ប្រទេសម៉ាឡេស៊ី ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីគម្រោងហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦តទៅ ស្របពេលប្រទេសនានាលើពិភពលោកបារម្ភពីការលេងបណ្តាញសង្គមមានផលប៉ះពាល់ផ្លូវចិត្ត និងគំរា.មកំហែងយុវជន ។ មុននេះ រដ្ឋាភិបាលអូស្ត្រាលីក៏បានហាមឃាត់យុវជនអាយុក្រោម១៦ឆ្នាំលេងបណ្តាញសង្គមមួយចំនួនដែរ ដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយពេលវេលានៅជាមួយស្មាតហ្វូន និងក្លាយជាយុវជនល្អក្នុងសង្គម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៤ ខែវិច្ឆិកា ។.jpg)
រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងទំនាក់ទំនងម៉ាឡេស៊ី លោក Fahmi Fadzil បាននិយាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថា រដ្ឋាភិបាលម៉ាឡេស៊ីកំពុងសិក្សាពីការកំណត់អាយុយុវជនដែលត្រូវហាមលេងបណ្តាញសង្គម ដូចជា ៖ សិក្សាពីអូស្ត្រាលី និងយកមកអនុវត្តនៅម៉ាឡេស៊ី ដើម្បីការពារយុវជនពីការគំរាមកំហែងតាមអនឡាញ និងការឆបោកប្រាក់ ព្រមទាំងទប់ស្កាត់បទល្មើសបំពានផ្លូ.វភេទ ។ រដ្ឋាភិបាលម៉ាឡេស៊ីសង្ឃឹមថា ក្រុមហ៊ុនបណ្តាញសង្គមនានានឹងអនុវត្តតាម និងពុំអនុញ្ញាតឱ្យយុវជនអាយុក្រោម១៦ឆ្នាំបង្កើតគណនីបណ្តាញសង្គមចាប់ពីឆ្នាំ២០២៦ ។
កន្លងមក ប្រទេសមួយចំនួនចាប់ផ្តើមហាមឃាត់យុវជនលេងបណ្តាញសង្គម ដូចជា ៖ អូស្ត្រាលីនឹងតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមនានាបិទគណនីយុវជនអាយុក្រោម១៦ឆ្នាំ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ខណៈបារាំង អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងក្រិក កំពុងតែសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុអ្នកលេងបណ្តាញសង្គមក្រោយពីការគំរាមកំហែង និងការឆបោកតាមអនឡាញកើនឡើង ។.jpg)
រយៈពេលប៉ុន្មានឆ្នាំនេះ ម៉ាឡេស៊ីបានបង្កើនវិធានការត្រួតពិនិត្យបណ្តាញសង្គមយ៉ាងតឹងរ៉ឹង ក្រោយពីរកឃើញការបង្ហោះមួយចំនួនដែលរដ្ឋាភិបាលម៉ាឡេស៊ីចាត់ទុកជាការគំរាមកំហែង មិនថាការលេងល្បែងអនឡាញ ឬញុះញង់ឱ្យប្រកាន់ជាតិសាសន៍ សាសនា ។ ចាប់ពីខែមករា ឆ្នាំ២០២៥ បណ្តាញសង្គមនៅម៉ាឡេស៊ីដែលមានអ្នកប្រើប្រាស់រហូតដល់ជាង៨លានគណនី គឺត្រូវតែស្នើសុំលិខិតអនុញ្ញាតពិសេសនៅក្រោមច្បាប់ថ្មីដែលម៉ាឡេស៊ីអនុវត្តជាផ្លូវការ ។.jpg)
ចំណែកឥណ្ឌូណេស៊ីជាប្រទេសជិតខាងម៉ាឡេស៊ី ធ្លាប់បានប្រកាសកំណត់អាយុទាបបំផុតរបស់អ្នកលេងបណ្តាញសង្គម ប៉ុន្តែក្រោយមក ក៏ប្តូរទៅជាច្បាប់តឹងរ៉ឹងសម្រាប់ចាប់ថ្នាក់ការបង្ហោះខ្លឹមសារ ឬរូបភាពមានគ្រោះថ្នាក់ជំនួសវិញ ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន ៖ TikTok, Snapchat, Google និង Meta (គឺជាក្រុមហ៊ុនមេរបស់ Facebook, Instagram, WhatsApp) បានប្រឈមនឹងការប្តឹងផ្តល់ពីបទបណ្តាញសង្គមពួកគេធ្វើឱ្យប៉ះពាល់ផ្លូវចិត្តយុវជន និងកុមារ ។

យុវជនប្រើប្រាស់បណ្តាញសង្គម គឺជាបញ្ហាមួយដែលពិភពលោកកំពុងបារម្ភ ដោយសារពួកគេចូលមើលអ្វីមិនសមរម្យ និងឆាប់ចាញ់បោកជនខិលខូច ។ ក្រៅពីនេះ ក៏មានការបារម្ភពីផលប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្តផងដែរ ពីព្រោះការប្រើប្រាស់បណ្តញសង្គមច្រើននឹងធ្វើឱ្យមានអារម្មណ៍តានតឹង, ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ, ទទួលបានព័ត៌មានសុខភាពមិនត្រឹមត្រូវ និងបោះបង់ការហាត់ប្រាណ ឬមិនចូលរួមជាមួយសង្គម ៕










