ប្រទេសថៃ ៖ ស្ថានការណ៍ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លារបស់ថៃពុំទាន់ធូរស្រាលទេ ដោយសារកម្ពស់ទឹកកើនឡើងខ្លាំងមិនឈប់ឈរធ្វើឱ្យពលរដ្ឋថៃជាប់លើដំបូលផ្ទះជាច្រើនថ្ងៃ គ្មានអាហារ គ្មានទឹកផឹក ខណៈខ្លះទៀតជាប់ក្នុងអគារចេញមិនរួច បានត្រឹមតែរង់ចាំការជួយសង្គ្រោះ ។ ទឹកជំនន់បានវាយប្រ.ហារខេត្តសុងក្លាភ្លាមៗបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ជាពិសេស ស្រុកហាតយៃលិចធ្ងន់ធ្ងរ ទឹកហក់ឡើងដល់ដំបូលអគារ រីឯតំបន់ខ្លះលិចដល់អគារជាន់ទី២ ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា មានហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្មជាន់លើមួយកន្លែងនៅស្រុកហាតយៃ ខណៈជាន់ក្រោមកំពុងលិចទឹកជំនន់ ។
.jpg)
នាវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «Fire & Rescue Thailand» បានបង្ហោះរូបភាពភ្លើងឆេះអគារពាណិជ្ជកម្មជាន់លើមួយកន្លែងនៅស្រុកហាតយៃ ខេត្តសុងក្លា ខណៈជាន់ក្រោមកំពុងលិចទឹកជំនន់ និងអំពាវនាវសុំការជួយសង្គ្រោះជាបន្ទាន់ ដែលអគារនេះស្ថិតនៅម្តុំផ្លូវបំបែកជា៤ ។ ជំហ៊ានដំបូង ភ្នាក់ងារពន្លត់ភ្លើងជាច្រើនក្រុមបានជួយពន្លត់ភ្លើង និងជម្លៀសពលរដ្ឋដែលជាប់ក្នុងអគារក្បែរនោះ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៥ ខែវិច្ឆិកា អគារពាណិជ្ជកម្មដែលត្រូវភ្លើងឆេះជាន់លើ និងជាន់ក្រោមកំពុងលិចទឹក គឺស្ថិតនៅទីរួមស្រុកហាតយៃ ដែលជាទីប្រជុំជន និងតំបន់សេដ្ឋកិច្ចដ៏សំខាន់នៅខេត្តសុងក្លា ។ ហេតុការណ៍នេះធ្វើឱ្យអាជ្ញាធរ និងពលរដ្ឋក្បែរនោះភ័យស្លន់ស្លោយ៉ាងខ្លាំង ដោយស្រែកឱ្យភ្នាក់ងារពាក់ព័ន្ធមកជួយសង្គ្រោះជាបន្ទាន់ កុំឱ្យភ្លើងឆេះរាលដាលខ្លាំងជាងនេះ ។

ជាន់ក្រោមនៃអគារពាណិជ្ជកម្មបានលិចទឹកជំនន់ជាច្រើនថ្ងៃហើយ ស្រាប់តែនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ក៏មានភ្លើងឆេះជាន់លើបន្ថែមទៀត ។ ភ្លើងឆេះអគារយ៉ាងឆាប់រហ័សធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងពិបាកជួយអន្តរាគមន៍ ស្របពេលកម្ពស់ទឹកហក់ឡើងខ្លាំង ដែលត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ។ ទោះយ៉ាងណា ភ្នាក់ងារពន្លត់ភ្លើងបានព្យាយាមពន្លត់ភ្លើងយ៉ាងលំបាកដើម្បីគ្រប់គ្រងស្ថានការណ៍ភ្លាមៗ ។
គួរបញ្ជាក់ថា ខេត្តភាគខាងត្បូងជាច្រើនរបស់ថៃបានលិចលង់យ៉ាងខ្លាំងរហូតដល់ដំបូលអគារ ដែលពុំធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រ ដូចជា ៖ ខេត្តសុងក្លា ប៉ាត់តានី សាទូន និងយ៉ាឡា ដោយសារបម្រែបម្រួលអាកាសធាតុបណ្តាលឱ្យភ្លៀងធ្លាក់ជាច្រើនថ្ងៃ និងនៅតែបន្តធ្លាក់ រហូតដល់ឈានទៅប្រកាសអាសន្នកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឱ្យពលរដ្ឋក្នុងខេត្តទាំងនេះជម្លៀសចេញជាបន្ទាន់ ពីព្រោះកម្ពស់ទឹកនឹងកើនឡើងខ្លាំងជាងមុនទ្វេដង ។

គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះធ្វើឱ្យរដ្ឋាភិបាលថៃឈឺក្បាលយ៉ាងខ្លាំង ខណៈមានបញ្ហាប្រឈមជាច្រើនដោះស្រាយមិនចេញ ។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននាំកម្លាំងមកពិនិត្យមើលទឹកជំនន់នៅខេត្តសុងក្លា និងចែកអំណោយឱ្យពលរដ្ឋរងគ្រោះ ប៉ុន្តែពលរដ្ឋខេត្តសុងក្លាសុំឱ្យនាយករដ្ឋមន្ត្រីប្រញាប់ជម្លៀសពួកគេចេញពីតំបន់គ្រោះថ្នាក់ មិនមែនគ្រាន់តែមកសួរសុខទុក្ខ និងថតរូបបង្ហោះទេ ។ ពួកគេបន្ទោសថា រដ្ឋាភិបាលទុកពលរដ្ឋចោលឱ្យប៉ាន់ស្មានស្ថានការណ៍ទឹកជំនន់ដោយខ្លួនឯង ពេលនេះ ពលរដ្ឋកំពុងប្រឈមនឹងកាលៈទេសៈស្លាប់រស់ ប៉ុន្តែបែរជារដ្ឋាភិបាលស្ងៀមស្ងាត់ និងពន្យារពេល ។
ស្ថានការណ៍ទឹកជំនន់ដែលបន្តកើនឡើងមិនឈប់ឈរ និងភាពយឺតយ៉ាវក្នុងការរកដំណោះស្រាយជួយសង្គ្រោះពលរដ្ឋ ក៏ដូចជាវិធានការរំដោះទឹក បានជំរុញឱ្យពលរដ្ឋថៃខកចិត្តនឹងរដ្ឋាភិបាលរបស់ខ្លួនគ្មានបានការ បានត្រឹមតែមកថតរូបសេលហ្វីបង្ហោះក្នុងបណ្តាញសង្គម និងផ្ដល់អំណោយបន្តិចបន្តួច រួចក៏ជិះឧទ្ធម្ភាគចក្រត្រឡប់ទៅទីក្រុងបាងកកវិញ ខណៈពលរដ្ឋទាំងអស់នៅតែរងទុក្ខវេទនាស្ទើរស្លាប់ ៕










