Zhao Lusi កំពុងតែមានសន្ទុះខ្លាំងឡើងវិញបន្ទាប់ពីមានជម្លោះជាមួយនឹងអតីតក្រុមហ៊ុនគ្រប់គ្រងចាស់។ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ថ្មីៗនេះ Zhao Lusi បានដាក់ពាក្យប្តឹងមនុស្ស ១៧ នាក់ ដែលបានវាយប្រហារ និងបង្ខូចកេរ្តិ៍ឈ្មោះនាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះទៅទៀតតាមសេចក្តីរាយការណ៍បានឱ្យដឹងថាការចូលក្រុមហ៊ុនថ្មី Zhao Lusi ត្រូវបានហាមឃាត់មិនឱ្យមានស្នេហា។

ការដាក់ពាក្យប្តឹងនេះកើតឡើងបន្ទាប់ពី Zhao Lusi បានចាកចេញពីក្រុមហ៊ុនគ្រប់គ្រងចាស់របស់នាង Galaxy Cool Entertainment ដោយសារតែជម្លោះ ហើយបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីមួយដែលមានឥទ្ធិពលជាង។ នាងមានភាពក្លាហានក្នុងការប្រើប្រាស់វិធានការការពារផលប្រយោជន៍ បង្ហាញថានាងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនថ្មី។ ហើយសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលនៅពីក្រោយ Zhao Lusi បច្ចុប្បន្នគឺលោក Li Wei ដែលជាស្ថាបនិកដើមរបស់ Galaxy Cool ប៉ុន្តែត្រូវចាកចេញយ៉ាងសោកសៅនៅឆ្នាំ២០២៣។ Li Wei បច្ចុប្បន្នជាប្រធានក្រុមហ៊ុនថ្មីដែល Zhao Lusi បានចុះកិច្ចសន្យាជាមួយ។ ម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុននេះគឺ Hu Jing ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ក្រុមហ៊ុន Alibaba Group ។ .png)
ទោះជាយ៉ាងណាក៏ដោយទំព័រ 163 បង្ហាញឱ្យឃើញថា ជីវិតស្នេហារបស់ Zhao Lusi ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយក្រុមហ៊ុនថ្មី ដោយហាមដាច់ខាតមិនឱ្យមានទំនាក់ទំនងស្នេហាឡើយ។ មូលហេតុគឺដោយសារតែក្រុមហ៊ុនបានរកឃើញថា Zhao Lusi មានភាពស្រដៀងគ្នាជាច្រើនជាមួយ Zheng Shuang អ្នកទាំងពីរគឺជាអ្នកសិល្បៈប្រកបដោយវិជ្ជាជីវៈទោះបីជាធ្លាប់រងរឿងអាស្រូវយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែទទួលបានការអាណិតពីមហាជនវិញយ៉ាងងាយ។ 
ប៉ុន្តែដោយសារស្នេហា Zheng Shuang ជាច្រើនដងចង់ចាកចេញពីអាជីពសិល្បៈទៅមើលថែគូស្នេហ៍ និងធ្វើរឿងល្ងង់ជាច្រើន បាត់បង់ឱកាសល្អៗជាច្រើន។ នៅទីបំផុត ក៏ព្រោះតែស្នេហារូបនាងបានសម្រេចចិត្តខុស ដែលទស្សនិកជនមិនអាចអត់ទោសបាន ហើយត្រូវបានលុបចោលជាផ្លូវការពីអាជីពសិល្បៈ។ មានការភ័យខ្លាចថា Zhao Lusi នឹងដើរតាមគន្លងចាស់របស់អតីតតារាស្រីរូបនេះ ដូច្នេះហើយទើបពួកគេសម្រេចចិត្តការពារហានិភ័យដោយហាម Zhao Lusi មិនឱ្យមានស្នេហា។ ទោះយ៉ាងណា នេះគ្រាន់តែជាព័ត៌មានមួយចំហៀងប៉ុណ្ណោះពុំមានប្រភពផ្លូវការណាមួយបញ្ជាក់នោះទេ៕










