ប្រទេសថៃ ៖ កងទ័ពថៃបានបញ្ជូនអាវុធ រថក្រោះ និងកងកម្លាំងមកកាន់ព្រំដែនកម្ពុជា-ថៃឡើងវិញ ក្រោយពីនាយករដ្ឋមន្ត្រីថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនរងរបួសនៅព្រំដែនខេត្តស៊ីសាកេត ។ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី អាមេរិកក៏ផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឱ្យថៃអន់ចិត្តខ្លាំងជាមួយអាមេរិក ។

ទោះជាលោកប្រធានាធិបតី Trump អំពាវនាវឱ្យរដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ប៉ុន្តែកងទ័ពថៃនៅតែចិញ្ចឹមចិត្តចង់បង្កសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀតតាមការញុះញង់របស់ក្រុមជ្រុលនិយម និងពលរដ្ឋថៃមួយចំនួន ។ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ពលរដ្ឋខេត្តស៊ីសាកេតបានញាប់ដៃញាប់ជើងច្រូតស្រូវ និងប្រមូលផលដំណាំរៀងៗខ្លួនព្រោះបារម្ភកើតសង្គ្រាមជាថ្មី បន្ទាប់ពីអាជ្ញាធរប្រកាសឱ្យត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News កាលពីថ្ងៃទី២៨ ខែវិច្ឆិកា មេភូមិណូនឌូ ឃុំបឹងម៉ាលូ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (នៅទល់មុខប្រាសាទព្រះវិហារ និងភ្នំទ្រព្យ) បានប្រកាសឱ្យពលរដ្ឋត្រៀមខ្លួនឱ្យរួចរាល់ ដោយសារមិនទុកចិត្តស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ ការប្រកាសនេះធ្វើឱ្យពលរដ្ឋខេត្តស៊ីសាកេតបារម្ភខ្លាចកើតសង្គ្រាមជាថ្មី ក៏ប្រញាប់ច្រូតស្រូវ និងប្រមូលផលដំណាំលក់យកប្រាក់ដាក់តាមខ្លួន ប្រសិនបើមានការជម្លៀសចេញពីលំនៅឋាន ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ពលរដ្ឋនៅភូមិណូនឌូ បានរូតរះច្រូតស្រូវ និងប្រមូលផលដំណាំផ្សេងៗ ដូចជា ៖ បេះផ្លែម្ទេសលក់ដើម្បីប្រមូលប្រាក់ ដោយសារបារម្ភពីស្ថានការណ៍តឹងតាននៅព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយកងទ័ពថៃ ។ ពួកគេជឿថា អាចនឹងមានសង្គ្រាមកើតឡើងម្តងទៀតក្រោយពីមេភូមិប្រកាសកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឱ្យពលរដ្ឋត្រៀមខ្លួនជម្លៀសចេញពីលំនៅឋាន ដោយសារមិនទុកចិត្តស្ថានការណ៍ ជាពិសេស នៅតំបន់ប្រាសាទព្រះវិហារ និងភ្នំទ្រព្យ ។ ក្រៅពីនេះ មេភូមិក៏បានត្រៀមជម្រកបណ្តោះអាសន្ននៅស្រុកកាន់ថាឡាក់ ក៏ដូចជាឱ្យពលរដ្ឋសម្អាតលេណដ្ឋាន ។

ស្ត្រីម្ចាស់ចម្ការម្ទេសនៅខេត្តស៊ីសាកេត ប្រាប់ថា បន្ទាប់ពីមេភូមិប្រកាសឱ្យពលរដ្ឋត្រៀមជម្លៀសទៅជម្រកបណ្តោះអាសន្ន ខ្លួនក៏ប្រញាប់បេះផ្លែម្ទេសលក់ ពីព្រោះអាចនឹងមានសង្គ្រាមម្តងទៀត ។ ប្រាក់បានពីការលក់ម្ទេសនឹងទុកចាយវាយពេលជម្លៀស បើទោះជាបេះផ្លែម្ទេសបានតិចក្តី ។ ស្ត្រីរូបនេះចង់ឱ្យកងទ័ពថៃបង្កសង្គ្រាមជាមួយកម្ពុជាឱ្យដឹងឈ្នះ-ចាញ់ ដើម្បីឱ្យខ្លួនងាយស្រួលរកស៊ីចិញ្ចឹមជីវិត ពីព្រោះសព្វថ្ងៃ មិនហ៊ានបណ្តាក់ទុនរកស៊ីអ្វីទេ ។

ដូចគ្នានេះ ម្ចាស់ចម្ការម្ទេសមួយកន្លែងទៀតថា ចង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជា ដោយសារបានត្រៀមខ្លួនរួចហើយ បើអាជ្ញាធរប្រកាសឱ្យជម្លៀស ខ្លួននឹងជម្លៀសតែម្តង ។ កសិករថៃរូបនេះបានផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនបង្កសង្គ្រាម បើទោះជាកសិករជួបការលំបាក ប៉ុន្តែបារម្ភពីកងទ័ព ។

បច្ចុប្បន្ន ប្រទេសថៃបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់តាមបណ្តាខេត្ត ជាពិសេស នៅភាគខាងត្បូង ដែលរដ្ឋាភិបាលថៃអំពាវនាវឱ្យពិភពលោក ជួយដោះស្រាយបញ្ហាទឹកជំនន់ ដោយសារលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul គ្មានសមត្ថភាពសង្គ្រោះពលរដ្ឋរងគ្រោះ ។ បើទោះជាសេដ្ឋកិច្ចថៃពេលនេះដុនដាបខ្លាំង ពលរដ្ឋភាគខាងត្បូងអត់ឃ្លាន ហ៊ានលួចចំណីអាហារ ប៉ុន្តែបែរជាពលរដ្ឋខេត្តស៊ីសាកេតញុះញង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាទៅវិញ ពលរដ្ឋស៊ីសាកេត និងសុរិន្ទមួយចំនួនហៅខ្លួនឯងថា «សៀមសុរិន្ទ» និងប្រកាសគាំទ្រកងទ័ពថៃ ។

គួរបញ្ជាក់ថា ថៃបានល្មើសកិច្ចព្រមព្រៀងសន្តិភាព និងមិនព្រមដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសកម្ពុជាវិញទេ បើទោះជាកម្ពុជាអំពាវនាវឱ្យដោះលែងក្តី ។ បើគិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាថ្ងៃទី១២៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។

កម្ពុជាអំពាវនាវឱ្យថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ត្រង់កថាខណ្ឌទី៥ គូសបញ្ជាក់ថា «ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជា ជាបន្ទាន់ដោយមិនបង្អែបង្អង់» ព្រមទាំងគោរព និងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេស ច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សបំផុត ដើម្បីអាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព ៕