ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារារ៉េប វណ្ណដា បានចេញចម្រៀង Diss Track ទៅកាន់ប្រទេសថៃដែលជាចោរតជំនាន់ដោយប្រើពេលត្រឹមតែ១យប់ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ស្រាប់តែផ្លោងសម្តីទៅកាន់ប្រជាជនថៃឱ្យគិតពិចារណាបន្ទាប់ពី អានុទីន នាយករដ្ឋមន្រ្តីចាំផ្ទះច្រៀងសប្បាយធ្វើមិនដឹងទាំងទាហានរបស់ខ្លួនស្លាប់លើដីខ្មែរ។
កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ អ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពី អានុទីន នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃបានចុះទៅជួបជនភៀសសឹកប៉ុន្តែបាន ច្រៀងរាំសប្បាយធ្វើដូចគ្មានរឿងអ្វីកើតឡើង។ នេះកាន់តែបញ្ជាក់ឱ្យពិភពលោកបានកាន់តែច្បាស់ថាតើប្រទេសណាដែលរងការឈ្លានពានពិតប្រាកដ។
ឃើញសកម្មភាពដែលប្រជាជនថៃរើសនាយករដ្ឋមន្រ្តីខុសដឹកនាំប្រទេសទៅរកភ្លើងសង្គ្រាម ក្រោមស្នាដៃអានុទីន ខណៈក្បាលម៉ាស៊ីនបែរជាច្រៀងសប្បាយបែបនេះ តារាចម្រៀង វណ្ណា បានចោទសួរទៅកាន់ជនជាតិថៃថា «ហ្នឹងមែន មេដឹកនាំវាពេលប្រទេសមានសង្រ្គាម?»។ គួរឱ្យដឹងថា វណ្ណដា បានបង្ហើបថាលោកកំពុងតែស្វិតស្វាញដើម្បីជួយទៅដល់ជនភៀសសឹក។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ វណ្ណដា បានទម្លាក់បទ «ចោរ» ដោយបានច្រៀងដៀលចំៗទៅកាន់ប្រទេសចោរសៀមដែលជាចោរតជំនាន់ ឈ្លានពានល្មោភសង្គ្រាម ជាប្រទេសទមិឡធ្វើបាបជនស៊ីវិល ជាប្រទេសកំប្លែងនៅអាស៊ី ខណៈដែរទាហានថៃស្លាប់នៅលើទឹកដីខ្មែរ។ វណ្ណដា ក៏បានស្រែកឱ្យពិភពលោកជួយដឹងឮថាប្រទេសកម្ពុជាលំបាកណាស់ព្រោះតែរស់នៅក្បែរចោរ ហើយដើម្បីតែអំណាចបង្កសង្គ្រាមធ្វើបាបប្រទេសដទៃ។ ក្នុងនោះ វណ្ណដា ក៏បានលើកឡើងពីចរិតរបស់ថៃដែលមើលងាយប្រទេសខ្មែរ រួមទាំងយកប្រាសាទមិនបានបំផ្លាញចោលតែម្តង។ ជាមួយនឹងការដៀលប្រទេសថៃ វណ្ណដា ក៏បានរំលេចពីការសាមគ្គីរបស់ខ្មែរ និងការលះបង់របស់ទាហានជួរមុខរបស់កម្ពុជាផងដែរ៕










