បន្ទាប់ពីមានរឿងរកាំរកូសមើលមុខគ្នាមិនចំពេលនេះបវរកញ្ញា ប៊ី សុធារី និងលោកស្រី អ៊ឹម សុគន្ធា បានវិលមកផ្សះផ្សាអត់ឱនឱ្យគ្នាវិញហើយ។ ប៊ី សុធារី បានទទួលស្គាល់ថាខ្លួនខុសនិងសុំការអភ័យទោសពីលោកស្រី អ៊ឹម សុគន្ធា ផងដែរ។
គេចាំបានថាកាលពីខែមីនា ឆ្នាំ២០២៥ អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកស្រី អ៊ឹម សុគន្ធា បង្ហោះសារក្តៅគគុកមួយ ជាមនុស្សថ្លើមធំ ជាក្មេងឈ្លើយ អាត្មានិយម ទៅប្រកួតរំលងខ្លួន។ ភ្លាមៗរឿងនេះត្រូវបានមនុស្សជាច្រើនចង្អុលទៅកាន់ ប៊ី សុធារី និង ផន ស្រីពី ប៉ុន្តែក្រោយមកទស្សនិកជនបានដឹងថាលោកស្រីអ៊ឹម សុគន្ធា ចង់សម្តៅទៅកាន់ ប៊ី សុធារី ដែលទៅចូលរួមប្រកួតកម្មវិធី Miss Cosmo Cambodia ដោយមិនបានឆ្លងកាត់លោកស្រីអ៊ឹម សុគន្ធា។ 
ទោះយ៉ាងណា ក្រោយភ្លៀងមេឃក៏ស្រឡះ ខណៈដែល ប៊ី សុធារី និងលោកស្រី អ៊ឹម សុគន្ធា បានវិលមកជានាគ្នានិងមានទំនាក់ទំនងល្អដូចកាលពីមុន។ បន្ទាប់ពីរយៈពេល៨ខែនៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ប៊ី សុធារី បានបង្ហោះវីដេអូមួយដោយនាងសំពះសូមទោសទៅកាន់លោកស្រី អ៊ឹម សុគន្ធា ក្នុងរឿងរ៉ាវកន្លងមកដែលមានការយល់ច្រឡំហើយខ្លះក៏ជាកំហុសរបស់នាង។ ប៊ី សុធារី បានបញ្ជាក់ថាមិនមែនដើម្បីធ្វើទីផ្សារដោយសារតែពីមុនមានបញ្ហានឹងគ្នាជាសាធារណៈទើបនាងបង្ហាញឱ្យសាធារណជនបានដឹងខណៈនាងនិងលោក អ៊ឹម សុគន្ធា ប្រៀបដូចជាគ្រួសារកាត់មិនដាច់ទោះបីមិនជាប់សាច់ឈាមគ្នាប៉ុន្តែបានឆ្លងកាត់រឿងជាមួយគ្នាច្រើន។
.png)
Runer Up Miss Cosmo Cambodia 2025 បាននិយាយទៀតថាលោកស្រី អ៊ឹម សុគន្ធា ជាមនុស្សដែលនាងគួរមកសូមទោសព្រោះជាមនុស្សដែលនាងគោរពស្រលាញ់ហើយនាងក៏សប្បាយចិត្តដូចគ្នា ព្រោះជារឿងដែលដក់ក្នុងចិត្តនាងពីមនុស្សដែលល្អជាមួយគ្នាស្រាប់តែអត់និយាយរកគ្នា។

ចំណែកឯ លោកស្រី អ៊ឹម សុគន្ធា បាននិយាយដែរថាខ្លួនបានយល់ពីគ្រួសាររបស់ ប៊ី សុធារី ការតស៊ូរបស់នាងទើបលោកស្រីអធ្យាស្រ័យឱ្យនាង ចង់ឱ្យនាងល្អ ទោះបីជាអ្នកណាគិតមកលើខ្លួនយ៉ាងមិចក៏ដោយ ប៉ុន្តែមនុស្សដែលលោកស្រីស្រលាញ់គឺមិនចង់ឱ្យធ្លាក់ទឹកនោះទេ។ ជាមួយនឹងចម្លើយស្មោះត្រង់អតីតអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញារូបនេះបានបង្ហាញថាដំបូងខ្លួនមិនជួប ប៊ី សុធារី នោះទេព្រោះស្រលាញ់ខ្លាំងឈឺចិត្តក៏ខ្លាំង ប៉ុន្តែដោយសារតែស្វាមីរបស់ខ្លួនទើបធ្វើឱ្យអ្នកទាំងពីរវិលមកជួបគ្នាបាន។
.png)
ក្រោយពី ប៊ី សុធារី និង លោកស្រី អ៊ឹម សុគន្ធា បង្ហាញពីការផ្សះផ្សាគ្នាជុំវិញជម្លោះកន្លងមកបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញការសប្បាយចិត្តអបអរសាទរចំពោះអ្នកទាំងពីរផងដែរ៕










