គូឡាឡាំពួ៖ ក្រោយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត អស់រយៈពេលជាង១ទសវត្សរ៍មក នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ាឡេសុីបានធ្វើការប្រកាសថា កិច្ចប្រឹងប្រែងស្វែងរកយន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី នឹងបន្តធ្វើឡើងវិញនៅខែក្រោយនេះ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។

ក្រសួងដឹកជញ្ជូននៃប្រទេសម៉ាឡេស៊ី នាថ្ងៃពុធនេះ បានប្រកាសថា កិច្ចប្រឹងប្រែងស្វែងរកយន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៉ី នឹងបន្តឡើងវិញ នៅថ្ងៃទី៣០ ខែធ្នូ ដោយបញ្ជាក់ពីគោលជំហរមិនព្រមបោះបង់ចោលការស្វែងរកនេះថា គឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការផ្តល់ការបិទបញ្ចប់ដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារសោ.កនាដក.ម្មនេះ។

ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 មានផ្ទុកអ្នកដំណើរចំនួន២២៧នាក់ និងក្រុមការងារយន្តហោះ១២នាក់ នៅពេលដែលវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅលើគន្លងផ្លូវ ពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៤។ តាំងពីពេលនោះ ធ្លាប់មានប្រតិបត្តិការរុករកជាច្រើន ត្រូវបានធ្វើឡើង ប៉ុន្តែសុទ្ធតែមិនទទួលបានលទ្ធផល។

ប្រតិបត្តិការរុករកចុងក្រោយគេ នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ត្រូវបានផ្អាកកាលពីខែមេសា ក្រោយប្រព្រឹត្តទៅបានត្រឹមតែប៉ុន្មានសប្តាហ៍ ដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុ។ តាមក្រសួងដឹកជញ្ជូនម៉ាឡេស៉ី ក្រុមហ៊ុនរុករក Ocean Infinity បានបញ្ជាក់ថា ខ្លួននឹងបើកប្រតិបត្តិការរុករកក្រោមបាតសមុទ្រ សម្រាប់រយៈពេល៥៥ថ្ងៃ ក៏ប៉ុន្តែមិនប្រព្រឹត្តទៅជាប់គ្នាតែម្តងនោះទេ។

ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី មិនបានច្រានចោលលទ្ធភាព ដែលថាយន្តហោះ ត្រូវបានបង្វែរគោលដៅធ្វើដំណើរ ដោយចេតនាឡើយ ដ្បិតបំណែកមួយចំនួន ដែលខ្លះត្រូវបានផ្ទៀតផ្ទាត់ និងខ្លះត្រូវបានជឿថា ជារបស់យន្តហោះនោះ ត្រូវបានប្រទះឃើញនៅតាមបណ្តោយឆ្នេរនៃទ្វីបអាហ្រ្វិក និងនៅតាមកោះក្នុងមហាសមុទ្រឥណ្ឌា។

បើយោងតាមទិន្នន័យផ្កាយរណបបានបង្ហាញថា យន្តហោះនេះបានបង្វែរចង្កូតចេញពីផ្លូវហោះហើររបស់វា ហើយបានធ្វើដំណើរទៅភាគខាងត្បូង ទៅកាន់មហាសមុទ្រឥណ្ឌាភាគខាងត្បូងឆ្ងាយ ជាកន្លែងដែលវាត្រូវបានគេជឿថាអស់ប្រេងឥន្ធនៈ ហើយធ្លាក់។

គួរបញ្ជាក់ថា នៅលើយន្តហោះ MH370 រួមមានអ្នកដំណើរជនជាតិចិនជាង១៥០នាក់ ម៉ាឡេស៉ី៥០នាក់ និងពលរដ្ឋមកពីបណ្តាប្រទេសដទៃទៀត ដូចជាបារាំង អូស្រ្តាលី ឥណ្ឌូណេស៉ី ឥណ្ឌា សហរដ្ឋអាមេរិក អ៊ុយក្រែន និងកាណាដា ជាដើម៕