ប្រទេសថៃ ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សភាពាណិជ្ជកម្មថៃបានលើកឡើងពីទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រហាក់ប្រហែលនឹងទឹកជំនន់កាលពីឆ្នាំ២០១១ ដោយសភាពាណិជ្ជកម្មវាយតម្លៃថា ថៃខាតបង់ថវិកាជាតិរហូតដល់ជាង៤ម៉ឺនលានបាត (ឬជាង១,២៥០លានដុល្លារ) ក្នុង១ខែ ដោយសារទឹកជំនន់ ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត ។ ពលរដ្ឋ និងម្ចាស់អាជីវកម្មភាគខាងត្បូងត្រូវការប្រាក់សំណងជាបន្ទាន់ និងចំណាយពេលជាង១ខែដើម្បីរៀបចំផ្ទះ ឬអាជីវកម្មឡើងវិញ ។
លោក ថាណាវ៉ាត់ ផុនវិឆ័យ ប្រធានសភាពាណិជ្ជកម្ម និងជាប្រធានក្រុមប្រឹក្សានៃមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ច និយាយថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ រហូតមកដល់ពេលនេះ ពុំទាន់មានការសន្និដ្ឋានពីការខាតបង់ថវិកាជាតិដោយសារទឹកជំនន់ទេ ។ ជំហ៊ានដំបូង ក្រសួងហិរញ្ញវត្ថុបានវាយតម្លៃការខូចខាតស្មើទឹកប្រាក់ប្រមាណ៥សែនបាត បើប្រៀបធៀបនឹងទឹកជំនន់កាលពីឆ្នាំ២០១១ គឺខាតបង់ថវិកាជាតិអស់រាប់លានបាត ទឹកជំនន់នៅឆ្នាំ២០២៥ គឺស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីទឹកជំនន់ឆ្នាំ២០១១ ។
សភាពាណិជ្ជកម្មបានវាយតម្លៃពីផលប៉ះពាល់ជំហ៊ានដំបូងរយៈពេល១ខែ ដោយសារទឹកជំនន់នៅខេត្តភាគខាងត្បូងចំនួន១០ គឺពលរដ្ឋរងផលប៉ះពាល់រហូតដល់ជាង២លាននាក់ ឬស្មើ៧៩៨,៦០០គ្រួសារ ក្នុងនោះខេត្តសុងក្លា ប៉ះពាល់ខ្លាំងបំផុត ស្មើ៦០% នៃការខូចខាតទាំងអស់ បន្ទាប់មក ខេត្តណាខនស្រ៊ីថាំម៉ារ៉ាជ និងផាត់តាលុង ។ រយៈពេល១ខែ ទឹកជំនន់នៅខេត្តទាំងនេះធ្វើឱ្យខាតបង់ថវិកាជាតិ ចាប់ពី១,០០០លានបាត ទៅ១,៥០០លានបាតក្នុង១ថ្ងៃ ឬជាង៤ម៉ឺនលានបាតក្នុង១ខែ (ឬជាង១,២៥០លានដុល្លារ) ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត ដោយសារទឹកជំនន់វាយប្រហារចំពេលភ្ញៀវទេសចរមកលេងភាគខាងត្បូងច្រើន ។.jpg)
ចំណែកអាជីវកម្មលក់រាយ ភោជនីយដ្ឋាន និងសណ្ឋាគារនៅភាគខាងត្បូង ត្រូវវបទទ្វារបណ្តោះអាសន្ន និងរងផលប៉ះពាល់ជាបន្តបន្ទាប់ដោយសារការផ្លាស់ប្តូរទីតាំងប្រកួតកីឡាស៊ីហ្គេម ។ ទឹកជំនន់ជាមូលហេតុនៃការបាត់បង់ទំនុកចិត្ត និងឱកាសសេដ្ឋកិច្ច រីឯផ្នែកកសិកម្ម និងការផលិតទំនិញ ក៏រងផលប៉ះពាល់ដោយសារទឹកជំនន់ដែរ ។ តាមការសាកសួរពលរដ្ឋភាគខាងត្បូង គឺអាចចំណាយពេលជាង១ខែក្នុងការរៀបចំផ្ទះ ឬអាជីវកម្មឡើងវិញ ដោយសារទ្រព្យសម្បត្តិ ឬកន្លែងស្តុកទំនិញខូចខាតទាំងស្រុង ខ្វះខាតថវិកា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ។
ពេលនេះ ពលរដ្ឋភាគខាងត្បូងត្រូវការខ្លាំងបំផុត គឺឱ្យរដ្ឋាភិបាលផ្តល់ប្រាក់សំណងដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដោយផ្ញើប្រាក់តាមធនាគារឱ្យលឿនបំផុត មិនមែនឱ្យពលរដ្ឋទៅខ្ចីប្រាក់ពីធនាគារនោះទេ ។ ការខ្ចីប្រាក់ពីធនាគារ គឺជាជម្រើសបន្ថែមទៀត និងសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យពលរដ្ឋប្រើប្រាស់បានឆាប់ៗ ។
គួរបញ្ជាក់ថា នៅថ្ងៃទី២ ខែធ្នូ រដ្ឋាភិបាលថៃចាប់ផ្តើមផ្តល់ប្រាក់សំណងខូចខាតដោយសារទឹកជំនន់ឱ្យពលរដ្ឋនៅខេត្តសុងក្លា ណារ៉ាធិវ៉ាត ប៉ាត់តានី និងសាទូន តាមរយៈធនាគារ ក្នុង១គ្រួសារចំនួន៩,០០០បាត (ឬជាង២០០ដុល្លារ) ប៉ុន្តែពលរដ្ឋរិះគន់ពីការបំពេញឯកសារសាំញ៉ាំដើម្បីស្នើសុំប្រាក់សំណង ដោយតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណ និងឯកសារបញ្ជាក់ផ្សេងៗ ដោយពលរដ្ឋថា ទឹកជំនន់បានបំផ្លាញឯកសារអស់ហើយ ៕










