ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពភូមិភាគទី២ថៃបានបដិសេធព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមថា «កងទ័ពថៃជាន់មីនរងរបួសនៅព្រំដែន» ព្រមទាំងសំណូមពរកុំឱ្យពលរដ្ឋចែកចាយវីដេអូបង្ហាញពីកងទ័ពថៃរងរបួស ពីព្រោះវាជាវីដេអូចាស់តាំងពីការប៉ះទង្គិចគ្នាដោយអាវុ.ធរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែត្រូវបានយកមកបង្ហោះឡើងវិញក្នុងបំណងញុះញង់ឱ្យសង្គមថៃមានកំហឹង ។ បច្ចុប្បន្ន គ្មានកងទ័ពថៃណាម្នាក់រងរបួសទេ ហើយកងទ័ពថៃដែលរងរបួសក្នុងវីដេអូនេះត្រូវបានបញ្ជូនទៅប្រចាំការនៅព្រំដែនហើយ ។

កងទ័ពភូមិភាគទី២ថៃបដិសេធព័ត៌មានក្លែងក្លាយនេះ បន្ទាប់ពីក្រុមជ្រុលនិយមថៃដែលមានបំណងធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅ និងញុះញង់ឱ្យសង្គមថៃផ្ទុះកំហឹងឈានទៅកើតសង្គ្រាមម្តងទៀត បានបង្ហោះវីដេអូចាស់បង្ហាញពីកងទ័ពថៃរងរបួសកាលពីខែកក្កដា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃមួយចំនួនដែលខ្វះការគិតពិចារណាបានជឿជាក់ព័ត៌មានក្លែងក្លាយ និងចែកចាយបន្ត ស្របពេលស្ថានការណ៍នយោបាយនៅថៃកំពុងច្របូកច្របល់ ខណៈក្រុមជ្រុលនិយមថៃបានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិក និងម៉ាឡេស៊ី ដោយចោទប្រកាន់ប្រទេសទាំងពីរជ្រៀតជ្រែកជម្លោះកម្ពុជា-ថៃ ។

វីដេអូបង្ហាញពីកងទ័ពថៃរងរបួសត្រូវបានចែកចាយក្នុងបណ្តាញសង្គមថៃកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ប៉ុន្តែកងទ័ពភូមិភាគទី២ បញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១និង៥៦នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា មកម៉្លេះ គឺមានកងទ័ពថៃចំនួន៣នាក់ រងរបួសក្នុងអំឡុងពេលសង្គ្រាមកម្ពុជា-ថៃ និងត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ Sappasitthiprasong នៅស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី ។ បច្ចុប្បន្ន កងទ័ពថៃដែលរងរបួសបានទទួលការព្យាបាលជាសះស្បើយ និងទៅប្រចាំការនៅតំបន់ព្រំដែន ។

ហេតុនេះ សូមអ្នកលេងបណ្តាញសង្គមកុំចែកចាយវីដេអូចាស់ ដែលអ្នកបង្ហោះមានចេតនាមិនល្អធ្វើឱ្យពលរដ្ឋថៃផ្ទុះកំហឹងជាថ្មីរឿងគ្រាប់មីន ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី២៣ ខែវិច្ឆិកា គឺធម្មតា គ្មានការប៉ះទង្គិចគ្នាទេ ប៉ុន្តែកងទ័ពថៃត្រៀមខ្លួនគ្រប់ពេលវេលា ពុំធ្វេសប្រហែស ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពភូមិភាគទី២ ។

គួរបញ្ជាក់ថា ក្រុមជ្រុលនិយមថៃតែងតែផ្សាយព័ត៌មានបំភ្លៃ ចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងលាបពណ៌កម្ពុជាបង្កើនកម្លាំងទ័ពនៅតំបន់ព្រំដែនឡើងវិញ ក្នុងគោលបំណងធ្វើឱ្យសង្គមថៃផ្ទុះកំហឹងឈានទៅជំរុញឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀត ។ សង្គ្រាមរយៈពេល៥ថ្ងៃកន្លងមកកើតឡើងដោយសារព័ត៌មានញុះញង់ថា កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស ទើបកងទ័ពថៃយកលេសបាញ់ប្រហារមុនមកលើកម្ពុជា ក្រោមហេតុផលការពារអធិបតេយ្យ ។

រហូតមកដល់ពេលនេះ គឺក្រោយពេលកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក៏ក្រុមជ្រុលនិយមថៃនៅតែព្យាយាមផ្សាយព័ត៌មានញុះញង់ ចែកចាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដើម្បីទម្លាក់កំហុសលើកម្ពុជា ខណៈកម្ពុជាប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងគោរពកិច្ចព្រមព្រៀងសន្តិភាព ។ មតិមួយចំនួនថា ក្រុមជ្រុលនិយមថៃមិនត្រឹមតែផ្សាយព័ត៌មានបំប៉ោងស្ថានការណ៍ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានទាញប្រទេសថៃឱ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ចិន ដោយសារធ្វើបាតុកម្មប្រឆាំងអាមេរិក ៕