កម្ពុជាសុំឲ្យកាកបាទក្រហមអន្តរជាតិ (ICRC) ជំរុញឲ្យថៃដោះលែងទាហានកម្ពុជា ១៨រូប និងបន្តតាមដានសុខទុក្ខរបស់ពួកគេ ដែលបានស្ថិតក្រោមការឃុំឃាំងរបស់ទាហានថៃអស់រយៈពេល ១២៦ថ្ងៃមកហើយ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVYsEq3N58uX0iVPVdn6Xo5j8D1LSnlUgDQ23NoOxsz06aipJWHUoQ-AGqOAgqvPJYqIJUoJPNHOXqS6frJtVngtXnR_gRr85WfONlhr1TdJzvD_ErtG0-iSGd2NudfqNxtd4OdMkrYvAka0Sh1CWKgEuXt1U9IEM5RZKU3PdPbxQNSFnj0EZSe4n9vHHq/s1280/photo_2025-12-02_11-32-09%20(2).jpg

សំណើរបស់កម្ពុជាត្រូវបានលើកឡើងដោយលោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងជំនួបជាមួយលោក Gilles Carbonnier អនុប្រធានអង្គការកាកបាទក្រហម អន្តរជាតិ (ICRC) ខណៈលោកកំពុងចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១ ខែធ្នូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHO6gJrGBz7tGhkU1N4mcImC0gtxJKYe2nRp-73tyGHXvLGT_yD_ot_K_dBe_JUn9ZfciJie__5pq18BDONLsJFyO4AsxK6RsYW437GFZbrZJnnHJhXnpeWlRXo9OaOsOWkVBDYO_Iuj3qH78H9SYczFCNPAUB5vw7n-0A26AGRg12DNyZH0rHmT2NUncU/s1280/photo_2025-12-02_11-32-09%20(3).jpg

កាកបាទក្រហមអន្តរជាតិប្រចាំប្រទេសថៃ បានជួបជាមួយកងទ័ពកម្ពុជា ១៨ជាច្រើនលើក ដោយបានពាំនាំនូវលិខិតសួរសុខទុក្ខពីពួកគេទៅក្រុមគ្រួសារ និងពីក្រុមគ្រួសាររបស់ពួកគេត្រឡប់ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO4Iwa10Fkw2gLVWF7r2BJddsQeDE5bNYu3ArF4mfdN59VKWLV3sPpBx3SbCKJq05U3PqIyVM1-HJ7WLDIv0OAXteXdTbV-yYnicIrD5jc_41djAnrcAo95aHLCEUZXNTsKsRdcO2nssub-DmBTunMj4yG87r4VJKYNgAII-tlXnm_wjmP4wBDlvOxqoAJ/s1280/photo_2025-12-02_11-32-10%20(3).jpg
លោក លី ធុជ បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជាក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់របស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOgIa4_yNcqrIcmBs5mA4QBlW_Iq8u1yTwuQ56Gf5UaykdgiENCVaTu3QEgJzK07zb5iWYSMIjxHFmsMRrBpKqUnNftW-1IiwT_YEgzRGrJcFNK-S6OrTzOautvHFpiFkqvqVJlDl3ZwfdRbE-JavoXIEsOHdNxzEjFcefPJt-Ft_HNmdh231bGF5PHX8C/s1280/photo_2025-12-02_11-32-09.jpg

នៅក្នុងជំនួបនេះ លោកបានស្នើទៅ ICRC ឲ្យជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។ បើតាមអាជ្ញាធរមីន លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិនឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៩ កក្កដា ដល់ ថ្ងៃទី២ ខែធ្នូនេះ មានរយៈពេល ១២៦ថ្ងៃហើយដែលកងទ័ពកម្ពុជាទាំង ១៨នាក់ត្រូវបានភូមិភាគទី២របស់ថៃឃុំខ្លួន ដែលការចូលមកចាប់ពួកគេនៅក្នុងដែនដីរបស់កម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមាន ត្រូវបានកម្ពុជាចាត់ទុកថាជា ការចាប់ធ្វើចំណាប់ខ្មាំង ដែលលើសពីឋានៈជាឈ្លើយសឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9FxbLrE8_jBCyE-HIO0sl3YHivkUIcJb9POYCkXFCKijkCSLLGfWwZK5f1O0NxQIcJ60t_35gfqYzIqR4Zhn4FMvjch3OsqLIWTdbSp8OpikL2rmUA2ltNUIQxZk88mcsH2SMS1AOocrTciEkP18XzzGe5dAvauWewvSOhyphenhyphenZun98gdXLC0oioEyQw-SwF/s1024/photo_2025-12-02_11-32-10%20(2).jpg

នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួរ ថ្ងៃទី២៦ តុលា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា ថៃនឹងត្រូវដោះលែង ពួកគេតាមរយៈកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ជាងមួយខែមកហើយ នៅតែគ្មានពន្លឺនៃការដោះលែងពួកគេនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikumcut7r-WM2i6lG9Yj4HIQFu348Mcd2QpZou4_L8ZI4YU4TwHoqvdALx0NOKyBw2S5nDJYHjhZ2dydeYTXO7Z_uX-BsyGkA7ESGDWVxHJUiCxNjjkteOwK2aopG7PWdnHsKFbmXSEzCXIFsbdEUhRRA0gpKTMuK_BJvuvMQjgOteI3yNCdSqi3a9CE3n/s1052/photo_2025-12-02_11-32-10.jpg

កម្ពុជាជំរុញឲ្យថៃគោរពកិច្ចព្រមព្រៀងនេះ ជាពិសេសត្រង់កថាខណ្ឌទី៥ ដែលបានគូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់»។ កម្ពុជាតែងតែបានលើកឡើងពីករណីឃុំខ្លួននេះនៅលើវេទិកាអន្តរជាតិនានា ដើម្បីជំរុញឲ្យភាគីថៃ ដោះលែងពួកគេឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ដោយមិនបោះបង់ពួកគេចោលនោះទេ៕