ក្រុមអត្តពលិកកម្ពុជាទាំង១២ប្រភេទកីឡា នឹងតម្រូវឲ្យស្នាក់នៅរួមគ្នា ដោយមិនបែងចែកតាមប្រភេទកីឡាឡើយ ដើម្បីធានាសុវត្ថិភាពនៅអំឡុងពេលប្រកួតស៊ីហ្គេម ចាប់ពីថ្ងៃទី៩ ដល់ ២០ ខែធ្ន ២០២៥ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើការការពារសន្តិសុខយ៉ាងតឹងរឹងពីម្ចាស់ផ្ទះថៃ។
តាមពាក្យសម្ដីរបស់លោក ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជា បានលើកឡើងថា ពាក់ព័ន្ធនឹងអាហារ កន្លែងស្នាក់នៅ របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា គឺមានលក្ខណៈពិសេសជាងបណ្ដាប្រទេសដទៃទៀត ដោយបានស្នាក់នៅរួមគ្នាតែម្ដងដោយមិនបែងចែកតាមប្រភេទកីឡានោះទេ។ ដែលនេះផ្ដល់នូវលក្ខខណ្ឌខុសប្លែកពីបណ្ដាប្រទេសចូលរួមផ្សេងៗដែលតម្រូវឲ្យអត្តពលិកស្នាក់នៅទៅតាមប្រភេទកីឡានីមួយៗ។
.jpg)
លោកបានបន្តទៀតថា ជុំវិញសន្តិសុខ និងសុវត្ថិភាពវិញគឺនឹងមានការយកចិត្តទុកដាក់ខ្ពស់ និងតឹងរឹងបំផុតលើប្រតិភូ គ្រូបង្វឹក អត្តពលិកទាំងអស់មិនថានៅឯទីលានប្រកួត និងពេលធ្វើដំណើរនោះទេ។ ពោលនឹងមានការមើលថែសុវត្តិភាពខ្ពស់ចំពោះក្រុមកម្ពុជា។
សូមបញ្ជាក់ថា ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ដែលទៅចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតចំនួន ៩ប្រភេទកីឡា ដែលរួមមាន បាល់ទាត់ទាំងបុរស និងនារី យូដូ ការ៉ាតេ បញ្ចស៊ីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ សីដក់ និងបាល់ទះ ដោយសារកីឡាទាំងនេះភាគច្រើនប្រកួតនៅខេត្តសុងក្លា ដែលជាតំបន់រងគ្រោះដោយទឹកជំនន់ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធរងការខូតខាតដែលអាចធ្វើឲ្យបញ្ហាប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់។.jpg)
បច្ចុប្បន្នកម្ពុជាសម្រេចចូលរួមត្រឹមតែ ១២ប្រភេទកីឡា ស្មើហ្នឹងអត្តពលិក ១៣៧នាក់ប៉ុណ្ណោះ។ កីឡាទាំង ១២ប្រភេទនោះមាន កីឡាហែលទឹក, កីឡាអត្តពលកម្ម, កីឡាអេឡិចត្រូនិក (E-Sport), កីឡាគុនដាវ, កីឡាកាយសម្ព័ន្ធ, កីឡាជឺជីតស៊ូ, កីឡាឃីតបុកស៊ីង, កីឡាតេក្វាន់ដូ-WT, កីឡាជិះសេះ, កីឡាម៉ូតូទឹក, (Jetski), កីឡាទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ។.jpg)
ចំពោះមូលហេតុដែលកម្ពុជានៅតែបញ្ជូនអត្តពលិកឲ្យទៅចូលរួមប្រកួតកីឡាទាំងនេះ គឺដោយសារតែ ក្នុងចំណោមកីឡាទាំង ១២ ប្រភេទនេះ មានតែកីឡាអេឡិចត្រូនិកមួយប្រភេទប៉ុណ្ណោះដែលប្រកួតជាក្រុម ហើយមិនប៉ះទង្គិចរាងកាយគ្នាថែមទៀត ដោយសារប្រើប្រាស់ទូរសព្ទប្រកួត។ ចំណែកកីឡា ១១ ប្រភេទផ្សេងទៀត ភាគច្រើនប្រកួតលក្ខណៈឯកត្តជន ឬគូប៉ុណ្ណោះ៕










