មន្រ្តីនគរបាលនៃច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតម្នាក់ដែលយកឧស្សាហ៍ប្រជាជននៅក្នុងតំបន់ទាំងជនជាតិខ្មែរនិងថៃបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនារយៈចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋទូទៅប៉ុណ្ណោះទេសូម្បីតែ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏សម្តែងការកោតសរសើរនិងចង់ឱ្យមានប៉ូលិសជិះមើលតាមផ្លូវពេលយប់បន្ថែមទៀតនោះប្រជាជនពិតជាកក់ក្តៅ។
.png)
ដូចប្រិយមិត្តជ្រាបមកហើយថាគណនីហ្វេកប៊ុកឈ្មោះ «PL Kim» បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែសកម្មភាពរបស់លោកយកចិត្តទុកដាក់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។ វីដេអូដែលមានការចាប់អារម្មណ៍ខ្លាំងគឺនៅពេលលោកបានជួយយកឧស្សាហ៍ជនជាតិថៃ និងជួយយុវជនពីរនាក់ដែលជិះម៉ូតូអស់សាំងទាំងនៅពេលយប់រួមទាំងសកម្មភាពជាច្រើនទៀត។ លោកគឺជាអនុសេនីយ៍ទោ ជា តាកីម មន្ត្រីនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលទទួលបានការសរសើររាប់មិនអស់ពីប្រជាជនខ្មែរ។.png)
ទង្វើសាមញ្ញប៉ុន្តែប្រកបដោយអត្ថន័យរបស់លោកអនុសេនីយ៍ទោ ជា តាកីម មិនត្រឹមតែឆាបឆក់បេះដូងប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេតែក៏បានឆាបឆក់បេះដូងបវរកញ្ញា ហ្វីយ៉ាតាដូចគ្នា។
ហ្វីយ៉ាតា Miss Universe Cambodia 2025 បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «បើអាចមានដូចបងប្រុសជិះមើល តាមផ្លូវពេលយប់បន្ថែមរាល់យប់ ប្រជាជនពិតកក់ក្ដៅ.. សុំអរគុណនូវបេះដូងដ៏ស្រស់ស្អាតនេះ នៃបងៗប៉ូលិសកម្ពុជា.. គួរឱ្យគោរព»។
ងាកទៅកាន់មតិយោបល់អ្នកលេងបណ្តាញសង្គមវិញបានបញ្ចេញមតិថា «មានតែ១០០នាក់ដូចអនុសេនីយ៍ទោ ជា តាកីម ជិះម៉ូតូពេលយប់លែងខ្លាចហើយអរគុណអំពើល្អរបស់ ប៉ូលិសសង្ហា, ស្រុកខ្ញុំអើយ បើមានប៉ូលិសបែបនេះច្រើនសង្គមខ្ញុំបែបរីកចម្រើនថ្នាក់ណាទេ គោរពបង»។ ជាមួយនឹងមតិជាច្រើនដែលកោតសរសើរខ្លួននិងចង់ឱ្យមានប៉ូលិសល្អៗបែបនេះនៅក្នុងសង្គមលោកអនុសេនីយ៍ទោ ជា តាកីម បានឆ្លើយតបដោយសុភាពរាបសារថាមិនមែនមានតែលោកនោះទេប៉ុន្តែនៅមានប៉ូលិសល្អៗជាច្រើនទៀត៕










