ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់ជន់លិចខេត្តនានានៅភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ និងបង្កមហ.ន្តរាយខ្លាំងបំផុតធ្វើឱ្យពលរដ្ឋថៃនឹកឃើញដល់ការទស្សន៍ទាយរបស់អ្នកស្រី ប្រាយ ក្រាស៊ីប ជាគ្រូទាយល្បីឈ្មោះធ្លាប់ទាយពីហេតុការណ៍ផ្សេងៗ ដូចជា ការរញ្ជួយដីនៅទីក្រុងបាងកក ហើយហេតុការណ៍ទាំងនោះក៏បានកើតឡើងដូចការទស្សន៍ទាយពិតប្រាកដមែន ។ អ្នកស្រីធ្លាយទាយពីទឹកជំនន់ដ៏អាក្រក់នៅភាគខាងត្បូងផងដែរ ហើយវីដេអូរបស់អ្នកស្រីត្រូវបានពលរដ្ឋថៃចែកចាយឡើងវិញក្នុងបណ្តាញសង្គម ។
អ្នកស្រីបានទាយពីទឹកជំនន់នៅប្រទេសថៃថា ចាប់ពីខែកញ្ញា តុលា និងវិច្ឆិកា ឆ្នាំ២០២៥ នឹងមានទឹកជំនន់ជន់លិចបណ្តាខេត្តនៅភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ ដែលកម្ពស់ទឹកនឹងកើនឡើងខ្លាំងចាប់ពី២ម៉ែត្រ ទៅ៣ម៉ែត្រ ខណៈកម្ពស់ទឹកសមុទ្រកើនឡើងខ្ពស់ ។ គ្រោះធម្មជាតិដ៏អាក្រក់នេះពិតជាគួរឱ្យបារម្ភបំផុតសម្រាប់ប្រទេសថៃ ក្រៅពីរញ្ជួយដីនៅទីក្រុងបាងកក បង្កឱ្យបាត់បង់ជីវិតមនុស្ស ទ្រព្យសម្បត្តិ និងចំណាយថវិកាយ៉ាងច្រើន ។
វីដេអូរបស់អ្នកស្រីត្រូវបានចែកចាយឡើងវិញក្នុងបណ្តាញសង្គម ពីព្រោះទឹកជំនន់ដែលកើតឡើងនៅភាគខាងត្បូងពេលនេះ គឺធ្ងន់ធ្ងរបំផុតដូចការទាយគ្មានខុស ។ ខេត្តភាគខាងត្បូងបានលិចទឹកជាបន្តបន្ទាប់ក្រោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ថែមទាំងមានខ្យល់ព្យុះកាន់តែធ្វើឱ្យស្ថានការណ៍អាក្រក់ខ្លាំងឡើង ដែលពលរដ្ឋថៃពុំធ្លាប់ជួបហេតុការណ៍នេះពីមុនទេ ។ ពេលទឹកជំនន់ហូរពីព្រៃភ្នំភ្លាមៗដែលគ្មានការជូនដំណឹង ពលរដ្ឋថៃរត់ស្ទើរមិនទាន់ ខ្លះឡើងលើដំបូលផ្ទះ ខ្លះជាប់ក្នុងអគារដង្ហើយរកការសង្គ្រោះជាបន្ទាន់ ខណៈភ្នាក់ងារខ្វះទាំងកម្លាំង ខ្វះទាំងឧបករណ៍ ។
ពលរដ្ឋភាគខាងត្បូងស្រែកសុំការជួយសង្គ្រោះបន្ទាន់ពីនាយករដ្ឋមន្ត្រី លោក Anutin Charnvirakul ដូចជា ៖ ជួយជម្លៀសពួកគេចេញពីអគារ ជាពិសេស មនុស្សចាស់ កុមារ និងអ្នកឈឺធ្ងន់ ប៉ុន្តែអ្វីគួរឱ្យហួសចិត្ត គឺលោក Anutin បាននាំមន្ត្រីពាក់ព័ន្ធមកពិនិត្យមើលស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ត្រឹមតែ២ដងប៉ុណ្ណោះ ហើយក៏ថតរូបបង្ហោះក្នុងបណ្តាញសង្គមទាក់ដើម្បីទាញប្រជាប្រិយភាព រួចត្រឡប់ទៅទីក្រុងបាងកកវិញ ។ ពលរដ្ឋថៃចង់ឃើញនាយរដ្ឋមន្ត្រីជួយជម្លៀសពួកគេចេញពីតំបន់គ្រោះថ្នាក់ កុំទុកឱ្យពលរដ្ឋប្រថុយស្លាប់រស់ដោយខ្លួនឯង ប៉ុន្តែការជួយយឺតយ៉ាវមិនទាន់ពេលវេលា ។
ទោះយ៉ាងណា លោក Anutin បង្ហាញក្តីបារម្ភខ្លាំងចំពោះស្ថានការណ៍ទឹកជំនន់នៅភាគខាងត្បូង ដោយលោកបញ្ជាឱ្យក្រសួងពាក់ព័ន្ធបញ្ជូនកម្លាំងមកជួយជម្លៀសពលរដ្ឋជាប់ក្នុងអគារឱ្យលឿនបំផុត ។ លើសពីនេះ លោកបញ្ជាឱ្យកងទ័ពអាកាសបញ្ជូនយន្តហោះមកជួយពលរដ្ឋជាប់លើដំបូលផ្ទះ រីឯកងទ័ពជើងទឹកបញ្ជូននាវាចម្បាំងរបស់ព្រះមហាក្សត្រថៃដែលទុកឈ្លានពានដែនទឹកកម្ពុជា មកជួយពលរដ្ឋរងគ្រោះ ។
គួរបញ្ជាក់ថា ទឹកជំនន់បានជន់លិចបណ្តាខេត្តភាគខាងត្បូងរបស់ថៃយ៉ាងធ្ងន់ធ្ងរ ជាពិសេស ស្រុកហាតយៃ ខេត្តសុងក្លា កម្ពស់ទឹកកើនឡើងរហូតដល់ជាង២ម៉ែត្រ ដែលធ្វើឱ្យស្រុកហាតយៃលិចទៅក្រោមទឹក ផ្ទះសម្បែង ផ្លូវ ស្ពាន មន្ទីរពេទ្យ និងអគារពាណិជ្ជកម្មលិចស្មើដំបូល ខ្លះទៀតលិចដល់អគារជាន់ទី២ ខណៈភ្នាក់ងារសង្គ្រោះពិបាកជួយព្រោះខ្វះខាតកម្លាំង និងឧបករណ៍មិនគ្រប់គ្រាន់ ។ ពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់យ៉ាងហោចណាស់ស្មើ១៩នាក់ បណ្តាលមកពីឆក់ខ្សែភ្លើង និងគ្រោះថ្នាក់ផ្សេងៗ ហើយរហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មនុស្សជាច្រើនដែលជាប់ក្នុងអគារចេញពុំរួច បានស្រែកសុំជំនួយគួរឱ្យសង្វេក ។
ភ្លៀងធ្លាក់ខ្លាំងបំផុតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូននៅស្រុកហាតយៃ ខេត្តសុងក្លា និងមិនធ្លាប់ធ្លាក់ខ្លាំងបែបនេះមុនពីមក ។ នាយកដ្ឋានធារាសាស្ត្រប្រកាសថា ខ្យល់ព្យុះលាយឡំទឹកភ្លៀងនេះ គឺរយៈពេល៣០០ឆ្នាំ ទើបកើតឡើងម្តង ។ ទឹកជំនន់ប៉ះពាល់ដល់ពលរដ្ឋជាង១២ម៉ឺន៧ពាន់គ្រួសារ គ្មានអាហារ គ្មានទឹក គ្មានអគ្គិសនី ខូចខាតទ្រព្យសម្បត្តិ និងរង់ចាំរដ្ឋាភិបាលបញ្ជូនភ្នាក់ងារមកជួយជម្លៀស ។ ខេត្តភាគខាងត្បូងផ្សេងទៀតក៏លិចធ្ងន់ធ្ងរដែរ ដូចជា ៖ ផាត់តាលុង ណាខនស្រ៊ីថាំម៉ារ៉ាច ប៉ាត់តានី ត្រាំង និងសាទូន កម្ពស់ទឹកកើនឡើងជាង២ម៉ែត្រ ហើយបរិមាណទឹកនៅតែបន្តកើនឡើង ថែមទាំងបាក់ដីនៅតំបន់ភ្នំ ៕










