ផន ស្រីពី Miss Cosmo Cambodia 2025 បានចែករំលែកនៅលើបណ្តាញសង្គមថានាងមានកិត្តិយសដែលបង្ហាញពីកម្ពុជាទៅកាន់ពិភពលោកដោយបានលះបង់និងប្រឹងប្រែងចូលទៅក្នុងការប្រកួតនេះនៅឡើយតែការគាំទ្រពីប្រជាជនកម្ពុជា។ .png)
ថ្មីៗនេះ ផន ស្រីពី បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតសម្រាប់ការបង្ហាញម៉ូត Hello Cosmo Vietnam រដូវកាលទី២ ជាមួយនឹងឈុតពណ៌ស។ នាល្ងាចថ្ងៃទី៣ ខែធ្នូ នេះ ការប្រកួតនឹងឈានដល់វគ្គ «Best In Swimsuit»ហើយ។ ស្របពេលបេក្ខភាព Miss Cosmo 2025 បានចូលរួមសកម្មភាពបណ្តើរៗ ផន ស្រីពី ចង់ឃើញការគាំទ្រពីប្រជាជនកម្ពុជាដើម្បីបង្ហាញថាខ្មែរមានការសាមគ្គីរួបរួមគ្នាបានល្អ។

នៅយប់ថ្ងៃទី២ ខែធ្នូ Miss Cosmo Cambodia 2025 បានបង្ហោះនៅលើគណនីផ្ទាល់ខ្លួនបន្ទាប់ពីដើរម៉ូតរួចថា «នេះគឺជាកិត្តិយសដែល ស្រីពី មានឱកាសបង្ហាញអំពីកម្ពុជាទៅកាន់ពិភពលោកក្នុងនាមជាស្រីខ្មែរម្នាក់ រាល់ការប្រឹងប្រែង រាល់ការលះបង់ ស្រីពី បានដាក់ទៅក្នុងការប្រកួតមួយនេះអស់ហើយ នៅឡើយតែការគាំទ្រពីពុកម៉ែបងប្អូនប្រជាជនកម្ពុជាតែប៉ុណ្ណោះ »។ នាងបន្តទៀតថា «ស្រីពីគ្រាន់តែចង់ឱ្យពិភពលោកឃើញថា កម្ពុជា គឺជាប្រទេសដែលរួបរួមគ្នា និងហ៊ានធ្វើគ្រប់យ៉ាងដើម្បីកម្ពុជាកាន់តែល្បីល្បាញ និងពិភពលោកស្គាល់អំពីកម្ពុជាកាន់តែច្បាស់»។

គូសបញ្ជាក់ថា ផន ស្រីពី បានចេញដំណើរទៅប្រកួតនៅឯប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីបានចូលរួមជាមួយនឹងបេក្ខភាពមួយចំនួនទៀតក្នុងសកម្មភាពសប្បុរសធម៌។ មុននឹងចេញទៅប្រកួតនៅស្រុកគេ ផន ស្រីពី បាននិយាយប្រាប់អ្នកគាំទ្រទាំងទឹកភ្នែកនាងស្ទើរតែចង់បោះបង់ការតំណាងមួយនេះព្រោះការស្ពាយឈ្មោះប្រទេសកម្ពុជាទៅប្រកួតមិនមែនជារឿងងាយស្រួលនោះទេ ខណៈការប្រកួតនេះនាងបានលះបង់ជាច្រើនមិនថាតែថវិកាឬពេលវេលាទាំងកម្លាំងកាយនិងចិត្ត។
វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Cosmo 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។ កាលពីឆ្នាំ២០២៤ អ្នកតំណាងកម្ពុជាគឺជា អ៊ិន លក្ខិណា ហើយនាងអាចឈានដល់TOP10 នៃការប្រកួតកម្មវិធីសម្រស់មួយនេះ៕










