ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទីក្រុងបាងកក ប្រទេសថៃ មានធូលីកខ្វក់ PM 2.5 កាន់តែខ្លាំងស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋរស់នៅតំបន់ចំនួន៤៩ និង១២តំបន់មានធូលីកខ្វក់ខ្លាំងជាងគេ ជាពិសេស តំបន់សាថន ណងខេម និងឡាតក្រាបាំង ។ បើតាមការសន្និដ្ឋាន គឺបណ្តាលមកពីកត្តាអាកាសធាតុ ទើបទីក្រុងបាងកកមានធូលីកខ្វក់ខ្លាំង ។
បរិមាណធូលីកខ្វក់នៅទីក្រុងបាងកកបាននិងកំពុងកើនឡើងចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២ ខែធ្នូ ហើយនៅថ្ងៃទី៧ ខែធ្នូ ធូលីនឹងកខ្វក់បំផុត ដែលបណ្តាលមកពីការបម្លាស់ទីខ្យល់ស្ថិតក្នុងកម្រិតទាប ឬខ្យល់បម្លាស់ទីមិនល្អ ។ បើតាមការសន្និដ្ឋាន គឺកំហាប់ និងភាគល្អិតរបស់ធូលីកខ្វក់ នឹងកើនឡើងខ្លាំងបន្ថែមទៀត ។
អាជ្ញាធរក្រុងបាងកកបញ្ជាក់ថា បរិមាណធូលីកខ្វក់ PM 2.5 កាលពីថ្ងៃទី៣០ ខែវិច្ឆិកា កើនឡើងខ្ពស់ជាងពេលកន្លងមក គឺស្មើរហូតដល់៤២.៦មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ដែលកើនឡើងខ្ពស់ជាងកម្រិតស្តង់ដារត្រឹមតែ៣៧.៥មីក្រូក្រាមក្នុង១ម៉ែត្រគូបនៃខ្យល់ ទើបធ្វើឱ្យវាស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់សុខភាពពលរដ្ឋ ។ កំណើនធូលីកខ្វក់ដោយសារឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ទើបធ្វើឱ្យទីក្រុងបាងកកមានអាកាសធាតុចុះត្រជាក់ និងខ្យល់បម្លាស់ទីមិនល្អ ។
អាជ្ញាធរក្រុងបាងកកណែនាំឱ្យពលរដ្ឋថែទាំសុខភាពដោយពាក់ម៉ាស់ការពារធូលីកខ្វក់ PM 2.5 ជានិច្ចពេលចេញពីផ្ទះ, កាត់បន្ថយសកម្មភាពក្រោមកំដៅថ្ងៃខ្លាំង និងសង្កេតអាការៈក្អក ពិបាកដកដង្ហើម ឬឈឺភ្នែក ។ រីឯពលរដ្ឋដែលប្រឈមនឹងផលប៉ះពាល់សុខភាព គួរតែផ្អាកសកម្មភាពកណ្តាលថ្ងៃ, អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអាការៈខុសប្រក្រតី ។
កន្លងមក មន្ត្រីសុខាភិបាលថៃបានណែនាំឱ្យពលរដ្ឋទីក្រុងបាងកកកាត់បន្ថយសកម្មភាពនៅក្រៅផ្ទះ និងពាក់ម៉ាស់ការពារធូលីកខ្វក់ពេលចញទៅខាងក្រៅ ខណៈមន្ទីរពេទ្យនានាចេញសេចក្តីប្រកាសដាស់តឿនដល់អ្នកជំងឺហឺត បញ្ហាបេះដូង និងជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើមបង្កើនការប្រុងប្រយ័ត្នបន្ថែម ពីព្រោះភាគល្អិតរបស់ធូលីកខ្វក់អាចជ្រាបចូលក្នុងសួត និងចរន្តឈាម ។
គួរបញ្ជាក់ថា ស្របពេលទីក្រុងបាងកកប្រឈមនឹងធូលីកខ្វក់ខ្លាំងលើបរិយាកាស ខេត្តនានារបស់ថៃបាននិងកំពុងលិចទឹកជំនន់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលគ្រោះធម្មជាតិនេះបានបំផ្លិ.ចបំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ខណៈពលរដ្ឋថៃជិត២លាននាក់ស្រេកឃ្លានខ្លាំងស្រែកដង្ហើយរកជំនួយ ។ នេះជាបញ្ហាដែលរដ្ឋាភិបាលថៃពិបាកដោះស្រាយ និងអំពាវនាវសុំជំនួយពីអន្តរជាតិ ។
ទោះជាទឹកជំនន់ដ៏អាក្រក់នៅស្រុកហាតយៃ ខេត្តសុងក្លា បានស្រកចុះពិតមែន ប៉ុន្តែបណ្តាខេត្តផ្សេងៗរបស់ថៃនៅតែលិចទឹកធ្ងន់ធ្ងរ ដូចជា ៖ ខេត្តអយុធ្យាបានលិចទឹកជាង៥ខែហើយ បើគិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន៤ម៉ឺន៤ពាន់គ្រួសារ ។ ទឹកជំនន់នៅអយុធ្យាមិនស្រកចុះ ខណៈនៅទីក្រុងធំៗបែរជារាំងស្ងួត រហូតធ្វើឱ្យពលរដ្ឋរិះគន់ពីការគ្រប់គ្រងទឹកជំនន់បរាជ័យរបស់រដ្ឋាភិបាល បន្ទាប់ពីខូចខាតផ្ទះ ដំណាំ បាត់បង់ការងារ និងប្រាក់ចំណូល ៕










