កាលពីពេលថ្មីៗនេះ(២២ វិច្ឆិកា) Fan Bingbing បានឈ្នះពានតារាសម្ដែងស្រីឆ្នើមបំផុតក្នុងកម្មវិធី Golden Horse Awards សម្រាប់តួនាទីនៅក្នុងខ្សែភាពយន្តម៉ាឡេស៊ី Mother Bhumi ។ នាងមិនបានចូលរួមក្នុងពិធីនៅទីក្រុងតៃប៉ិទេ ហើយជំនួសមកវិញនូវសុន្ទរកថាតាមទូរសព្ទ។
ជ័យលាភីនេះគឺលើកទី២ របស់ Fan Bingbing បន្ទាប់ពីទទួលបានជ័យលាភីជាតួឯកស្រីល្អបំផុតសម្រាប់រឿង «The Matrimony» ក្នុងឆ្នាំ ២០០៧។ នាងត្រូវបានតែងតាំងចុងក្រោយសម្រាប់តារាសម្តែងឆ្នើមក្នុងឆ្នាំ ២០១៦ សម្រាប់រឿង «I Am Not Madame Bovary »។
Fan Bingbing បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិ Golden Horse សម្រាប់កិត្តិយស និងបានសរសើរនាយក Chong Keat Aun ចំពោះការជឿទុកចិត្តដែលមិនផ្លាស់ប្តូររបស់លោក ។ នាងបានបន្ថែមថា ពានរង្វាន់ Golden Horse Awards នៅតែបន្តជំរុញទឹកចិត្តអ្នកផលិតភាពយន្តឱ្យរក្សាភាពស្មោះត្រង់ចំពោះសិប្បកម្មរបស់ពួកគេ ដោយបង្ហាញក្តីសង្ឃឹមថាវិស័យភាពយន្តនឹងបន្តរីកចម្រើន។
ទោះជាយ៉ាងណាក៏ដោយ ពាក្យសម្តីចុងក្រោយរបស់តារាសម្តែងវ័យ៤៤ឆ្នាំរូបនេះបាននិយាយថា «សូមឱ្យអ្នកផលិតភាពយន្តចិនកាន់តែភ្លឺជាងនៅក្នុងពន្លឺ និងស្រមោលនៃរោងកុន» បានធ្វើឱ្យមានភាពចម្រូងចម្រាសដោយមិននឹកស្មានដល់នៅលើអ៊ីនធឺណិត។នៅលើវេទិកា PTT របស់តៃវ៉ាន់ ប្រតិកម្មត្រូវបានបែងចែក។ អ្នកខ្លះយល់ថានាងបានសង្កត់ធ្ងន់ដោយមិនចាំបាច់ត្រូវការ «ផលិតករភាពយន្តចិន»ដោយបកស្រាយថាជាការព្យាយាមស្វែងរកភាពរសើបនយោបាយ។ អ្នកប្រើប្រាស់ម្នាក់បានសរសេរថា «Fan Bingbing ពិតជាដឹងពីអ្វីដែលនាងកំពុងធ្វើ។ Golden Horse Awards ប្រើពាក្យថា “ភាពយន្តជាភាសាចិន” មិនមែន “ភាពយន្តចិន” »។ មតិខ្លះទៀតថា «នាងនិយាយរឿងល្អដើម្បីរក្សាសុវត្ថិភាព បើមិនដូច្នេះទេ នាងនឹងត្រូវបានគេស៊ើបអង្កេតពីបទគេចពន្ធម្ដងទៀត»។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតយល់ថាការលើកឡើងរបស់នាងមិនមានគ្រោះថ្នាក់ និងជាការពិត។ មនុស្សម្នាក់ទៀតបានសរសេរថា «នាងពិតជាជនជាតិចិន ។នាងតំណាងប្រទេសខ្លួនឯង តើមានរឿងអីទៅ?» 
ធ្លាប់ជាតារាដ៏ធំបំផុតរបស់ប្រទេសចិន អាជីពរបស់ Fan Bingbing បានធ្លាក់ចុះបន្ទាប់ពីរឿងអាស្រូវគេចពន្ធរបស់នាងក្នុងឆ្នាំ ២០១៨ ដែលបណ្តាលឱ្យមានការហាមឃាត់មិនឱ្យសម្តែង និងផលិតនៅក្នុងប្រទេសកំណើតរបស់នាង។ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានងាកទៅរកគម្រោងភាពយន្តអន្តរជាតិ។
ការតែងតាំងរបស់នាងសម្រាប់ពានរង្វាន់ Golden Horse Awards បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានមនុស្សជាច្រើនរំពឹងថានាងនឹងរំលងពិធីនេះ ដោយសារការចូលរួមអាចបង្កឱ្យមានភាពចម្រូងចម្រាស ដោយសារតែបំណងប្រាថ្នាជាក់ស្តែងរបស់នាងក្នុងការវិលត្រឡប់មកកាន់ឧស្សាហកម្មភាពយន្តរបស់ប្រទេសចិនវិញ៕










