ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពស់ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ នៅតែកើនឡើងមិនឈប់ឈរធ្វើឱ្យពលរដ្ឋថៃរងទុក្ខវេទនាកាន់តែខ្លាំង ដោយសារទឹកជំនន់ហូរពីតំបន់ព្រៃភ្នំភ្លាមៗបណ្តាលឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ ស្ពាន អគារ និងផ្លូវនានា លិចទឹកយ៉ាងធ្ងន់ធ្ងរឈានទៅប្រកាសអាសន្នកាលពីថ្ងៃទី២២ ខែវិច្ឆិកា ។ នេះជាប្រវត្តិសាស្ត្ររបស់ថៃ ពីព្រោះខេត្តសុងក្លាពុំធ្លាប់លិចទឹកខ្លាំងទេ ដែលស្ថានការណ៍នេះធ្វើឱ្យនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ជិះយន្តហោះមកពិនិត្យមើលទឹកជំនន់នៅខេត្តសុងក្លាជាបន្ទាន់ ស្របពេលខេត្តផ្សេងៗកំពុងលិចខ្លាំងដូចត្រូវបណ្តាសា ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ខេត្តសុងក្លាទាំងមូលនៅតែលិចទឹកយ៉ាងខ្លាំង អាជ្ញាធរខេត្តបានប្រកាសអាសន្នពីទឹកជំនន់វាយប្រហារស្រុកចំនួន១០ ក្នុងនោះស្រុកហាតយៃលិចទឹកខ្លាំងជាងគេបណ្តាលឱ្យពលរដ្ឋរងទុក្ខវេទនាដង្ហើយរកជំនួយក្រោយពីកម្ពស់ទឹកជំនន់កើនឡើងមិនឈប់ឈរ ។ កម្ពស់ទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័សដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ទើបទីប្រជុំជន តំបន់សេដ្ឋកិច្ច និងផ្លូវសំខាន់ៗនៅស្រុកនេះក្លាយជាបឹងល្ហល្ហេវ ខណៈពលរដ្ឋជម្លៀសទៅកាន់ទីខ្ពស់ទាំងអារម្មណ៍ភ័យខ្លាចគ្រប់ពេលវេលា ។

អាជ្ញាធរខេត្តប្រកាសអាសន្នពីគ្រោះថ្នាក់ ចំនួន១០ស្រុក រួមមាន ៖ ស្រុកហាតយៃ, ស្រុកមឿងសុងក្លា, ស្រុកបាងក្លាំ, ស្រុកខួននៀង, ស្រុកឃ្លងហយខូង, ស្រុកណាម៉ម, ស្រុករ៉ាត់ភូមិ, ស្រុកជាណាក់, ស្រុករ៉ាកណូត និងស្រុកសីងហាណាខន ។ ស្រុកហាតយៃបានលិចទឹកយ៉ាងធ្ងន់ធ្ងរបំផុតក្រោយពីទឹកហូរយ៉ាងឆាប់រហ័សបណ្តាលឱ្យលំនៅឋានជាច្រើនខ្នងលិចដល់ដំបូល, រថយន្ត និងហាងលក់ទំនិញផ្សេងៗខូចខាត, ផ្លូវជាច្រើនត្រូវបានទឹកហូរផ្តាច់, អាកាសយានដ្ឋានហាតយៃត្រូវបង្កើនការប្រុងប្រយ័ត្ន, សាលារៀន និងមន្ទីរពេទ្យជាច្រើនផ្លាស់ប្តូរម៉ោងពេល ខណៈភ្នាក់ងារសង្គ្រោះ និងកងទ័ពបង្កើនការជម្លៀសពលរដ្ឋគេចពីទឹកជំនន់ទាំងយប់ ។

ពលរដ្ឋជាច្រើនគ្រួសារនៅស្រុកហាតយៃ ខេត្តសុងក្លា ស្រែករកជំនួយពីអាជ្ញាធរ និងរដ្ឋាភិបាល ពីព្រោះពួកគេមិនត្រឹមតែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែទឹកជំនន់ធ្វើឱ្យពិបាករស់នៅ មិនថាការចម្អិនម្ហូបអាហារ ការធ្វើដំណើរ គ្មានទឹកផឹក និងខ្វះថ្នាំសង្កូវ ។ រីឯភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរកាន់តែធ្វើឱ្យកម្ពស់ទឹកកើនឡើងថែមទៀត ដែលស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋថៃបារម្ភខ្លាំង ហើយមិនសង្ឃឹមទឹកជំនន់នឹងស្រកឆាប់ៗទេ ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin ក៏បានទម្លាក់ការងារផ្សេងៗចោល និងជិះយន្តហោះមកពិនិត្យមើលស្ថានការណ៍ទឹកនៅខេត្តសុងក្លាជាបន្ទាន់ ហើយលោកក៏បានចែកស្បៀង និងថវិកាមួយចំនួនឱ្យពលរដ្ឋរងគ្រោះ ។ លោកសង្ឃឹមថា ស្ថានការណ៍ទឹកជំនន់នឹងធូរស្រាលវិញចាប់ពី៣ថ្ងៃ ទៅ៤ថ្ងៃទៀត ពេលនេះ ទឹកជំនន់បានវាយប្រហារស្ទើរគ្រប់ខេត្តរបស់ថៃ ដែលតម្រូវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងចំពោះសុខទុក្ខពលរដ្ឋ ។

ដោយឡែក ខេត្តថៃភាគខាងត្បូងមួយទៀត គឺខេត្តប៉ាត់តានី ក៏បានជន់លិចធ្ងន់ធ្ងរផងដែរនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលធ្វើឱ្យពលរដ្ឋពិបាកយ៉ាងខ្លាំង ។ តំបន់សេដ្ឋកិច្ចសំខាន់ៗ ផ្លូវ អគារនានាក្នុងខេត្តនេះហាក់ដូចជាស្ថិតនៅលើកោះ, រថយន្តតូចៗមិនអាចបើកបរនៅតាមផ្លូវ ខណៈហាងលក់ទំនិញត្រូវបិទទ្វារដោយសារទឹកហូរខ្លាំង ហាងខ្លះដឹកជញ្ជូនអីវ៉ាន់ចេញមិនទាន់ ។
អាជ្ញាធរខេត្តបានតាមដានស្ថានការណ៍យ៉ាងដិតដល់ និងប្រាប់ឱ្យពលរដ្ឋចៀសវាងធ្វើដំណើរនៅតំបន់ទឹកលិចជ្រៅ និងប្រមូលរបស់របរទៅកាន់ទីទួលខ្ពស់ ពីព្រោះកម្ពស់ទឹកនឹងកើនឡើងខ្ពស់បន្ថែមទៀតដោយសារទឹកហូរមកពីស្រុកជាច្រើននៅខេត្តយ៉ាឡា ឆ្ពោះមកខេត្តប៉ាត់តានី ៕









