ពិតជារំភើប និងគួរឲ្យស្ងើចសរសើ ដែលស្រ្តីខ្មែរម្នាក់ទទួលបានឈ្នះពានរង្វាន់អាស៊ានដ៏សំខាន់មួយ តាមរយៈសៀវភៅម្ហូបខ្មែរដែលគាត់បានសរសេ ដែលនាំមកនូវមោទនភាពដល់ប្រទេស និងប្រជាជនកម្ពុជាយ៉ាងខ្លាំង។
.jpg)
អ្នកស្រី រស់ រតនៈ ឬដែលបងប្អូនជាច្រើនក្នុងបណ្ដាញសង្គមស្គាល់ថាជា ឆេហ្វ ណាក់ (Chef Nak) បានឈ្នះពានរង្វាន់«អ្នកនិពន្ធល្អបំផុតក្នុងភូមិសាស្ត្រអាស៊ាន» សម្រាប់សៀវភៅធ្វើម្ហូប និងបេតិកភណ្ឌ នៅព្រឹត្តិការណ៍ ASEAN International Book Award ដែលប្រគល់ដោយ ឯកឧត្តម Tan Sri Dato’ Sri Shamsul Azri bin Abu Bakar អគ្គលេខាធិការរដ្ឋាភិបាលម៉ាឡេស៊ី នៅទីក្រុងកូឡាលាំពួរ ម៉ាឡេស៊ី កាលពីថ្ងៃទី២៥ វិច្ឆិកា ២០២៥។
.jpg)
តាមរយៈការទទួលបានពានរង្វាន់ដ៏ពិសេសនេះ អ្នកស្រីបានថ្លែងថា វាជាកិត្តិយសនិងមោទនភាពយ៉ាងខ្លាំងរាល់ពេលដែលមានការទទួលស្គាល់នូវសមិទ្ធិផល ការខិតខំប្រឹងប្រែង និងដំណើររីកចម្រើនរបស់ម្ហូបខ្មែរនៅក្នុងតំបន់ ។.jpg)
ដោយធំធាត់ឡើងមកជាមួយនឹងការរៀនធ្វើម្ហូបតាំងវ័យក្មេង អ្នកស្រី រស់ រតនៈ មានមហិច្ឆតា ចង់ឲ្យពិភពលោកកាន់តែស្គាល់ពីមុខម្ហូបខ្មែរ។ កាលពីឆ្នាំ ២០១៩ លោកស្រីបានសរសេនិងរៀបរៀងសៀវភៅមួយក្បាលដែលមានឈ្មោះថា «ញ៉ាំ» ឡើងមក ដោយរៀបរាប់រូបមន្តពីផ្ទះបាយកម្ពុជាស្ដីពីម្ហូបប្រពៃណីខ្មែរប្រហែល ៨០ មុខ។.jpg)
រហូតដល់ឆ្នាំ ២០២៣ គាត់បានចេញផ្សាយនូវសៀវភៅ «សោយ» មួយបន្ថែមទៀត ដើម្បីថែរក្សារូបមន្តប្រពៃណីម្ហូបខ្មែរសម័យរាជវង្ស និងរឿងរ៉ាវជាច្រើនដែលឆ្លុះបញ្ចាំងពីវប្បធម៌នៃប្រទេសកម្ពុជា។ សៀវភៅនេះ បានឈ្នះពានរង្វាន់កំពូលលើពិភពលោកជា«សៀវភៅល្អបំផុតក្នុងចំណោមដែលសៀវភៅល្អបំផុត»។
កិច្ចខិតខំប្រឹងប្រឺងទាំងនេះ បាននាំឲ្យមានការទទួលស្គាល់ចំពោះគាត់ថា ជាមេចុងភៅដ៏ឆ្នើមបំផុត ដែលមិនត្រឹមតែបង្ហាញពីស្នាដៃរបស់គាត់ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌម្ហូបខ្មែរ ដែលជាផ្នែកមួយនៃវប្បធម៌អាស៊ីអាគ្នេយ៍ដ៏ទូលំទូលាយផងដែរ។
.jpg)
ក្នុងន័យនេះស្នាដៃរបស់គាត់នឹងអនុញ្ញាតឱ្យទាំងជនជាតិកម្ពុជា និងជនបរទេស បានស្វែងយល់កាន់តែច្បាស់អំពីសម្រស់ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណនៅពីក្រោយម្ហូបខ្មែរ។ មិនតែប៉ុណ្ណោះ សមិទ្ធផលទាំងនេះនឹងក្លាយជាកម្លាំងជម្រុញដល់យុវជនកម្ពុជា ជាពិសេសស្ត្រីវ័យក្មេងផ្សេងទៀតឱ្យជឿជាក់លើទេពកោសល្យរបស់ពួកគេ ដើម្បីអាចឈានទៅដល់ការសម្រេចក្ដីស្រមៃ និងលើកមុខមាត់ប្រទេសជាតិនាពេលអនាគត៕










