ដោយរង់ចាំមើលស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ មានការធូរស្បើយជាមុនសិន៕










